អន្តរជាតិ
ការបំពុល​ខ្យល់​ធ្ងន់ធ្ងរ​កំពុងតែ​បំផ្លាញ​សុខភាព​ប្រជាជន​ឥណ្ឌា​
10, Nov 2018 , 1:17 pm        
រូបភាព
​ខ្យល់អាកាស​កខ្វក់​អាប់អួរ​កំពុងតែ​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាជន​របស់​ទីក្រុង​ញ៉ូ​វ​ដេលី​ប្រទេស​ឥណ្ឌា​។ ក្មេងៗ​សិស្សសាលា​ជាច្រើន​ចាំបាច់​ត្រូវ​ពាក់​ម៉ាស់​ការពារ​ពេល​ចេញទៅ​សាលា ព្រោះ​ការបំពុល​ខ្យល់​នេះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ភ្នែក​និង​ផ្លូវដង្ហើម​។


 
​ការបំពុល​ខ្យល់​នៅ​ឥណ្ឌា​តាមពិតទៅ​កើតឡើង​ដោយសារ​កំណើន​នៃ​ចំនួន​យានយន្ត​នៅតាម​ដងផ្លូវ ការដុត​សំរាម និង​ធូលី​ដី​ដែលមាន​វត្តមាន​មកពី​តំបន់​កសិដ្ឋាន​នានា​ជុំវិញ​ទីក្រុង​ដែលមាន​ប្រជាជន​រស់នៅ​យ៉ាង​កុះករ​មួយ​នេះ​។ 
 
​ទីក្រុង​មួយចំនួន​នៅ​ឥណ្ឌា​ដូចជា​ទីក្រុង ញូ​វ​ដេលី​, Varanasi និង Lucknow ត្រូវបាន​គេ​ចាត់ទុកថា​ជាទី​ក្រុង​ដែលមាន​ការបំពុល​បរិយាកាស​ធ្ងន់ធ្ងរ​ខ្លាំងជាងគេ​។ 
​បើតាម​ការផ្សព្វផ្សាយរ​បស់​អង្គការសហប្រជាជាតិ​ដែល​ទទួលបន្ទុក​ខាង​បរិស្ថាន មនុស្ស​ប្រមាណ​ជា​ប្រាំ​ពីរលាន​នាក់​ក្នុង​ពិភពលោក​បាន​ស្លាប់​ដោយសារ​បញ្ហា​កង្វក់​អាកាស​ក្នុង​មួយឆ្នាំៗ​។ 
​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នេះ ភ្នាក់ងារ​ពាក់ព័ន្ធ​ជាច្រើន​បាន​ខំប្រឹងប្រែង​ជួយ​ណែនាំ​ឲ្យ​ប្រជាកសិករ​នៅ​ទីនោះ​កាត់បន្ថយ​ការដុត​កម្តៅ​ដី​ក្រោយ​ប្រមូល​ផល​រួច​។ ចំណែក​ប្រជាជន​ឥណ្ឌា​ជាច្រើន​បាន​ត្អូញត្អែរ​ចំពោះ​ពី​ការបន្ត​នាំគ្នា​ដុត​ដី​ធ្វើស្រែ​ចម្ការ​របស់​កសិក​រ​មួយចំនួន ព្រោះថា​ស្ថានភាព​ខ្យល់អាកាស​កាន់តែ​កខ្វក់ ហើយ​កា​រដ​ង្ហើ​ប​ក៏​ពិបាក​ទៀត​។​
 
​ឆ្លើយតប​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​ឥណ្ឌា​ក៏​ព្យាយាម​ជួយ​ដោះស្រាយ​បញ្ហា​បំពុលបរិយាកាស​នេះ ដោយ​ចាប់ផ្តើម​រឹតបន្តឹង​ការបើក​ដំណើរការ​រោងចក្រ​ផលិត​អគ្គីសនី​ដើរ​ដោយ​ចំហេះ​ធ្យូងថ្ម​នៅក្បែរ​ទីក្រុង​ដែរ​។ 
 
​ប៉ុន្តែ​ថ្វី​អនុវត្ត​សកម្មភាព​ដើម្បី​កាត់បន្ថយ​ការបំពុល​ខ្យល់​ដូច​បាន​រៀបរាប់​ខាងលើនេះ​ក្តី ការសាងសង់​សំណង់​នានា​នៅក្នុង​ទីក្រុង​ញូ​វ​ដេលី នៅតែ​មិនទាន់មាន​ការគ្រប់គ្រង​គ្រប់​ជ្រុងជ្រោយ​នៅឡើយ​ទេ​។ ការគ្រប់គ្រង​សំណង់​ទាំងនោះ​នៅតែ​ជា​បញ្ហា​ចោទ ហើយ​វា​ក៏មាន​ចំណែក​ក្នុង​ការបំពុល​ខ្យល់អាកាស​ដែរ​។ 
 
​កាសែត​អាមេរិក New York Times បាន​ផ្សាយ​ថា ប្រជាជន​ឥណ្ឌា​មួយចំនួន​ពិតជា​ពេញចិត្ត​ក្នុងការ​ផ្លាស់ប្តូរ​ដែល​ជួយ​ថែរក្សា​បរិស្ថាន និង​កាត់បន្ថយ​ការបំពុល​ខ្យល់ ប៉ុន្តែ​ប្រជាជន​ខ្លះទៀត​ត្រូវតែ​បង្ខំចិត្ត​ធ្វើ​សកម្មភាព​ខ្លះ​ដែល​បំផ្លិចបំផ្លាញ​បរិស្ថាន ដោយសារតែ​បញ្ហា​ជីវភាព​នោះ​៕ 

Tag:
 ​បរិស្ថាន​
 ​ឥណ្ឌា​
 ​បំពុល​ខ្យល់​
© រក្សាសិទ្ធិដោយ thmeythmey.com