ជាតិ
លោក ប្រាក់ សុខុន៖ យើងសង្ឃឹមសាជាថ្មីថា អាមេរិក នឹងជួយប្រជាជនកម្ពុជា ក្នុងការបោះជំហានទៅមុខទៀត រូបពីហ្វេសប៊ុកលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស
× ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សង្ឃឹមថា អាមេរិក នឹងជួយប្រជាជនកម្ពុជា ក្នុងការបោះជំហានទៅមុខទៀត ដោយគោរពចំពោះស្មារតីនៃឯករាជ្យ និងអធិបតេយ្យភាពកម្ពុជា។ លោក ប្រាក់ សុខុន លើកឡើងបែបនេះ នៅក្នុងលិខិតឆ្លើយតបទៅលោក ម៉ៃឃើល ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដែលផ្ញើមកអបអរសាទរខួបអនុស្សាវរីយ៍ទី៦៥ នៃទិវាឯករាជ្យជាតិកម្ពុជា។
«ខ្ញុំពិតជាមានអារម្មណ៍រំភើបរីករាយចំពោះសារលិខិតដ៏កក់ក្តៅជាមិត្តភាពរបស់ ឯកឧត្តម ម៉ៃឃើល ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ផ្ញើជូនប្រជាជនកម្ពុជា ក្នុងឱកាសនៃការប្រារព្ធខួបអនុស្សាវរីយ៍ទី៦៥ នៃទិវាឯករាជ្យជាតិរបស់ប្រទេសកម្ពុជា។ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាល ដែលខ្ញុំបានបម្រើប្រកបដោយមោទនភាពនោះ ខ្ញុំសូមសម្ដែងនូវអំណរគុណដ៏ស្មោះស្ម័គ្រចំពោះឯកឧត្តម ដែលបានផ្ញើសារជូនពរសព្វសាធុការនេះ»។ នេះជាការលើកឡើងរបស់លោក ប្រាក់ សុខុន។
អមជាមួយគ្នានេះលោក ប្រាក់ សុខុន បាននិយាយប្រាប់លោក ប៉ុមប៉េអូ វិញថា ប្រជាជាតិកម្ពុជា ក៏មានមោទនភាពនឹងជ្រោងទង់ឯករាជ្យរបស់ខ្លួន ដូចប្រជាជាតិអាមេរិកដ៏មហិមាផងដែរ ស្របពេលប្រទេសជាច្រើនក្នុងពិភពលោក ប្រារព្ធទិវាឯករាជ្យជាតិប្រចាំឆ្នាំ ដែលសម្ដែងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅយ៉ាងពិតប្រាកដរបស់ប្រជាជន ចំពោះសេរីភាព និងអធិបតេយ្យភាពរបស់ពួកគេ។
លិខិតរបស់លោក ប្រាក់ សុខុន តបលោក ប៉ុមប៉េអូ បាននិយាយថា ៖«សារលិខិតរបស់ ឯកឧត្តម ប៉ុមប៉េអូ ផ្តល់ឲ្យយើងទាំងអស់គ្នានូវក្តីសង្ឃឹមសាជាថ្មីថា សហរដ្ឋអាមេរិក នឹងជួយប្រជាជនកម្ពុជាក្នុងការបោះជំហានទៅមុខទៀត ដោយគិតគូរទៅដល់ និងគោរពចំពោះស្មារតីនៃឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជា»។
បើតាមលោក ប្រាក់ សុខុន ប្រជាជនកម្ពុជា មានបំណងប្រាថ្នានឹងផ្តល់អាទិភាពខ្ពស់បំផុត ក្នុងការពង្រឹងបន្តិចម្តងៗ នូវមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន សំដៅធានាឲ្យបាននូវសង្គមមួយ ដែលមានសន្តិភាព ស្ថិរភាព វិបុលភាព ពហុភាគី និងយុត្តិធម៌ ក្នុងពេលជាច្រើនឆ្នាំទៀតនាថ្ងៃអនាគត ៕
Tag:
ប្រាក់ សុខុន
ឯករាជ្យជាតិ
៩ វិច្ឆិកា
© រក្សាសិទ្ធិដោយ thmeythmey.com