អន្តរជាតិ
ក្រុម​សិទ្ធិមនុស្ស UN ចាត់ទុក​ការបញ្ជូន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ពាក់កណ្តាល​ខែវិច្ឆិកា ថា​ជា​ចំណាត់ការ​ទាន់ហន់​
10, Nov 2018 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នកជំនាញ​អង្គការសិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បាន​ព្រមាន​ពី​ផល​អវិជ្ជមាន​ជុំវិញ​ការរៀបចំ​បញ្ជូន​ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​របស់​បង់​ក្លា​ដែ​ស​ទៅកាន់​មី​យ៉ាន់​ម៉ា​។ អ្នកជំនាញ មើលឃើញថា​ស្ថានភាព​របស់​មី​យ៉ាន់​ម៉ា នៅ​មិនទាន់មាន​សភាព​ល្អប្រសើ​រ​សម្រាប់​ជនភៀសខ្លួន​អាច​វិលត្រឡប់​ទៅវិញ​ឡើយ​។​

 
​ថ្មីៗ​នេះ មន្ត្រី​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស​និយាយថា រដ្ឋាភិបាល​ក្រុង​ដា​ហ្កា និង​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោរ បាន​ឯកភាពគ្នា​ក្នុង​ការរៀប​បញ្ជូន​ជនភៀសខ្លួន​មួយចំនួន​ដែល​កំពុងតែ​ស្នាក់​នៅក្នុង​ជំរំ​ជនភៀសខ្លួន នៃ​ប្រទេស​បង់​ក្លា​ដែ​ស ដែល​នឹង​ចាប់ផ្តើម​នៅក្នុង​ពាក់កណ្តាល​ខែវិច្ឆិកា​ខាងមុខ​។ គេ​រំពឹងថា ផែនការ​នេះ​នឹង​អាច​កើតឡើង ខណៈ​ផែនការ​មុនៗ ត្រូវបាន​ពន្យារពេល​ជា​បន្តបន្ទាប់​។​
 
​យ៉ាងណាក៏ដោយ ការរៀបចំ​បញ្ជូន​ជនភៀសខ្លួន​ឲ្យ​ទៅ​មី​យ៉ាន់​ម៉ារ​បស់បង់​ក្លា​ដែ​ស មិន​ទទួលបាន​ការស្វាគមន៍​ពី​លោកស្រី Yanghee Lee អ្នករាយការណ៍​ពិសេស​ស្តីពី​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​មី​យ៉ាន់​ម៉ា​ឡើយ​។ សម្រាប់​អ្នកជំនាញ ផែនការ​នេះ​ហាក់ដូចជា​ទាន់ហន់​ពេក​ហើយ បើទោះបីជា​បញ្ហា​ជនភៀសខ្លួន បានអូសបន្លាយ​រយៈពេល​ជាង​មួយឆ្នាំ​ហើយក៏​ដោយ​។​
 
​លោកស្រី Yanghee Lee បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​បញ្ជាក់ថា លោកស្រី មិនឃើញ​មាន​អ្វី​ជា​ភស្តុតាង​បង្ហាញថា រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បាន​បង្កើត​បរិយាកាស​មួយ ដែលជា​កន្លែង​សម្រាប់​ជនភៀសខ្លួន អាច​វិលត្រឡប់​ទៅ​រស់នៅ ដែល​រួមបញ្ចូល​ទាំង​ការធានា​ពី​សុវត្ថិភាព និង​សិទ្ធិ​របស់​ពួកគេ​ផងដែរ​។​
 
​លោកស្រី នៅតែ​បារម្ភ ដ្បិត រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា នៅតែ​មិនអាច​ធានាថា ទុក្ខវេទនា និង​ការឈឺចាប់​របស់​ជនជាតិ​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា នឹងមិន​វិល​ត្រឡប់មក​ពួកគេ​វិញ​ឡើយ​។ លោកស្រី ក៏បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស និង​មី​យ៉ាន់​ម៉ា បញ្ឈប់​ផែនការ​នេះ​ជាបន្ទាន់​ផងដែរ​។ 
 
​អ្វីដែល​លោកស្រី ចង់ឃើញ​ពី​ចំណាត់ការ​របស់​មី​យ៉ាន់​ម៉ា គឺ​ឬ​សគល់​នៃ​វិបត្តិ ត្រូវបាន​ដោះស្រាយ​រួចរាល់ ដែល​ក្នុងនោះ​រាប់បញ្ចូល​ទាំង​សិទ្ធិ​ជា​ពលរដ្ឋ​ស្របច្បាប់ និង​សេរីភាព​ក្នុងការ​ដើរហើរ​ជាដើម​។ កន្លងមក​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា មិនដែល​ចាត់ទុក​ជនជាតិភាគតិច​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា ជា​ពលរដ្ឋ​ស្របច្បាប់​របស់ខ្លួន​ឡើយ​។ សម្រាប់​មី​យ៉ាន់​ម៉ា ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា គឺជា​ជនជាតិភាគតិច​ខុសច្បាប់​ដែលមាន​ដើមកំណើត​មកពី​បង់​ក្លា​ដែ​ស​។ 
 
​គួរ​ជម្រាប​ផងដែរ​ថា ក្រោយ​នៃ​ការវាយប្រហារ​គ្នា​នៅ​ចុង​ឆ្នាំមុន​នៅក្នុង​រដ្ឋ​រ៉ា​ខាន​របស់​មី​យ៉ាន់​ម៉ា មាន​ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​មិន​ជាង​កន្លះ​លាន​នាក់​ឡើយ បាន​ភៀសខ្លួន​ទៅ​បង់​ក្លា​ដែ​ស ។ ហើយ​តាម​របាយការណ៍​របស់​អង្គការសិទ្ធិមនុស្ស ដែល​ស្រង់​ពី​សម្ភាសន៍​ជាមួយនឹង​ជនភៀសខ្លួន ពួកគេ បាន​រង​ការ​គំរាម​សម្លាប់ រំលោភ និង​ថែមទាំង​រង​ការដុត​បំផ្លាញ​ផ្ទះសម្បែង​ពី​អាជ្ញាធរ​មី​យ៉ាន់​ម៉ា ៕ 

Tag:
 រ៉ូ​ហ៊ីង​យ៉ា​
  មី​យ៉ាន់​ម៉ា​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com