ផ្លែស្រកានាគ គឺជាផ្លែឈើត្រូពិចមួយប្រភេទដែលមានផ្ទុកសម្បូរទៅដោយវីតាមីន, ជាតិរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនប្រភេទ។ ភាគច្រើននៃពួកយើងទទួលទានផ្លែឈើនេះ ដោយមិនបានចាប់អារម្មណ៍ទេថា វាអាចផ្ដល់អត្ថប្រយោជន៍ដល់សុខភាព ក៏ដូចជាទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺបាន។ ហើយចំពោះអ្នកដែលមិនចូលចិត្តទទួលទានក៏ប្រហែលជានឹងប្ដូរចិត្តជាចង់ទទួលទានផ្លែស្រកានាគវិញជាមិនខាន បន្ទាប់ពីអានអត្ថបទនេះរួច។
ថ្ងៃនេះយើង នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍ល្អៗនៃផ្លែស្រកានាគចំពោះសុខភាពរាងកាយ ៖
១. ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ
ផ្លែស្រកានាគ គឺអាហារដ៏ល្អប្រសើរបំផុតសម្រាប់ប្រព័ន្ធរំលាយអាហារ និងពោះរៀន។ វាកាត់បន្ថយបញ្ហាទល់លាមក និងបង្កើនការរំលាយអាហារ។ ផ្លែស្រកានាគមានផ្ទុកជាតិសសៃដែលរក្សាសុខភាពពោះវៀន និងធ្វើឲ្យវាដំណើរការកាន់តែប្រសើរសកម្មឡើង។
២. ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម
ផ្លែស្រកានាគ គឺជាជម្រើសល្អមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដោយវាមានផ្ទុកបរិមាណនៃជាតិសសៃខ្ពស់ដែលជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ សន្ទស្សន៍គ្លីសេមិចទាប គឺជាចំណុចដ៏អស្ចា្យមួយទៀតនៃផ្លែស្រកានាគដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែម។
៣. ល្អសម្រាប់សុខភាពបេះដូង
ផ្លែស្រកានាគ គឺមានផ្ទុកសារធាតុ flavonoid ដែលល្អសម្រាប់សុខភាពបេះដូង។ សារធាតុ flavonoid មានប្រសិទ្ធិភាពក្នុងការកាត់បន្ថយជំងឺបេះដូង។ លើសពីនេះទៅទៀត ផ្លែស្រកានាគ
រំញោចចរន្តឈាមរត់ ដើម្បីជួយបើកនូវរាល់សសៃប្រសាទដែលស្ទះ ក៏ដូចជាសន្ទះបេះដូងផងដែរ។
៤. គ្រប់គ្រងកម្រិតកូឡេស្តេរ៉ូល
ផ្លែស្រកានាគ គឺមានផ្ទុកនូវសារធាតុពិសេសមួយហៅថា Betalains ដែលផ្ដល់ពណ៌ឲ្យផ្លែឈើនេះ។ សារធាតុ Betalains គឺទទួលខុសត្រូវគ្រប់គ្រងលើកម្រិតកូឡេស្តេរ៉ូលក្នុងរាងកាយ ដោយកាត់បន្ថយកូឡេស្តេរ៉ូលមិនល្អ ហើយបង្កើនកម្រិតកូឡេស្តេរ៉ូលល្អ។
៥. ទប់ស្កាត់ជំងឺមហារីក
ផ្លែស្រកានាគ មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដូចជា phenols, flavonoids និងសមាសធាតុពិសេសៗដែលជាសារធាតុប្រឆាំងជំងឺមហារីក និងទប់ស្កាត់មិនឲ្យជំងឺសាហាវនេះកើតឡើង។
៦. កាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល
ផ្លែស្រកានាគ គឺជាប្រភពដ៏ល្អនៃវីតាមីន C ដែលចាំបាច់សម្រាប់សុខភាពរាងកាយ។ ហើយបរិមាណខ្ពស់នៃវីតាមីន C អាចកាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល និងជំងឺខ្សោយបេះដូង។
៧. ពង្រឹងប្រព័ន្ធភាពស៊ាំ
វីតាមីន C ដែលមាននៅក្នុងផ្លែស្រកានាគ រួមជាមួយសារធាតុប្រឆាំងអុកស៊ីតកម្ម គឺមានឥទ្ធិពលក្នុងការពង្រឹង និងរំញោចប្រព័ន្ធភាពស៊ាំឲ្យមានលក្ខណៈកាន់តែប្រសើរឡើង។ ប្រព័ន្ធភាពស៊ាំរឹងមាំនឹងការពាររាងកាយឲ្យជៀសផុតពីជំងឺផ្សេងៗ រួមទាំងរោគឆ្លងផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh