ភ្នំពេញ៖ បច្ចុប្បន្នប្រទេសកម្ពុជា ស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ផ្សេងមួយទៀត ស្របពេលកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពក្នុងការកាត់បន្ថយភាពក្រីក្រឲ្យគួរកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ លោកស្រី រ៉ូណាល់ ស្មីត អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ និយាយបែបនេះ នៅក្នុងសន្និសីទកាសែត នាថ្ងៃបញ្ចប់ទស្សនកិច្ចកម្ពុជា នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា។
ខណៈដែលកម្ពុជា មានចក្ខុវិស័យប្រែក្លាយទៅជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០នោះ រដ្ឋាភិបាលកម្ពុជា ត្រូវផ្ដោតលើការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស គឺជាសមាសធាតុដ៏សំខាន់សម្រាប់យុទ្ធសាស្ត្រ និងផែនការទាំងអស់នេះ។ នេះជាការលើកឡើងរបស់លោកស្រី រ៉ូណាល់ ស្មីត។
ដើម្បីសម្រេចគោលដៅនេះ លោកស្រី ស្មីត បានជំរុញឲ្យរដ្ឋាភិបាលរៀបចំអភិបាលកិច្ចល្អ និងតម្រូវឲ្យមាននូវស្ថាប័នរឹងមាំ ហើយបើកទូលាយ ស្របតាមដំណើរការនៃគោលការណ៍សិទ្ធិមនុស្ស ដែលរួមមាន សិទ្ធិទទួលបានព័ត៌មាន , ការទទួលបានយុត្តិធម៌ដោយមានការគាំទ្រពីសេរីភាពសារព័ត៌មាន និងសង្គមស៊ីវិល ដែលធ្វើការងារយ៉ាងរស់រវើក ប្រកបដោយសេរីភាព និងនវានុវត្តន៍ ហើយតម្លាភាព។ ជាពិសេសការផ្ដល់ឲ្យពលរដ្ឋចូលរួមជាសាធារណៈ ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងគណនេយ្យភាពរបស់មន្ត្រីសាធារណៈ និងមន្ត្រីរាជការ។
បើតាមលោកស្រី រ៉ូណាល់ ស្មីត បច្ចុប្បន្នប្រទេសកម្ពុជា ស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ផ្សេងមួយទៀត ស្របពេលកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពក្នុងការកាត់បន្ថយភាពក្រីក្រឲ្យគួរកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ «ដើម្បីជួយបង្ហាញផ្លូវឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យនេះ រដ្ឋាភិបាលបានអនុម័តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី IV និងកំពុងរៀបចំបញ្ចប់នូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងផែនការមូលដ្ឋានរូបនីយកម្ម សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ខ្ញុំសូមលើកទឹកចិត្តដល់រដ្ឋាភិបាលឲ្យបញ្ចប់យ៉ាងឆាប់រហ័ស និងធ្វើការផ្សព្វផ្សាយផែនការមូលដ្ឋានរូបនីយកម្ម»។ នេះជាការលើកឡើងរបស់អ្នករាយការណ៍ពិសេសរូបនេះ។
សម្រាប់លោកស្រី រ៉ូណាល់ ស្មីត គោលការណ៍សិទ្ធិមនុស្ស ដែលរួមមានសមភាព ដោយគ្មានការរើសអើង ហើយមានត្រូវគណនេយ្យភាព ក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនេះ វាគឺជាកត្តាសំខាន់សម្រាប់ អនុវត្ត និងវាយតម្លៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ស្របតាមក្របខណ្ឌគោលដៅអភិវឌ្ឍទី១៦ ដែលផ្ដោតលើបរិយាប័ន្ន តម្លាភាព និងយុត្តិធម៌ គឺជាយានសម្រាប់គោលដៅនេះ។
អ្នករាយការណ៍ពិសេសរូបនេះ បាននិយាយដូច្នេះថា៖«ដើម្បីកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ការសិក្សានានា បង្ហាញថា កំណើនសេដ្ឋកិច្ចត្រូវមានបរិយាប័ន្ន និងសមធម៌ច្រើនថែមទៀត ដើម្បីជាប្រយោជន៍នៃការអភិវឌ្ឍប្រកបដោយចីរភាព។ ការណ៍នេះមានន័យថា មិនមានមនុស្សណាម្នាក់ត្រូវបានគេទុកចោលឡើយ ដោយក្នុងនោះរួមទាំង ស្ត្រី អ្នកក្រីក្រ អ្នកដែលស្ថិតជិតបន្ទាត់ក្រីក្រ អ្នកដែលមិនមានភាពជាតំណាង និងអ្នកមិនត្រូវបានយកចិត្តទុកដាក់ក្នុងសង្គម និងអ្នកទាំងឡាយដែលរស់នៅក្នុងស្ថានភាពងាយរងគ្រោះ»។
ដ្បិតលោកស្រី រ៉ូណាល់ ស្មីត វិភាគចំណុចដៅ និងសូចនាករ ដែលមាននៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជាក្តី ប៉ុន្តែលោកស្រី មិនភ្លេចរំឭកពីបញ្ហាសិទ្ធិដីធ្លី ឯករាជ្យភាពរបស់ប្រព័ន្ធតុលាការ និងការទទួលបានយុត្តិធម៌ ប្រព័ន្ធពន្ធនាគារ សិទ្ធិនយោបាយ ការទទួលបានសេវាដោយគ្មានរើសអើងនានា ទៅកាន់មន្ត្រីរដ្ឋាភិបាល ក្នុងរយៈពេលទស្សនកិច្ចកម្ពុជា ១១ថ្ងៃឡើយ។
ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី ស្មីត បានជួបជាមួយសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ , លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ , លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ , លោក អង្គ វង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ,លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ,លោក វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ,លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ,លោកស្រី អៀត សុភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ,លោក ប៉ូច ប៊ុនណាក់ រដ្ឋលេខាធិការក្រសួងផែនការ ,លោកស្រី ហង្ស លីណា អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ និងលោក រិទ្ធ វុទ្ធី អគ្គលេខាធិការរង នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមទាំងតំណាងសង្គមស៊ីវិល និងគណបក្សនយោបាយ។
ចំពោះដំណើរទស្សនកិច្ចនេះ អ្នករាយការណ៍ពិសេសរូបនេះ ផ្ដោតលើកិច្ចការមូលដ្ឋានរូបនីយកម្ម នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងយុទ្ធសាស្ត្រពាក់ព័ន្ធនានា ជាពិសេសគោលដៅអភិវឌ្ឍន៍ទី១៦ ស្តីពី«សន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ»៕