ជាតិ
សង្គមជាតិ
ទូក«ង»វែងជាងគេ នឹងបំបែកកំណត់ត្រាពិភពលោក នៅថ្ងៃទី១២ ខែវិច្ឆិកា
× ព្រៃវែង៖ ទូក«ង»វែងជាងគេ ដែលមានបណ្តោយប្រវែង៨៧,៣ម៉ែត្រ និងទទឹងប្រវែង១,៩៤ម៉ែត្រ នឹងបំបែកកំណត់ត្រាពិភពលោកនៅថ្ងៃទី១២ ខែវិច្ឆិកា។ នេះបើតាមលោក ស សុខា អនុប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាទទួលបន្ទុកខេត្តព្រៃវែង ដែលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី«ពិធីបំបែកកំណត់ត្រាទូក«ង»វែងជាងគេលើពិភពលោក»។
លោក ស សុខា បាននិយាយថា ទូក«ង»វែងជាងគេនឹងបំបែកឯតទគ្គកម្មពិភពលោកនៅថ្ងៃទី១២ ខែវិច្ឆិកា ដោយមានការត្រួតពិនិត្យពីក្រុមការងារ Guinness World Record។ លោក ស សុខា បញ្ជាក់ថា៖ «បន្ទាប់ពីខេត្តព្រៃវែងប្រកូតប្រណាំងទូក«ង»នៅថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា រូចហើយ យើងនឹងយកទូក«ង»នេះមកអុំបើកឆាកនៅឱកាសពិធីបុណ្យអុំទូកនៅទន្លេចតុមុខ ដើម្បីអបអរសាទរពិធីបុណ្យអុំទុក។ យើងនឹងសាងសង់សារៈមន្ទីរនៅព្រៃវែងមួយ រួចតម្កល់ទូក«ង»វែងជាងគេនេះ សម្រាប់ឲ្យសាធារណៈមកទស្សនា»។
ការផលិតទូក«ង» ដើម្បីបំបែកឯតទគ្គកម្មពិភពលោកនេះ ចាប់ផ្តើមតាំងពីខែមេសាមកម្ល៉េះ ដោយមានការជួយជ្រោមជ្រែងពីអភិបាលខេត្ត មន្ត្រីរាជការ យុវជន និស្សិត និងប្រជាពលរដ្ឋ។ ទូក«ង»នេះត្រូវបានប្រសិទិ្ធនាមថា «កម្ភោជិកបុត្តាខេមរាតរី» មានន័យថា ទូក«ង»របស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា» ហើយទូកនេះធ្វើអំពីឈើគគីម្សៅ មានបណ្តោយ៨៧,៣ម៉ែត្រ និងទទឹងប្រវែង១,៩៤ម៉ែត្រ និងអាចផ្ទុកមនុស្សចំនួន១៧៩នាក់។
រូបទូកវែងជាងគេ នៅព្រៃវែង
សូមបញ្ជាក់ថា កម្ពុជា ទើបតែបំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក Guinness World Record ដែលមានប្រវែង ១១២៩,៨ម៉ែត្រ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨៕
© រក្សាសិទ្ធិដោយ thmeythmey.com