កីឡាជាតិ
ជាតិ
AFF Suzuki Cup៖ កម្ពុជា ចាញ់ ម៉ាឡេស៊ី ១-០ នា​ការប្រកួត​បើកឆាក​
08, Nov 2018 , 8:23 pm        
រូបភាព
​ចាន់ វឌ្ឍនាកា ត្រូវបាន​រារាំង​ដោយ​ខ្សែការពារ​ម៉ាឡេស៊ី  Mohamad Aidil Zafuan Adb Radzak​។ រូបថត AFP
​ចាន់ វឌ្ឍនាកា ត្រូវបាន​រារាំង​ដោយ​ខ្សែការពារ​ម៉ាឡេស៊ី Mohamad Aidil Zafuan Adb Radzak​។ រូបថត AFP
ដោយ: ថ្មីៗ
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ចាញ់​ម៉ាឡេស៊ី ១-០ នា​ការប្រកួត​បើកឆាក​ពូ​ល A នៃ​ព្រឹត្តិការណ៍ AFF Suzuki Cup នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែវិច្ឆិកា នេះ​។​



Nohrshahrul Idlan Talaha បានតែ​តបាល់​បញ្ចូល​ទី​នៅ​នាទី​៣០ ដើម្បី​នាំមុខ​កម្ពុជា ១-០ នៅ​តង់​ទីមួយ​។ គ្រាប់​បាល់​នេះ កើតឡើង​ក្រោយ​ការបញ្ជូន​យ៉ាង​ល្អ​របស់ Zaquan Adha Radzak និង​រយៈពេល​៥​នាទី​បន្ទាប់ពី Safawi Rasid បាន​ទាត់​បាល់​បះ​នឹងរ​បាទី​។​

​បន្ទាប់ពី​ភ្ញៀវ​នាំមុខ ក្រុម​កីឡាករ​កម្ពុជា​ប្រឹង​វាយបក​វាយ​យ៉ាង ប៉ុន្តែ​ឱកាស​របស់ ប្រាក់ ធី​វ៉ា​, រ៉ឹង ប៊ុន​ហៀ​ង និង​ចាន់ វឌ្ឍនាកា ត្រូវបាន​រារាំង​ដោយ​ខ្សែការពារ និង​អ្នកចាំទី Khairul Fahmi Che Mat របស់​ម៉ាឡេស៊ី​។​

៤​នាទី​ដំបូង​នៅ​តង់​ទី​ពីរ ប្រាក់ ធី​វ៉ា បាន​បណ្តើរ​បាល់​ចូល​តំបន់​គ្រោះថ្នាក់ ហើយ​បញ្ជូនទៅ​ឲ្យ រ៉ឹង ប៊ុន​ហៀ​ង ប៉ុន្តែ ប៊ុន​ហៀ​ង បាន​ស៊ុត​ខុស​គោលដៅ​។ អ្នកចាំទី អ៊ុំ វិចិត្រ បាន​សង្គ្រោះ​បាល់​ជា​បន្តបន្ទាប់​ដែល​វាយ​សម្រុក​ដោយ​ខ្សែប្រយុទ្ធ​ម៉ាឡេស៊ី ជាពិសេស​ឱកាស​របស់ Mohamadou Sumareh នៅ​នាទី​៨០​។​

​នៅ​នាទី​៨២ Aidil Zafuan ឡើងទៅ​ទាន់ពេលវេលា​ដើម្បី​រារាំង​បាល់ ដែល គួច សុគ​ម្ភៈ ព្យាយាម បញ្ជូនទៅ​ឲ្យ ប៊ុន​ហៀ​ង​។ ៥​នាទី​ក្រោយមក កីឡាករ​កម្ពុជា​ទាមទារ​បាល់​ប៉េ​ណា​ល់​ទី ដោយសារ​ពួកគេ​មើលឃើញថា ខ្សែការពារ Shahrul Saad  ធ្វើ​ឲ្យ ប៊ុន​ហៀ​ង ដួល​ក្នុង​តំបន់​គ្រោះថ្នាក់​។​ នៅក្នុងនាទីបន្ថែម Mohamadou Sumareh បានទាត់បាល់ទៅប៉ះនឹង​របាទី។

បញ្ចប់ការប្រកួត ម៉ាឡេស៊ី បាន​បីពិន្ទុពីទឹកដី​កម្ពុជា ជាមួយ​នឹងលទ្ធផល ១-០។

​សម្រាប់​ការប្រកួត​បន្ទាប់ ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ត្រូវធ្វើ​ដំណើរ​ទៅកាន់​កីឡដ្ឋាន Mandalar Thiri Stadium ក្រុង Mandalay ដើម្បី​ជួប​ជាមួយ​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា នា​ថ្ងៃទី​១២ ខែវិច្ឆិកា​។​

​ជម្រើស​របស់​កម្ពុជា​៖ អ៊ុំ វិចិត្រ (​អ្នកចាំទី​), ឆេង ម៉េង (​សាត រ៉​ស៊ី​ប ៧៣), សឿ​យ វិសាល (​ប្រធាន​ក្រុម​), ហុង ផេង​, សារ៉េត គ្រី​យ៉ា​, ប្រាក់ ធី​វ៉ា​, គួច សុគ​ម្ភៈ​, សុះ ស៊ូ​ហា​ណា (​គួច ដា​នី ៧៥), ចាន់ វឌ្ឍនាកា​, កែវ សុខ​ផេង (​ប៊ិន ចន្ថា​ធា​រី ៤៦), រ៉ឹង ប៊ុន​ហៀ​ង​។​

​ជម្រើស​របស់​ម៉ាឡេស៊ី​៖ Shahrul Saad, Syahmi Safari, Syazwan Zainon, Aidil Zafuan, Zaquan Adha Radzak (Ahmad Hazwan Bakri ៧១), Norshahrul Idlan (Shahrel Fikri ៦២), Safawi Rasid, Akram Mahinan (Irfan Zakaria ៨៥), Mohamadou Sumareh, Syamer Kutty Abba, Khairul Fahmi Che Mat៕





Tag:
 AFF Suzuki Cup
© រក្សាសិទ្ធិដោយ thmeythmey.com