មនុស្សម្នាក់ៗ គឺគេងក្នុងទីតាំងបែបផ្សេងៗពីគ្នា។ ជាធម្មតា យើងជ្រើសរើសគេងទីតាំងណាដែលផ្ដល់ឲ្យយើងនូវអារម្មណ៍សុខស្រួលមានផាសុកភាព ឬងាយគេង។ទោះជាយ៉ាងណា ប្រហែលជាអ្នកមិនបានដឹងអំពីរឿងនេះទេមើលទៅ ប៉ុន្តែប្រសិនបើអ្នកគេងបែរ ឬផ្អៀងទៅខាងឆ្វេងនោះ អ្នកនឹងអាចទទួលបានអត្ថប្រយោជន៍អស្ចារ្យគួរឲ្យភ្ញាក់ផ្អើលជាច្រើនចំពោះសុខភាព!
ខាងក្រោមនេះយើង នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍ចំពោះសុខភាពនៃការគេងផ្អៀងបែរទៅខាងឆ្វេង ៖
១. ល្អប្រសើរសម្រាប់ដំណើរការមុខងារនៃបេះដូង
ផ្នែកខាងឆ្វេងនៃបេះដូងបូមឈាមឆ្ពោះទៅកាន់រាងកាយ។ នេះហើយជាមូលហេតុសមស្របមួយដែលអ្នកគួរគេងនៅខាងឆ្វេង ដើម្បីផ្ដល់ភាពងាយស្រួលសម្រាប់បេះដូងក្នុងការដំណើរការមុខងារដោយប្រក្រតីទោះបីជាកំឡុងពេលអ្នកកំពុងគេង។ លើសពីនេះទៅទៀត ការគេងក្នុងទីតាំងបែបនេះ ក៏អាចជួយឲ្យប្រព័ន្ធឈាមរត់ប្រើប្រាស់ទំនាញជាប្រយោជន៍សម្រាលបន្ទុកបូមឈាមនៃបេះដូងផងដែរ។
២. អត្ថប្រយោជន៍សម្រាប់ស្ត្រីមានផ្ទៃពោះ
គ្មានអ្វីខុសទេ ប្រសិនបើអ្នកសម្រេចចិត្តគេងបែរទៅខាងស្ដាំកំឡុងពេលមានផ្ទៃពោះនោះ។ ប៉ុន្តែប្រសិនបើអ្នកគេងបែរទៅខាងឆ្វេង អ្នកអាចទទួលបានអត្ថប្រយោជន៍មួយចំនួនបន្ថែម ជាពិសេសកំឡុងត្រីមាសចុងក្រោយ។ អត្ថប្រយោជន៍នោះ គឺវាអាចជួយធ្វើឲ្យចរន្តឈាមរត់មានលក្ខណៈកាន់តែល្អប្រសើរឡើង និងសង្គ្រោះថ្លើមពីទម្ងន់ដែលលើស ដោយការអនុញ្ញាតឲ្យថ្លើមដំណើរការមុខងារផ្សេងទៀតរបស់វា។
៣. បង្កើនភាពល្អប្រសើរនៃប្រព័ន្ធទឹករងៃ
ប្រព័ន្ធទឹករងៃ គឺបញ្ចេញភាពកខ្វក់ និងជាតិពុលផ្សេងៗចេញពីរាងកាយ។ យោងតាមអ្នកជំនាញជាច្រើនបានឲ្យដឹងថា ប្រព័ន្ធទឹករងៃហូរចូលទៅក្នុងសសៃឈាម thoracic duct ដែលមានទីតាំងនៅខាងឆ្វេង។ នេះហើយជាមូលហេតុដែលអ្នកនឹងទទួលបានប្រយោជន៍ពីការគេងផ្អៀងទៅខាងឆ្វេង ដោយសារតែក្នុងការគេងរបៀបនេះជួយពន្លឿន និងសម្រួលដល់ដំណើរការនៃការកម្ចាត់ជាតិពុលចេញពីរាងកាយ។ លើសពីនេះទៅទៀត ប្រព័ន្ធទឹករងៃប្រមូលផ្ដុំប្រូតេអ៊ីនដែលគេចចេញពីកោសិកា។ ប្រសិនបើអ្នកគេងផ្អៀងទៅខាងឆ្វេង អ្នកនឹងអាចនាំប្រូតេអ៊ីនទាំងអស់នោះទៅកាន់កន្លែងដែលវាគួរនៅវិញបាន។
៤. ជួយថ្លើមមិនឲ្យកកស្ទះឈាម
ថ្លើម គឺមានទីតាំងនៅខាងស្ដាំនៃរាងកាយ ហើយវាអាចនឹងស្ទះកកឈាមប្រសិនបើអ្នកចំណាយរាប់ម៉ោងគេងបែរទៅខាងស្ដាំជាប់រហូត។ ការគេងផ្អៀងទៅឆ្វេង គឺដើម្បីរក្សាសារធាតុមិនល្អផ្សេងៗ រួមទាំងជាតិពុលឲ្យទទួលបានការបន្សាបដោយថ្លើម នៅមុនពេលបញ្ចេញទៅក្រៅរាងកាយ ឬប្រមូលផ្ដុំក្នុងថ្លើម។
៥. បង្កើនមុខងារនៃផាល (Spleen)
ផាល គឺជាសរីរាង្គក្នុងរាងកាយដែលជាផ្នែកមួយនៃប្រព័ន្ធទឹករងៃ។ វាមានទីតាំងនៅផ្នែកខាងឆ្វេងនៃរាងកាយ ហើយប្រសិនបើអ្នកគេងផ្អៀងទៅខាងឆ្វេងដែលនោះ អ្នកនឹងអាចជួយឲ្យផាលដំណើរការមុខងារបានកាន់តែប្រសើរឡើង។ អ្វីដែលកើតឡើង គឺទំនាញជួយបង្កើនលំហូរឈាមទៅកាន់ផាល និងអនុញ្ញាតឲ្យវាច្រោះភាពកខ្វក់ក្នុងពេលជាមួយគ្នាផងដែរ។
៦. ទប់ស្កាត់បញ្ហាក្រហាយទ្រូងនៅពេលយប់
ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហានៃជំងឺច្រាលទឹកអាស៊ីតក្រពះនោះ អ្នកគួរគេងផ្អៀងទៅខាងឆ្វេងទើបប្រសើរ។ នៅពេលអ្នកគេងក្នុងទីតាំងបែបនេះ ក្រពះ គឺនឹងស្ថិតនៅក្រោមបំពង់អាហារ។ ដូច្នេះទឹកអាស៊ីតក្រពះមិនអាចច្រាលត្រឡប់ចូលទៅក្នុងបំពង់អាហារវិញបានឡើយ៕
ត្រួតពិនិត្យដោយ www.health.com.kh