អន្តរជាតិ
លី​ប៊ី​ត្រៀម​រៀបចំ​សន្និសីទ​ជាតិ​ដើម្បី​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការបោះឆ្នោត​កំណត់​អនាគត​ប្រទេស​ជាថ្មី​
09, Nov 2018 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​លី​ប៊ី​នឹង​រៀបចំ​សន្និសីទ​ជាតិ​មួយ​នៅ​ដើម​សប្តាហ៍​នា​ឆ្នាំ ២០១៩​ខាងមុខ​ដើម្បី​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការបោះឆ្នោត​ដែល​អាច​កើតឡើង​នៅ​ឆ្នាំ​ក្រោយនេះ​។ សន្និសីទ​ជាតិ​មួយ​នេះ​នឹង​ក្លាយជា​វេទិកា​សំខាន់​សម្រាប់​ប្រជាជន​លី​ប៊ី​បង្ហាញ​ទស្សនវិស័យ​សម្រាប់​អនាគត​របស់ខ្លួន ក្រោយ​រងគ្រោះ​ដោយសារ​សង្គ្រាម​ជាង​ប្រាំពីរ​ឆ្នាំ​មកនេះ​។


 
​អ្នកតំណាង​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​លី​ប៊ី Ghassan Salame នា​ថ្ងៃ​ព្រហស្បតិ៍​ទី ៨ ខែវិច្ឆិកា​បាន​ប្រាប់​ក្រុមប្រឹក្សា​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ថា គម្រោង​រៀបចំ​សន្និសីទ​ថ្នាក់ជាតិ​នេះ​ត្រូវបាន​ពិភាក្សាគ្នា​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​តាំងពី​ឆ្នាំមុន​ម្ល៉េះ​។​
 
​មន្ត្រីជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ​រូបនេះ​ពន្យល់ថា វេទិកា​ដ៏​សំខាន់​មួយ​នេះ​នឹង​អាច​ធានាបាន​ពី​ការឯកភាព​គ្នា​រវាង​បណ្តា​ភាគី​នយោបាយ​ដែល​កាន់អំណាច​នៅក្នុង​ប្រទេស រួមទាំង​អស់​កំណត់​អនាគត​ប្រទេសជាតិ​បាន​តាមរយៈ​ការបោះឆ្នោត​ផងដែរ​។ 
 
​លោក Salame បាន​និយាយ​ដូច្នេះ​៖«​ឥឡូវនេះ​នេះ ស្ថានការណ៍​សមស្រប​ជាង​មុន​។ សន្និសីទ​ថ្នាក់ជាតិ​នេះ​នឹងត្រូវ​រៀបចំឡើង​នៅ​សប្តាហ៍​នៅ​ឆ្នាំ​២០១៩​។ ដំណើរការ​បោះឆ្នោត​ជារួម​គួរតែ​អាចធ្វើ​ឡើង​បាន​នៅ​និ​ទាឃ​រដូវ​នៃ​ឆ្នាំ ២០១៩ ដែរ​»​។​
 
​បេសកជន​រូបនេះ​បានលើកឡើង​ពី​ការគាំទ្រ​លើសលុប​របស់​ប្រជាជន​លី​ប៊ី​ចំពោះ​ការរៀបចំ​ការបោះឆ្នោត និង​ស្វាគមន៍​ការគាំទ្រ​របស់​សហគម​ន៍​អន្តរជាតិ​លើ​ការរៀបចំ​សន្និសីទ​នេះដែរ​។ នៅ​សប្តាហ៍​ក្រោយ​នេះដែរ អ៊ីតាលី​នឹង​រៀបចំ​វេទិកា​ពិភាក្សា​មួយ​នៅ​ក្រុង Sicily ដើម្បី​ជំរុញ​ការកសាង​ទំនុកចិត្ត​រវាង​ភាគី​ពាក់ព័ន្ធ និង​ឈានទៅ​បង្កើន​ស្ថិរភាព​នៅ​លី​ប៊ី​ដែល​អំណោយផល​ដល់​ការបោះឆ្នោត​។​
 
​តាមពិតទៅ ផែនការ​រៀបចំ​ការបោះ​ឆ្នោត​ត្រូវបាន​ពន្យារពេល​ជា​ច្រើនដង​កន្លងមកនេះ​ដោយសារ​ការបន្ត​ប្រយុទ្ធ​គ្នា​និង​ការបន្ត​បែកខ្ញែក​គ្នា​ខ្លាំង​រវាង​ភាគី​នយោបាយ​។ 
​កាលពី​ខែ​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ បារាំង​នោះ​ធ្លាប់​ដាក់​ស្នើ​ផែនការ​រៀបចំ​ការបោះឆ្នោត​នៅ​លី​ប៊ី​នៅត្រឹម​ខែធ្នូ​ឆ្នាំ ២០១៨​នេះដែរ​។ ប៉ុន្តែ​អាមេរិក រុស្ស៊ី និង​មហាអំណាច​ផ្សេងទៀត​ដែល​ស្ថិតក្នុង​ក្រុមប្រឹក្សាសន្តិសុខ​បដិសេធ​កាលបរិច្ឆេទ​នេះ ដោយសារ​វា​ហាក់ដូចជា​ប្រញាប់​ពេក​។ 
 
​ការបោះឆ្នោត​នៅ​លី​ប៊ី​ជា​វិធីសាស្ត្រ​មួយ​ក្នុង​ការកំណត់​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់​លី​ប៊ី​ដើម្បី​បញ្ចប់​សង្គ្រាមស៊ីវិល និង​ការ​ប្រេះឆា​នៅក្នុង​សង្គម​រយៈពេល​ជាង​ប្រាំពីរ​ឆ្នាំ​បន្ទាប់​ការ​ផ្តួល​រលំ​របប​ដឹកនាំ​លោក Moamer Kadhafi​។    
 
​ចាប់ពី​ឆ្នាំ ២០១៤​មក លី​ប៊ី​ស្គាល់​ការដណ្តើម​អំណាច​គ្នា​រវាង​ភាគី​នយោបាយ​ដោយមាន​ការបង្កើត​រដ្ឋា​ភិ​បា​លពីរ​ផ្សេងគ្នា​។ រដ្ឋាភិបាល​មួយ​តាំងទី​នៅ​ក្រុង​ទ្រី​ប៉ូ​លី ហើយ​រដ្ឋាភិបាល​មួយទៀត​ស្ថិតនៅ​ក្រុង Tobruk​។ ពួកគេ​ប្រយុទ្ធ​គ្នា​ដើម្បី​ដណ្តើម​កានកាប់​ទឹកដី និង​ឈានទៅ​គ្រប់គ្រង​ប្រេង​ដែលជា​ធនធាន​មហាសាល​ក្នុង​រដ្ឋ​អាហ្វ្រិក​ខាងជើង​មួយ​នេះ​៕
 

Tag:
 លី​ប៊ី​
  បោះឆ្នោត​
  Ghassan Salame
  UN
© រក្សាសិទ្ធិដោយ thmeythmey.com