អន្តរជាតិ
​យាយ​អាយុ​៨៥​ឆ្នាំ រត់​ម៉ារ៉ាតុន​លើក​ទី​១៦​នៅ​ញូវយ៉ក ដោយ​ប្រើ​ថិរវេលា​៦​ម៉ោង​និង​១៩​នាទី
10, Nov 2018 , 2:33 pm        
រូបភាព
ដោយ: ធីតា
​លោកយាយ Ginette Bedard អាយុ​៨៥​ឆ្នាំ បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ TCS New York City Marathon ឆ្នាំ​២០០៨ និង​ជា​លើក​ទី​១៦​ក្នុង​ជីវិត​របស់ខ្លួន​។ ក្នុងចំណោម​មនុស្ស​រាប់ពាន់នាក់ ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ក្នុង​ក្រុង​ញូវយ៉ក កាលពីដើម​ខែវិច្ឆិកា កន្លងមកនេះ លោកយាយ​សញ្ជាតិ​បារាំង​-​អាមេរិក រូបនេះ បាន​ទៅ​ដល់ទី​ជាមួយនឹង​ការបញ្ចប់​ក្នុង​ថិរវេលា ៦​ម៉ោង និង​១៩​នាទី​។​

 
​មានកំណើត​នៅ​ក្រុង Mietz ប្រទេស​បារាំង លោកយាយ Bedard ដែល​បច្ចុប្បន្ន​រស់នៅ​តំបន់ Howard-Beach ក្រុង​ញូវយ៉ក ជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​ដើរ​បំផុត ជាពិសេស​ក្រោយ​ការចូលនិវត្តន៍​។ គាត់​មាន​ទម្លាប់​ដើរ​យ៉ាងហោចណាស់​៣​ម៉ោង ឬ​ប្រមាណ​២០​គីឡូម៉ែត្រ ក្នុង​១​ថ្ងៃ  និង​៣៦៥​លើ​៣៦៥​ថ្ងៃ​ក្នុង​ឆ្នាំ​។​
 
​យោងតាម AFP លោកយាយ​ដែលមាន​សញ្ជាតិ​បារាំង​-​អាមេរិក រូបនេះ បាន​ទៅ​ចូលរួម​ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុន​ក្រុង​ញូវយ៉ក ជា​លើក​ទី​១៦ ដោយ​ដំណើរ​របស់គាត់​គ្មាន​ការ​សម្រាក​ជាពិសេស ការបរិភោគ​អាហារ​តាមផ្លូវ ឬ​ការ​ស្តាប់​តន្ត្រី​នោះឡើយ​។​


 
​គាត់​បាន​ទៅដល់​គោលដៅ​ក្នុង​រយៈពេល ៦​ម៉ោង​១៩​នាទី និង​១​វិនាទី ក្នុងនាម​ជា​អ្នកចូលរួម​ដ៏​មាន​វ័យ​ចំណាស់​ជាងគេ​។ ជាមួយគ្នា​នោះ លោកយាយ​ជប៉ុន Yoshiko Takahashi អាយុ​៨៣​ឆ្នាំ ទៅដល់​គោលដៅ​ក្នុង​ថិរវេលា ៧:៤០:56 លោកយាយ​អាមេរិក Ulkrike Klopfer អាយុ​៨២​ឆ្នាំ ទៅដល់​គោលដៅ​ក្នុង​ថិរវេលា ៨:៥៤:០៥ ។​
 
​ចំណែក​ខាង​បុរស​ដែលមាន​អាយុ​៨០​ឆ្នាំ​ដូចគ្នា លោកតា​អាល្លឺម៉ង់ Juergen Kuhlmey ប្រើ​ថិរវេលា ៥:៣១:០៦ លោកតា​អាមេរិក Roland Ratmeyer ប្រើ​ថិរវេលា ៥:៥០:50 និង​លោកតា​បែ​ល​ហ្សិ​ក Leo Vleminckx ប្រើ​ថិរវេលា ៦:០០:០២ ។​


 
​លោកយាយ Bedard ដែល​ចេញពី​បារាំង​ទៅ​រស់នៅ​ញូវយ៉ក កាលពី​អំឡុង​ឆ្នាំ​១៩៧០ បាន​អះអាងថា លោកយាយ​មិន​ចង់បាន​អ្វី​ក្រៅពី​សុខភាព​ល្អ​បរិបូរណ៍​នោះឡើយ​។ លោកយាយ​មាន​របប​អាហារ​ត្រឹមត្រូវ ដោយ​គាត់​បាន​អះអាង ការដើរ និង​រត់ ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា ខ្លួន​នៅ​ក្មេង​ជា​ដរាប​។​
 
​កំណត់ត្រា​ដ៏​ល្អ​បំផុត​របស់​លោកយាយ Bedard ក្នុង​ព្រឹត្តិការណ៍​ម៉ារ៉ាតុន​ញូវយ៉ក សម្រេចបាន​កាលពី​គាត់​នៅ​អាយុ​៧២​ឆ្នាំ ពោលគឺ​ក្នុង​ឆ្នាំ​២០០៥ ដោយ​ប្រើ​ថិរវេលា ៣​ម៉ោង និង​៤៦​នាទី​៕
 

Tag:
 ម៉ារ៉ាតុន
© រក្សាសិទ្ធិដោយ thmeythmey.com