ប្លែកៗ
អន្តរជាតិ
បុរស​ហូ​ឡង់​អាយុ​៦៩​ឆ្នាំ តវ៉ា​ផ្លូវច្បាប់​ដើម្បី​បញ្ចុះ​អាយុ​២០​ឆ្នាំ ព្រោះ​គាត់​ថា​ខ្លួន​នៅ​ក្មេង​
09, Nov 2018 , 7:39 pm        
រូបភាព
ដោយ: ធីតា
​នៅសល់តែ​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ បុរស​ហូ​ឡង់​ដែលមាន​រូបរាង​សង្ហា​ម្នាក់ ត្រូវ​ប្រារព្ធ​ខួប​ឈានចូល​អាយុ​៧០​ឆ្នាំ​របស់ខ្លួន​។ ប៉ុន្តែ​គាត់​ហាក់ដូចជា​ខ្មាស់អៀន​យ៉ាងខ្លាំង​ពីព្រោះ​គាត់​មើលឃើញថា ខ្លួន​ហាក់ដូចជា​នៅ​ក្មេង នៅមាន​កម្លាំង​ធ្វើការ និង​មាន​ស្នេហា ដូច្នេះ​គាត់​ស្នើ​តាមផ្លូវ​ច្បាប់​ទៅ​តុលាការ ដើម្បី​កាត់បន្ថយ​អាយុ​២០​ឆ្នាំ​។​

 
​ជា​រឿង​ដែល​មិន​ធ្លាប់មាន​ទាល់តែសោះ​នៅ​ហូ​ឡង់ លោក Emile Ratelband បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ដើម្បី​ឲ្យ​បញ្ចុះ​អាយុ​របស់ខ្លួន​ចំនួន​២​ទសវត្សរ៍ ដោយ​ដាក់​ថ្ងៃកំណើត​ថ្មី គឺ​ថ្ងៃទី​១១ ខែ​មិនា ឆ្នាំ​១៩៦៩ ។​
 
«​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្លួន​ក្មេង​ជាង​អាយុ ខ្ញុំ​ចង់​នៅ​ក្មេង​ណាស់ ពីព្រោះ​ខ្ញុំ​អាច​រើស​នារី​ដែល​ខ្ញុំ​ស្រឡាញ់ ប៉ុន្តែ​មិនអាច​នោះឡើយ បន្ទាប់ពី​ខ្ញុំ​ប្រាប់​ពួកគេ​ថា ខ្ញុំ​អាយុ​៦៩​ឆ្នាំ​»​។ លោក Ratelband បាន​ថ្លែង​យ៉ាង​ដូច្នេះ ក្នុង​បទ​សម្ភាស​មួយ​ជាមួយ AFP​។​
 
​គ្រូបង្រៀន​ផ្នែក​អប់រំ​ជីវិត ជាពិសេស​លើ​ជំនាញ​អភិវឌ្ឍន៍​ខ្លួនឯង​រូបនេះ បាន​អះអាងថា លោក​ពិតជា​រង​ការរើសអើង​ដោយសារតែ​អាយុ​ដ៏​ចំណាស់​របស់ខ្លួន​។ គាត់​មិន​ចង់​រង់​នៅ​ជា​និវត្តន៍​ជន​នោះឡើយ ដូច្នេះ​លោក​បាន​ស្នើសុំ​ភាពស្របច្បាប់​ចំពោះ​ការបន្ថយ​អាយុ​របស់ខ្លួន​ចំនួន​២០​ឆ្នាំ​។​
 
«​បច្ចុប្បន្ន យើង​អាច​ជ្រើសរើស​ការងារ រើស​ភេទ នយោបាយ និង​ការប្តូរ​ភេទ​ជាដើម​។ យើង​ថែមទាំង​អាច​ប្តូរ​ឈ្មោះ​បាន​ទៀត​។ ដូច្នេះ​តើ​ហេតុអ្វី​បានជា​យើង​គ្មាន​សិទ្ធិ​ប្តូរ​អាយុ​?»​។ លោក Ratelband បាន​ប្រៀបធៀប​យ៉ាង​ដូច្នេះ ដោយ​អះអាង​តាម​ពេទ្យ​ថា មុខមាត់​គាត់ សក្តិសម​អាយុ​ចន្លោះ​ពី​៤០ ទៅ​៤៥​ឆ្នាំ​។​
 
​លោក Jan-Hein Kuijpers ដែលជា​មេធាវី​ដ៏​ល្បីឈ្មោះ​ម្នាក់ បាន​អះអាង​ប្រាប់ AFP ថា នេះ​ជា​ករណី​មិនដែល​ធ្លាប់មាន​ពីមុន ប៉ុន្តែ​លោក​រំពឹងថា នឹង​ទទួលបាន​លទ្ធផល​វិជ្ជមាន​ពីព្រោះ​ច្បាប់​តែងតែ​វិ​វត្ត​ទៅតាម​សម័យកាល​៕
 

Tag:
 ​ប្លែកៗ​
  ហូ​ឡង់​
© រក្សាសិទ្ធិដោយ thmeythmey.com