អន្តរជាតិ
អាមេរិក​ថា ខ្លួន​គ្មាន​នយោបាយ​ហ៊ុមព័ទ្ធ​ចិន​ទេ តែ​ចង់​ឲ្យ​ចិន​មានការ​ទទួលខុសត្រូវ​
10, Nov 2018 , 5:10 pm        
រូបភាព
​មន្ត្រី​កំពូល​យោធា និង​កិច្ចការ​ការបរទេសរ​បស់​អាមេរិក និង​ចិន បាន​ជួបគ្នា​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា នៅ​ទឹកដី​អាមេរិក​ដើម្បី​ជជែក​ពី​បញ្ហា​សន្តិសុខ​ប្រទេស​ទាំងពីរ​។ ជំនួប​នេះ ធ្វើឡើង​ចំពេល​ដែល​មហាអំណាច​ទាំងពីរ​កំពុង​ជាប់ផុង​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម ដែល​រក​ច្រកចេញ​មិនទាន់​ឃើញ​ផង​នោះ​។ មន្ត្រី​អាមេរិក​បាន​ប្រាប់​ភាគី​ចិន​ថា ខ្លួន​គ្មាន​គំនិត​ធ្វើសង្គ្រាម​ត្រជាក់​អ្វី​ឡើយ គ្រាន់តែ​ចង់​ឲ្យ​ចិន​ធ្វើ​អ្វី​ឲ្យ​មានការ​ទទួលខុស​សម្រាប់​ទំនាក់ទំនង​ទ្វេភាគី​។​

 
​រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ និង​រដ្ឋមន្ត្រី​ការពារជាតិ ជេ​ម ម៉ា​ធី​ស បាន​ស្វាគមន៍​មន្ត្រីជាន់ខ្ពស់​បក្ស​កុម្មុយនីស្ត​ចិន យ៉ាង ជា​ឈី និង​ប្រមុខ​ការពារ​ជាតិចិន វៃ ហ្វឹ​ង​ហឺ បាន​ជួបចរចា​នា​កិច្ចសន្ទនា​ការទូត និង​សន្តិសុខ​អាមេរិក​-​ចិន ដែលជា​ជំនួប​ប្រចាំឆ្នាំ​រវាង​អាមេរិក និង​ចិន​។ យ៉ាងណាមិញ ជំនួប​នេះ​បានបញ្ចប់​ទៅដោយ​មិនមាន​លទ្ធផល​ផ្លែផ្កា​អ្វី​ទេ ខណៈ​អាមេរិក និង​ចិន​កំពុងស្ថិត​ក្នុងស្ថានភាព​មិនត្រូវ​គ្នា​ស្ទើរ​គ្រប់ជំពូក​ទៅហើយ​។​
 
​គោលនយោបាយ​តឹងតែង​របស់​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ធ្វើ​ឲ្យ​ចិន​ក្ដៅស្លឹកត្រចៀក​យ៉ាងខ្លាំង​។ ក្រុង​ប៉េកាំង​ធ្លាប់​ចោទ​ក្រុង​វ៉ាស៊ីនតោន​ថា មិនទាន់​បោះបង់​គំនិត​សង្គ្រាមត្រជាក់​នៅឡើយ​ទៀតផង​។ មិនមែន​តែ​រឿង​ពាណិជ្ជកម្ម​មួយ​ឡើយ អាមេរិក និង​ចិន​ក៏​ប្រឈមមុខ​ជារឿយៗ​ក្នុង​សំណុំរឿង​ច្រើន​ទៀត​ដូចជា​ជម្លោះទឹកដី​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​បញ្ហា​តៃវ៉ាន់​ទៀតផង​។ មុន​ការបោះឆ្នោត​ពាក់​ក​កណ្ដាល​អាណត្តិ លោក ត្រាំ ក៏​រិះគន់​ចិន​កប់​មាត់​ទៅទៀត​។​
 
​យ៉ាងណាមិញ ក្រោយ​ការជួបគ្នា​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា លោក ប៉ុ​ម​ប៉េ​អូ និយាយថា អាមេរិក​មិនបាន​អនុវត្ត​គំនិត​សង្គ្រាមត្រជាក់​ទេ ហើយក៏​គ្មាន​នយោបាយ​ឡោមព័ទ្ធ​ចិន​ដែរ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់ពី​ការចរចា​នៅ​ក្រុង​វ៉ាស៊ីនតោន​ដែល​ត្រូវបាន​លើក​ពេល​ជាច្រើន​ដង ប្រមុខ​ការទូត​អាមេរិក​រូបនេះ​បញ្ជាក់​ច្បាស់ៗ​ថា អាមេរិក​ចង់​ធានាថា ចិន​ធ្វើ​អ្វី​ឲ្យ​មានការ​ទទួលខុសត្រូវ និង​រួមចំណែក​គាំទ្រ​សន្តិសុខ និង​វិបុលភាព​ប្រទេស​ទាំងពីរ​។​
 
​ជុំវិញ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង ប្រមុខ​ការពារជាតិ​អាមេរិក ម៉ា​ធី​ស ប្រកាស​ដែរ​ថា អាមេរិក​បន្ត​អនុវត្ត​សេរីភាព​នាវាចរណ៍​ដដែល​តាមច្បាប់​អន្តរជាតិ​អនុញ្ញាត​។ ការលើកឡើង​របស់លោក ម៉ា​ធី​ស ត្រូវបាន​លោក យ៉ាង រិះគន់​។ លោក យ៉ាង ដែលជា​សមាជិក​ការិយាល័យ​នយោបាយ​បក្ស​កុម្មុយនីស្ត​ចិន​តប​ថា ចិន​អនុញ្ញាត​ឲ្យ​មាន​សេរីភាព​នាវាចរណ៍ តែ​អាមេរិក​បែរជា​ធ្វើ​យោ​ធូប​នីយកម្ម​នៅ​តំបន់​នោះ​ទៅវិញ ដែល​នេះ​ជា​រឿង​ចិន​មិន​យល់ស្រប​ឡើយ​។​
 
​មន្ត្រី​បក្ស​កុម្មុយនីស្ត​ទទួលបន្ទុក​កិច្ចការ​ការបរទេស​រូ​បេះ ក៏​ផ្ដាំ​អាមេរិក​ឲ្យ​ឈប់​បញ្ជូន​នាវាចម្បាំង​របស់ខ្លួន​ទៅ​កៀក​ទឹកដី ឬ​ដែន​កោះ​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ទៀត និង​ត្រូវ​ឈប់​ធ្វើ​សកម្មភាព​ដែល​ប៉ះពាល់​សន្តិសុខ និង​អធិបតេយ្យ​របស់ខ្លួន​ផងដែរ​។ លោក យ៉ាង បន្ថែមថា ការយក​សេរីភាព​នាវាចរណ៍​ធ្វើជា​លេស​បង្ហាញ​សាច់ដុំ មិនមែនជា​រឿង​ត្រូវ​ឡើយ​៕

Tag:
 ​អាមេរិក​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com