អន្តរជាតិ
នៅ UN អាមេរិក​ផ្អឹប​ទុក​សំណើ​លើកលែង​ទណ្ឌកម្ម​លើ​ជំនួយ​មនុស្សធម៌​ឲ្យ​កូរ៉េខាងជើង​
09, Nov 2018 , 2:55 pm        
រូបភាព
ការដឹកជញ្ជូនជំនួយទៅកាន់កូរ៉េខាងជើងកន្លងមក (រូបភាព AFP)
ការដឹកជញ្ជូនជំនួយទៅកាន់កូរ៉េខាងជើងកន្លងមក (រូបភាព AFP)
​សហរដ្ឋអាមេរិក បាន​កាក់​ទុក​សំណើ​ជាច្រើន​របស់​ប្រទេស​នានា និង​អង្គការ​មនុស្សធម៌​មួយចំនួន ដែល​ចង់​ផ្ដល់ជំនួយ​មនុស្សធម៌​ទៅកាន់​កូរ៉េខាងជើង​។ ជា​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ អាមេរិក​បាន​ពន្យារពេល​យល់ព្រម​លើ​សំណើ​លើកលែង​ទណ្ឌកម្ម និង​សុំ​ពេល​ពិចារណា​គម្រោង​ផ្ដល់ជំនួយ​ទាំងនោះ ដើម្បី​ធានាថា កូរ៉េខាងជើង​មិន​យក​ជំនួយ​មនុស្សធម៌​ទៅប្រើ​ក្នុង​កម្មវិធី​នុយក្លេអ៊ែរ​ឡើយ​។​

 
​គម្រោង​ផ្ដល់ជំនួយ​មនុស្សធម៌​ទៅកាន់​កូរ៉េខាងជើង​ជាច្រើន ត្រូវបាន​ផ្អឹប​ទុក​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ នេះ​ក៏​ព្រោះតែ​អាមេរិក​ដែលមាន​អំណាច​វ៉េតូ​ក្នុង​ដៃ បាន​សុំ​ពេល​ដើម្បី​ពិនិត្យ​គម្រោង​នេះ​ឲ្យ​បាន​ម៉ត់ចត់​សិន​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា​។ រុស្ស៊ី​ដែលជា​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​ដែរនោះ បានស្នើ​ឲ្យ​ឲ្យ​មាន​ការជជែក​ពី​ករណី​ពន្យារ​ពេលនេះ​ក្នុង​កិច្ចប្រជុំ​បិទទ្វារ​នៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​។​
 
​ដូច​ដឹង​ស្រាប់ កូរ៉េខាងជើង​កំពុង​ចោមរោម​ដោយ​ទណ្ឌកម្ម​រាប់សិប​ជាន់ ព្រោះតែ​ការសាកល្បង​នុយក្លេអ៊ែរ និង​បាញ់​មី​ស៊ី​ល​កន្លងមក​។ យ៉ាងណាមិញ អង្គការសហប្រជាជាតិ​បាន​ទុក​ផ្លូវ​ឲ្យ​កូរ៉េខាងជើង​ដែរ ដោយ​ទណ្ឌកម្ម​ទាំងនោះ មិនគួរ​ប៉ះពាល់​ដល់​បញ្ហា​មនុស្សធម៌​ឡើយ តែ​ការ​ផ្ដល់ជំនួយ​ណាមួយ​ក៏​ត្រូវការ​ការលើកលែង​ពិសេស​ពី​ក្រុមប្រឹក្សាសន្តិសុខ​ដែរ​។ គម្រោង​ដែល​ត្រូវ​ផ្ដល់​ឲ្យ​កូរ៉េខាងជើង​មានដូចជា ការផ្គត់ផ្គង់​គ្រឿងយន្ត​កសិកម្ម ការស្ដារ​ប្រព័ន្ធ​សុខាភិបាល និង​សម្ភារ​មនុស្សធម៌​មួយចំនួនទៀត​។​
 
​ជុំវិញ​ការពន្យារ​ពេលនេះ អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ Nikki Haley និយាយថា អាមេរិក​នឹង​ប្រើពេល​ត្រួតពិនិត្យ​សំណើសុំ​លើកលែង​ទាំងនោះ​ដើម្បី​កុំ​ឲ្យ​ជំនួយ​មនុស្សធម៌​ផ្ដល់​ផលចំណេញ​ដល់​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង តែ​មិនបាន​ដល់​អ្នក​ដែល​ត្រូវការ​ពិតប្រាកដ​។ លោកស្រី Haley ក៏​ឆ្លៀត​រិះគន់​រុស្ស៊ី​ដែល​ចង់​ជជែក​ពី​ការពន្យារ​ពេលនេះ ថា ចង់បង្ហាញ​ទង្វើ​ល្អ​ឲ្យ​កូរ៉េខាងជើង​ដើម្បី​កេង​ផលប្រយោជន៍​។​
 
​យោងតាម​ទិន្នន័យ​ការិយាល័យ​អង្គការសហប្រជាជាតិ​សម្រាប់​កិច្ចការ​មនុស្សធម៌ ប្រជាជន​កូរ៉េខាងជើង​ប្រមាណ​១០​លាន​នាក់ ដែល​ស្មើនឹង​៤១​នៃ​ប្រជាជន​ទាំងអស់ កំពុង​រស់នៅក្នុង​ស្ថានភាព​យ៉ាប់យ៉ឺន​។ ជំនួយ​ជាច្រើន​ត្រូវ​បានស្នើ​សម្រាប់​កូរ៉េខាងជើង​។ កាលពី​ខែសីហា អៀរ​ឡង់​សុំ​ការអនុញ្ញាត​ដើម្បី​អនុវត្ត​គម្រោង​ធំ​៤ ខណៈ​អ៊ីតាលី​ចង់​បញ្ជូន​ត្រាក់ទ័រ​មួយចំនួន​ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ស្បៀង ឯ​ក្នុង​ខែមិថុនា កាកបាទក្រហម​អន្តរជាតិ​ក៏​ស្នើ​គម្រោង​ទឹកស្អាត​ដែរ​។​
 
​គម្រោង​ទាំង​អម្បាលម៉ាន​ខាងលើ សុទ្ធតែ​ត្រូវបាន​សុំ​ពេល​គិត​ទាំងអស់​។ តាមពិតទៅ អាមេរិក​បាន​ជំទាស់​សំណើ​របស់​ចិន និង​រុស្ស៊ី ដែល​ចង់​ផ្អាក​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​។ លោកស្រី Haley អះអាងថា កូរ៉េខាងជើង​ទទួលបាន​ការលើកទឹកចិត្ត​ច្រើន​រួចមកហើយ ប៉ុន្តែ​ប្រទេស​នេះ​នៅ​មិនទាន់​ធ្វើ​សកម្មភាព​ដែល​អនុញ្ញាត​ឲ្យ​មានការ​លើកលែង​ទណ្ឌកម្ម​ឡើយ​៕
 

Tag:
 UN
  អាមេរិក​
  កូរ៉េខាងជើង​
  ទណ្ឌកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com