ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន នឹង​ចុះ​ចេញពី​តំណែង បើ​ភ្នាល់​ចាញ់​លោក សម រង្ស៊ី​
09, Nov 2018 , 8:21 pm        
រូបភាព
​ការដោះលែង​លោក កឹម សុខា ឬ​មិន​ដោះលែង បាន​ក្លាយជា​ល្បែង​ភ្នា​ល់​យកឈ្នះ​-​ចាញ់​គ្នា​រវាង​សម្តេច ហ៊ុន សែន និង លោក សម រង្ស៊ី​។ លោក សម រង្ស៊ី អះអាងថា ដោយសារតែ​សម្ពាធ​ពី​អន្តរជាតិ លោក កឹម សុខា នឹងត្រូវ​ដោះលែង តែ​សម្តេច ហ៊ុន សែន ថា​អត់​ជាដាច់ខាត​។


 
​លោក សម រង្ស៊ី ប្រកាស​ពី​ក្រៅប្រទេស​មក​ថា បើ​លោក កឹម សុខា មិន​ត្រូវបាន​ដោះលែង ដូច​ការអះអាង​របស់​លោក​ទេ លោក នឹង​ស្ម័គ្រចិត្ត​ត្រឡប់មក​ប្រទេស​កម្ពុជា ដើម្បី​ប្រគល់​ខ្លួន​ឲ្យ​អាជ្ញាធរ​ចាប់​។ លោក បាន​សរសេរ​សារលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កនៅ​យប់​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ យ៉ាង​ដូច្នេះ​ថា​៖««​បើ​ខ្ញុំ​ចាញ់​លោក ហ៊ុន សែន ខ្ញុំ​សុខចិត្ត​ដើរចូល​ឲ្យ​គាត់​ចាប់​ខ្ញុំ យកទៅ​ឃុំ​ទន្ទឹមនឹង​លោក កឹម សុខា​....»​។​
 
​សារ​របស់លោក សម រង្ស៊ី បង្ហោះ​មិនទាន់បាន​ប៉ុន្មាន​ម៉ោង​ផង សម្តេច ហ៊ុន សែន ក៏​ចេញមក​ឆ្លើយតប​។ សម្តេច ហ៊ុន សែន បាន​ប្រាប់​ទៅ​សារព័ត៌មាន​ហ្វ្រេស​ញូ​បែបនេះ​ថា​៖«​ខ្ញុំ​ហ៊ាន​ភ្នាល់​ជាមួយ​លោក សម រង្ស៊ី​។ បើ​មានការ​ដោះលែង កឹម សុខា មែន ខ្ញុំ សុខចិត្ត​ចុះចេញ​ពី​តំណែង​តាម​ការ​បបួល​ភ្នាល់​របស់ សម រង្ស៊ី​។ ប៉ុន្តែ​បើ លោក កឹម សុខា មិន​ត្រូវបាន​ដោះលែង​ទេ លោក សម រង្ស៊ី ត្រូវ​ហ៊ាន​ចុះចាញ់ ហើយ​ទទួលស្គាល់​ការ​ភ្នាល់​របស់ខ្លួន ដោយ​ចូលមក​ឲ្យ​ចាប់ខ្លួន​ភ្លាមៗ​បន្ទាប់ពី​បញ្ចប់​ការ​ភ្នាល់​»​។ 
 
​តាមរយៈ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក លោក សម រង្ស៊ី ហ៊ាន​សន្និដ្ឋានថា លោក កឹម សុខា ដែលជា​ដៃគូ​នយោបាយ​របស់លោក នឹងត្រូវ​ដោះលែង នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ ឬក៏​យូរ​បំផុត នៅត្រឹម​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៩​។  លោក សម រង្ស៊ី បញ្ចេញ​សារ​នេះ បន្ទាប់ពី​សម្តេច ហ៊ុន សែន បដិសេធថា លោក កឹម សុខា នឹងមិន​ត្រូវ​ដោះលែង​ឡើយ​។
  
​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី ក្នុង​ខេត្តតាកែវ នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ សម្តេច ហ៊ុន សែន បាន​ចំអក​ថា លុះត្រាតែ​សេះ​ដុះ​ស្តែង ទើប​លោក កឹម សុខា ត្រូវបាន​ដោះ​លេង​។ មូលហេតុ ដែល​សម្តេច ហ៊ុន សែន ចេញមក​បដិសេធ គឺ​ដោយសារតែ​លោក សម រង្ស៊ី ចេញមក​និយាយ​មុន​ថា រដ្ឋាភិបាល​និង​តុលាការ​កម្ពុជា នឹង​ដោះលែង​លោក កឹម សុខា​៕ 
 
 

Tag:
 កឹម សុខា
  ហ៊ុន សែន
  សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com