កីឡាជាតិ
ជាតិ
តើ​គ្រូបង្វឹក​ការពារជាតិ លោក ភា សុ​ភ័​ក្ត្រា វាយតម្លៃ​យ៉ាងណា​លើ រ៉ឹង ប៊ុន​ហៀ​ង​?
09, Nov 2018 , 4:43 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុម​ជម្រើស​កម្ពុជា បាន​ចាញ់​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី ១​ទល់​០ ក្នុងការ​ប្រកួត​ដណ្តើមពាន​រង្វាន់ AFF Suziki Cup 2018 កាល​យប់​ពី​ថ្ងៃទី​៨ វិច្ឆិកា​។ លទ្ធផល​កម្ពុជា ចាញ់​ម៉ាឡេស៊ី ១​គ្រាប់​នេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​វិស័យ​កីឡាបាល់ទាត់ រិះគន់ និង​ទម្លាក់​បន្ទុក​ទៅលើ​ទម្រង់​លេង​របស់​ខ្សែប្រយុទ្ធ​កម្ពុជា គឺ​កីឡាករ រ៉ឹង ប៊ុន​ហៀ​ង​។ តើ​លោក ភា សុ​ភ័​ក្ត្រា គ្រូបង្វឹក​ក្លិប​ក្រសួងការពារជាតិ វាយតម្លៃ​បែបណា​ដែរ​ចំពោះ​ការលេង​របស់​កីឡាករ​រូបនេះ​?

 
ដ្បិត​មិនមែនជា​គ្រូបង្វឹក​ឲ្យ​ក្រុម​ជម្រើសជាតិ​ក្តី ប៉ុន្តែ​លោក ភា សុភ​ក្ត្រា ដែលជា​គ្រូបង្វឹក​ផ្ទាល់​នៅ​ក្លិប​ក្រសួងការពារជាតិ​រូបនេះ ហាក់​មិន​គិត​បែប​អវិជ្ជមាន​ពេក​លើ​កីឡាករ រ៉ឹង ប៊ុន​ហៀ​ង ឡើយ​។ ប៉ុន្តែ​មិនមែន​មានន័យថា កីឡាករ រ៉ឹង ប៊ុន​ហៀ​ង គ្មាន​ចំណុច​អវិជ្ជមាន​នោះដែរ​។​
 
​ត្រង់ចំណុច​នេះ​លោក ភា សុ​ភ័​ក្ត្រា បាន​លើកយក​ចំណុច​ខ្វះខាត​របស់ រ៉ឹង ប៊ុន​ហៀ​ង មក​ពន្យល់ថា ខ្សែប្រយុទ្ធ​ជម្រើសជាតិ​រូបនេះ មិនទាន់មាន​គុណភាព​ប្រយុទ្ធ ក្នុងការ​សម្រេច​គ្រាប់​បាល់​បញ្ចូល​ទី ដូច​កីឡាករ ឃួន ឡា​បូ​រ៉ាវី , ចាន់ វឌ្ឍនាកា ,​កែវ សុខ​ផេង និង ប្រាក់ មុន្នី​ឧ​ត្ត​ម ឡើយ​។ នោះ​ក៏​ព្រោះតែ​កីឡាករ រ៉ឹង ប៊ុន​ហៀ​ង គឺជា​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​របស់​ក្រុម​ជម្រើសជាតិ ដែល​នៅមាន​បទពិសោធន៍​ក្មេងខ្ចី ហើយ​ត្រូវការ​ឆ្លងកាត់​ការប្រកួត​ច្រើន​ទៀត​។​


 
​គ្រូបង្វឹក​ក្លិប​ក្រសួងការពារជាតិ ដែល​បាន​អង្គុយ​មើល​ទម្រង់លេង​កូនក្រុម​ខ្លួន ដែល​បាន​ជាប់​ជម្រើសជាតិ ក្នុងការ​ប្រកួត AFF Suziki Cup 2018 នា​ជំនួប​ដំបូង​ជាមួយ​ម៉ាឡេស៊ី​នេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ ដូច្នេះ​ថា​៖«​ខ្ញុំ​ទទួលស្គាល់ថា រ៉ឹង ប៊ុន​ហៀ​ង គាត់​បាត់បង់​ឱកាស​ច្រើន​។ និយាយ​រួមការ​សម្រេច​(​ស៊ុត​បញ្ចូល​)​ទី​របស់គាត់ ដោយសារតែ​បទពិសោធន៍​នៅ​លេង​ជម្រើសជាតិ នៅ​តំបន់​ប្រយុទ្ធ​នេះ វា​នៅ​ស្ទើរ ព្រោះ​បើ​លេង​នៅត្រឹម​លី​គ ឬ​ពាន​នៅ​កម្ពុជា គាត់​អាច​លេង​បានជា​មួយកម្រិត​ខ្សែការពារ​គេ​ល្មមៗ ។ ប៉ុន្តែ​មកលេង​នៅ​ជម្រើសជាតិ​បែបនេះ វា​ពិបាក​ដោយសារ​ទម្រង់កា​រពារ​កៀក​របស់គេ គឺ​វា​ល្អ​។ ដូច្នេះ​ខ្ញុំ​ទទួលស្គាល់ថា គាត់​នៅមានកម្រិត​បើ​ប្រៀបធៀប​ប្រសិទ្ធភាព​អ្នក​ដែល​ឈរ​សម្រេច​ទី នៅ​ចាញ់​ប្រាក់ មុន្នី​ឧ​ត្ត​ម កែវ សុខ​ផេង ចាន់ វឌ្ឍនាកា និង​ឃួន ឡា​បូ​រ៉ាវី ។ និយាយ​រួម​អ្នក​ឈរ​ទុក​កម្លាំង​សម្រេច​ទី គឺ​ឃួន ឡា​បូ​រ៉ាវី លើសគេ​ហើយ​»​។​
 
​ទោះ​ជាមាន​ចំណុច​ខ្វះខាត ប៉ុន្តែ​កីឡាករ រ៉ឹង ប៊ុន​ហៀ​ង គឺជា​ខ្សែប្រយុទ្ធ​មួយ ដែល​ឧស្សាហ៍​ក្នុង​រត់​ចុះ​មកជួយ​ខ្សែការពារ​នៅ​ខាងក្រោម​។ នេះ​ជាការ​មើលឃើញ​របស់លោក សុ​ភ័​ក្ត្រា ដែល​ស្នើ​ឲ្យ រ៉ឹង ប៊ុន​ហៀ​ង កែ​ចំណុចនេះ​បន្តិច ដើម្បី​រក្សាទុក​កម្លាំង​ខ្លួន ក្នុងការ​សម្រេច​ទី​គូប្រកួត ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា នៅ​ប្រកួត​ក្រោយៗ​ទៀត​។​
 
​គ្រូបង្វឹក​របស់​កីឡាករ រ៉ឹង ប៊ុន​ហៀ​ង នៅ​ក្លិប​ក្រសួង​ការពារ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​មូលហេតុ​ដែល រ៉ឹង ប៊ុន​ហៀ​ង មិនអាច​មាន​ជំហរ​គ្រប់គ្រាន់​ក្នុងការ​សម្រេច​ទី​គេ​បាន ព្រោះ​អី​គាត់​ខុសពី​ច​រិ​ត​ខ្សែប្រយុទ្ធ​ដទៃ​។ (​ខ្សែប្រយុទ្ធ​) គេ​មិនសូវ​ដេញ​បាល់ គេ​អត់​សូវ​យក​កម្លាំង​ទៅដល់​ក្រោម (​តំបន់​ការពារ​) ហើយ​បើ​លេង​នៅ​ទ័ព​វិញ (​ក្លិប​ក្រសួងការពារជាតិ​) ខ្ញុំ​ឲ្យ​គាត់​រត់​សេរី សំខាន់​ឲ្យ​តែ​បាល់​ទៅ​កន្លែង​ណា គឺ​គាត់រ​ត់ទៅ​កន្លែង​នោះ​តែម្ដង​។ នេះហើយ​ជា​ច​រិ​ត​របស់គាត់ ហើយ​ខ្ញុំ​សម្រេច​តាម​សមត្ថភាព​របស់គាត់​វិញ ។ នៅ​ជម្រើសជាតិ​វិញ ខ្ញុំ​ឃើញ​គាត់​ចំណាយ​កម្លាំង​ច្រើនពេក​លើ​ការ​ទម្លាក់ខ្លួន​ចុះ​មកលេង​ក្រោម​ហ្នឹង អ៊ីចឹង​ការទម្លាក់​ខ្លួន​លេង​ក្រោម​នេះ ទោះជា​មនុស្ស​យន្ត ក៏​មិនអាច​ទប់​រួចជាមួយ​ការធ្វើការ​ធ្ងន់​ហើយ មក​ចាំ​ទទួលផល​បានទេ​»​។​
 
​តែ​យ៉ាងណា​លោក ភា សុ​ភ័​ក្ត្រា ស្នើ​ឲ្យ​អ្នកគាំទ្រ​រិះគន់​កីឡាករ​ក្នុងន័យ​ស្ថាបនា ល្អ​ជាង​ការរិះគន់ ឬ​ជេរ ក្នុងន័យ​បន្តុះបង្អាប់​មកលើ​កីឡាករ ដែល​នាំ​ឲ្យ​ពួកគេ​បាក់​ទឹកចិត្ត​។ សូមបញ្ជាក់ថា នៅ​ឆ្នាំ​២០១៨​នេះ  ប៊ុន​ហៀ​ង ជា​កីឡាករ​ក្នុងស្រុក​ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនជាងគេ​ក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ និង​ជា​ប្រធាន​ក្រុម​ដែល​ជួយ​ឲ្យ​ក្រសួងការពារជាតិ​ឈ្នះ​ពានរង្វាន់​សម្តេច ហ៊ុន សែន​ផងដែរ​។​
 
​បន្ទាប់​ប្រកួត​ចាញ់​ម៉ាឡេស៊ី ១​ទល់​០ នេះ ក្រុម​ជម្រើសជាតិ​កម្ពុជា នឹងត្រូវ​ជួប​ក្រុម​ជម្រើសជាតិ​មី​យ៉ាន់​ម៉ា  នៅ​ថ្ងៃទី​១២ វិច្ឆិកា មុននឹង​ប៉ះ​ជាមួយ​ឡាវ នៅ​ថ្ងៃទី​២០ វិច្ឆិកា ។ កម្ពុជា នឹង​ប្រកួត​ជាមួយ​វៀតណាម នៅ​ថ្ងៃទី​២៤ វិច្ឆិកា ក្នុងការ​ប្រកួត​ដណ្តើមពាន​រង្វាន់ AFF Suziki Cup 2018 ៕

Tag:
 ​ភា សុ​ភ័​ក្ត្រា​
  រ៉ឹង ប៊ុន​ហៀ​ង​
  ជម្រើសជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com