កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយ​ចាញ់​ម៉ាឡេស៊ី ប៊ុន​ហៀ​ង ក្លាយជា​ប្រធានបទ​របស់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​
09, Nov 2018 , 4:07 pm        
រូបភាព
​​រ៉ឹង ប៊ុនហៀង លេខ ១៤ ដែលព្យាយាមដណ្តើមបាល់ពីកីឡាករម៉ាឡេស៊ី- រូបភាព FFC
​​រ៉ឹង ប៊ុនហៀង លេខ ១៤ ដែលព្យាយាមដណ្តើមបាល់ពីកីឡាករម៉ាឡេស៊ី- រូបភាព FFC
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បានទទួល​បរាជ័យ​ក្នុង​ដី​ខ្លួនឯង​ដោយ​ចាញ់​ក្រុម​ភ្ញៀវ​ម៉ាឡេស៊ី ១-០ នា​ការប្រកួត​បើកឆាក​ពូ​ល A នៃ​ព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នា​ល្ងាច​ថ្ងៃទី​៨ ខែវិច្ឆិកា​។ យ៉ាងណាក៏ដោយ​នៅក្រោយ​ចប់​ការប្រកួត មានការ​លើកឡើង​ពី​មតិ​រិះគន់ និង​សរសើរ​ជុំវិញ​កម្រិត​លេង​របស់​កីឡាករ​កម្ពុជា​មួយចំនួន​ពី​សំណាក់​អ្នកគាំទ្រ​នៅលើ​បណ្តាញ​សង្គម​ផងដែរ​។​

 
​អ្វីដែល​ជាការ​កត់សម្គាល់​នោះ ខ្សែប្រយុទ្ធ រ៉ឹង ប៊ុន​ហៀ​ង ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំងជាងគេ​ពី​បណ្តា​អ្នកលេង​បណ្តាញ​សង្គម​ហ្វ៊េ​ស​ប៊ុ​ក​ក្រោយ​បង្ហាញខ្លួន​ក្នុង​ជម្រើស​១១​នាក់​ដំបូង​របស់​លោកគ្រូ Felix Agustin Gonzalez Dalmas និង​លេង​ពេញ​៩០​នាទី​តែម្តង​។​
 
​នៅមុន​ការនាំ​មុខ​របស់​ក្រុម​ភ្ញៀវ ១-០ ដែល​ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ Nohrshahrul Idlan Talaha ក្នុង​នាទី​៣០​នោះ ក្រុម​គោព្រៃ​កម្ពុជា បាន​បើក​ការ​គ្រប់គ្រង​បាល់ និង​ដាក់​សម្ពាធ​ក្រុម​ម៉ាឡេស៊ី​រហូត​ទទួលបាន​ឱកាស​មាស​ទៀតផង​។ ត្រឹម​២​នាទី​ដំបូង​នៅ​តង់​ទី​១ សុះ ស៊ូ​ហា​ណា បាន​បញ្ជូន​បាល់​ទៅ​ឲ្យ រ៉ឹង ប៊ុន​ហៀ​ង ប៉ុន្តែ ប៊ុន​ហៀ​ង រត់​ផុត​និង​ទាត់​ប៉ះបាល់​បន្តិច ហើយ​ត្រូវ​អ្នកចាំទី​ចាប់បាន​។ 
 
​ចូលដល់​តង់​ទី​ពីរ​នាទី​៤៨ ប៊ុន​ហៀ​ង​ដដែល​មានឱកាស​ទាត់​ប​ញ្ចូ​ល​ទី​ម្តងទៀត​បន្ទាប់ពី ប្រាក់ ធី​វ៉ា បាន​បណ្តើរ​បាល់​ចូល​តំបន់​គ្រោះថ្នាក់​ហើយ​ប​ញ្ជូ​ល​បាល់​យ៉ាង​ល្អ​តែ​នៅតែ​មិនអាច​សម្រេច​ទី​បាន​ដដែល​។​
 
​ក្រោយ​ខកខាន​ក្នុង​ការសម្រេច​ទី​ច្រើនលើក​ឲ្យ​កម្ពុជា ប៊ុន​ហៀ​ង ដែល​បច្ចុប្បន្ន​ជា​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្លិប​ក្រសួងការពារជាតិ បាន​ទទួលរង​ការរិះគន់​ពី​អ្នកគាំទ្រ​មួយចំនួន និង​ទទួល​បានការ​សារ​ទរ​ជាច្រើន​ដូចគ្នា​។​
 
​ក្នុងនោះ លោក មួន ម៉ា​រ៉ា ដែលជា​អតីត​តារាចម្រៀង​ល្បីឈ្មោះ​ម្នាក់ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដោយ​រិះគន់ ប៊ុន​ហៀ​ង ខ្លាំងៗ​តែម្តង​។​
 
«​សុំទោស​ដែល​ខ្ញុំ​តែងតែ​ក្រេវក្រោធ​និង​ស្រែក​លឺៗ​ពេល​មើល​បាល់ទាត់​ជម្រើសជាតិ​ម្តងៗ ព្រោះ​មិន​ចង់​ដាច់​សរសៃឈាម​! កុំ​ប្រកាន់​អី​សុំ​និយាយ​ត្រង់ ប្អូន​លេខ​១៤​ឈ្មោះ ប៊ុន ហៀ​ង បើ​ប្អូន​ទំនេរ​មកលេង​បាយ​បានជា​មួយក្រុម​វ័​ចាស់​បង​វិញ​សប្បាយ​ជាង​និង​មានឱកាស​រក​គ្រាប់​បាន​ច្រើន ព្រោះ​ពួក​បង​ក៏​ទាត់​បាល់​ខុស និង​ទប់​ខូចៗ​ដូច​ប្អូន​ដែរ ហើយ​រត់​ឆ្លេឆ្លា​ប្រហែល​គ្នា​។ គាំទ្រ​ជានិច្ច​បាល់​ជម្រើសជាតិ​យើង​ដែល​ទទួលបាន​នូវ​បទពិសោធន៍​ថ្មី​បន្ថែម​រហូត​»​។​
 
​ការសរសេរ​រិះគន់​របស់លោក ម៉ា​រ៉ា​បែបនេះ មិន​ត្រូវបាន​អ្នកគាំទ្រ​ផ្សេងទៀត​ដែល​បាន​ទស្សនាការ​ប្រកួត​ទល់នឹង​ម៉ាឡេស៊ី​សាទរ​ឡើយ ផ្ទុយទៅវិញ ប៊ុន ហៀ​ង បែ​ជា​ទទួលបាន​ការលើកទឹកចិត្ត​និង​កោតសរសើរ​ច្រើន​ទៅវិញ​ពី​ទម្រង់​លេង​របស់គេ​។ 
 
​លើសពីនោះ​អ្នកគាំទ្រ​ទាំង​ដ៏​ច្រើន​បានផ្តល់​ការទុកចិត្ត និង​ជឿជាក់​លើ ប៊ុន ហៀ​ង តាមរយៈ​ការសរសេរ​សារ​លើ Porfile របស់គេ​ផ្ទាល់​ដើម្បី​ជាការ​លើកទឹកចិត្ត​បន្ថែម​សម្រាប់​ការបង្ហាញ​ខ្លួន​នៅ​ប្រកួត​បន្ទាប់​។​
 
​ដោយឡែក ប៊ុន ហៀ​ង ឯណោះ​វិញ ក៏​ប្រហែលជា​បានដឹង​ពី​ការរិះគន់ ក៏ដូចជា​ការសរសើរ​លើ​ខ្លួន​ដូចគ្នា​ដែរ​។ រូបគេ​បាន​បង្ហោះ​សារ​ខ្លី​មួយ​ហើយ​ថេ​ក (Tag) ឲ្យ លោក ភា សុ​ភ័​ក្ត្រា​ដែលជា​គ្រូបង្វឹក​របស់ខ្លួន​នៅ​ក្លិប​ក្រសួងការពារជាតិ​ក្នុង Facebook ថា​៖«​មាន​មេ​នៅ​គាំទ្រ​អត់​អី​ទេ ទៅមុខទៀត​»​។​
 
​ការប្រកួត​បន្ទាប់​សម្រាប់​ព្រឹត្តិការណ៍ AFF Suzuki Cup 2018 ជម្រើសជាតិ​កម្ពុជា​នឹងត្រូវ​ធ្វើដំណើរ​ទៅ​ជួ​បម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​១២ ខែ​វិច្ចិកា វេលា​ម៉ោង ៦:០០ នាទី​ល្ងាច​។ កម្ពុជា​ក៏ត្រូវ​ទទួលភ្ញៀវ​ឡាវ​នៅ​ពហុ​កីឡដ្ឋាន​អូឡាំពិក នា​ថ្ងៃទី​២០ ខែវិច្ឆិកា មុនទៅសួរសុខទុក្ខវៀតណាមដល់ផ្ទះសម្រាប់ប្រកួតចុងក្រោយ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨៕
 

Tag:
 ​បាល់ទាត់​
  AFF Suzuki Cup
  រ៉ឹង ប៊ុន​ហៀ​ង​
© រក្សាសិទ្ធិដោយ thmeythmey.com