ភ្នំពេញ៖ លោក សម រង្ស៊ី និង សម្តេច ហ៊ុន សែន បានឆ្លើយឆ្លងគ្នាទៅវិញទៅមកចំនួនបីលើកហើយ ពីរឿងដោះលែងលោក កឹម សុខា និង មិនដោះលែង។
លើកទីបីនេះ សម្តេច ហ៊ុន សែន បានចោទលោក សម រង្ស៊ី ថាមានចេតនាចង់សម្លាប់ជីវិតនយោបាយរបស់លោក កឹម សុខា ទើបបបួលសម្តេចភ្នាល់គ្នា។ សម្តេច ហ៊ុន សែន ពន្យល់មហាជនថា បើសម្តេច មិនយល់ព្រមភ្នាល់ជាមួយលោក សម រង្ស៊ី ទេ សម្តេច នឹងរងការសើចចំអកថាជាជនកំសាក។ សម្តេច ហ៊ុន សែន បកស្រាយថា លោក សម រង្ស៊ី បានធ្វើឲ្យសម្តេច ទាល់ច្រក ដោយជៀសមិនផុតពីការភ្នាល់នេះ។
ចំណែក លោក សម រង្ស៊ី ឯណោះវិញ បានប្រកាសថា សម្តេច ហ៊ុន សែន បានធ្លាក់ក្នុងអន្ទាក់របស់ខ្លួន និងចាញ់ខ្លួនបាត់ទៅហើយ បន្ទាប់ពីសម្តេច ហ៊ុន សែន យល់ព្រមលេងល្បែងនេះ។ លោក សម រង្ស៊ី លើកហេតុផលថា ការដែលសម្តេច ហ៊ុន សែន ហ៊ានចេញមកភ្នាល់ជាមួយលោក គឺបញ្ជាក់ថា សម្តេច ហ៊ុន សែន ជាអ្នកសម្រេចជំនួសតុលាការ ក្នុងការមិនដោះលែងលោក កឹម សុខា។
ខាងក្រោមនេះ គឺជាការឆ្លើយឆ្លងគ្នារវាងលោក សម រង្ស៊ី និង សម្តេច ហ៊ុន សែន។
លើកទីមួយ៖
លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ថា៖ យើងបានទទួលព័ត៌មានពីផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាថា លោក ហ៊ុន សែន នឹងដោះលែងលោក កឹម សុខា នៅថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០១៨ ក្នុងឱកាសខួបទី២០ នៃនយោបាយឈ្នះៗ ដែលលោក ហ៊ុន សែន តែងតែយកមកអួតអាង។ តាមការពិត ការដោះលែងលោក កឹម សុខា នេះ គឺធ្វើឡើងក្រោមសម្ពាធអន្តរជាតិសុទ្ធសាធ ហើយជាជំហានទីមួយ ដើម្បីជៀសវាងពីទណ្ឌកម្មផ្នែកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប។ ជំហានទីពីរ ដែលលោក ហ៊ុន សែន កំពុងតែទីទើនៅឡើយ គឺការបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ។
ក្រោយមួយថ្ងៃនៃការអះអាងរបស់លោក សម រង្ស៊ី សម្តេច ហ៊ុន សែន បានទៅជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅខេត្តតាកែវ ហើយក៏បានឆ្លើយតបថា៖ លោក កឹម សុខា អត់ទាន់កាត់ទោសទេ អ៊ីចឹង អត់មានទោស ដែលត្រូវលើកលែងឲ្យឡើយ។ បើមិនទាន់កាត់ទោស ហ៊ុន សែន គ្មានសិទ្ធិថ្វាយសំណើទៅព្រះមហាក្សត្រ ដើម្បីសុំព្រះរាជទានលើកលែងទោសឲ្យអ្នកណាទាំងអស់។ គ្រាន់តែច្បាប់ប៉ុណ្ណឹង អ្នកឯង មិនយល់ផង។ ឥឡូវអ្នកឯងចាំមើលទៅ ជាពិសេសបងប្អូនជាអ្នកគាំទ្រម្នាក់ហ្នឹងទៅ។ ខ្ញុំផ្ញើសារដ៏ខ្លីមួយ ថាចាំសេះដុះស្នែង។
លើកទីពីរ៖
លោក សម រង្ស៊ី បានបន្តសរសេរសារលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ថា៖ ខ្ញុំនៅតែជឿជាក់ថា ក្រោមសម្ពាធអន្តរជាតិ លោក ហ៊ុន សែន នឹងត្រូវបង្ខំចិត្តដោះលែងលោក កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬក៏យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩។ បើខ្ញុំចាញ់លោក ហ៊ុន សែន [ដោយលោក កឹម សុខា មិនត្រូវបានដោះលែង] ខ្ញុំសុខចិត្តដើរចូលឲ្យគាត់ចាប់ខ្ញុំ យកទៅឃុំទន្ទឹមនឹងលោក កឹម សុខា។
បន្តិចក្រោយមក សម្តេច ហ៊ុន សែន បានផ្តល់បទសម្ភាសឲ្យសារព័ត៌មានហ្វ្រេសញូ ដើម្បីប្រកាសភ្នាល់ជាមួយលោក សម រង្ស៊ី ដោយបានលើកឡើងថា៖ ខ្ញុំហ៊ានភ្នាល់ជាមួយលោក សម រង្ស៊ី។ បើមានការដោះលែង កឹម សុខា មែន ខ្ញុំ សុខចិត្តចុះចេញពីតំណែងតាមការបបួលភ្នាល់របស់ សម រង្ស៊ី។ ប៉ុន្តែបើ លោក កឹម សុខា មិនត្រូវបានដោះលែងទេ លោក សម រង្ស៊ី ត្រូវហ៊ានចុះចាញ់ ហើយទទួលស្គាល់ការភ្នាល់របស់ខ្លួន ដោយចូលមកឲ្យចាប់ខ្លួនភ្លាមៗបន្ទាប់ពីបញ្ចប់ការភ្នាល់»។
លើកទីបី៖
លោក សម រង្ស៊ី បាននិយាយក្នុងបទសម្ភាសជាមួយវិទ្យុអាស៊ីសេរី នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ថា៖ មានតែតុលាការទេ ដែលអាចសម្រេចដោះលែងលោក កឹម សុខា។ ស្រាប់តែលោក ហ៊ុន សែន ថាចាំសេះដុះស្នែង។ ទោះគាត់ជានាយករដ្ឋមន្ត្រីក៏ដោយ រឿងអីគាត់អះអាងថា គាត់សម្រេចជំនួសតុលាការ។ គាត់ទទួលស្គាល់ថា គាត់ហ្នឹងហើយ ដែលដើរតួជំនួសតុលាការ។ អ៊ីចឹង គ្រាន់តែគាត់ ហ៊ានភ្នាល់ជាមួយខ្ញុំ គឺគាត់ចាញ់ខ្ញុំបាត់ទៅហើយ។ [.....] ច្បាប់នៅកម្ពុជា មិនអាចចាប់ជនសង្ស័យណាម្នាក់ទៅឃុំលើសពី១៨ខែទេ។ ចាប់លោក កឹម សុខា ពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ អ៊ីចឹងដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ [គឺគ្រប់១៨ខែហើយ] ដូច្នេះអត់មានលេសអ្វី ដែលត្រូវឃុំលោក កឹម សុខា បណ្តោះអាសន្នទៀតទេ។ ខ្ញុំសប្បាយចិត្តណាស់ ព្រោះលោក ហ៊ុន សែន ចូលក្នុងអន្ទាក់របស់ខ្ញុំ។ គ្រាន់តែគាត់និយាយអ៊ីចឹង គាត់ចាញ់ខ្ញុំភ្លាម ព្រោះគាត់បង្ហាញថាគាត់ជាអ្នកសម្រេចជំនួសតុលាការ។ រឿងដែលគាត់និយាយថាអាស្រ័យលើតុលាការ គឺខុស គឺអាស្រ័យលើគាត់ ព្រោះគាត់ ហ៊ានភ្នាល់ មានន័យថាគាត់ទេ ជាអ្នកសម្រេចថាគាត់មិនដោះលែងលោក កឹម សុខា។
ក្នុងថ្ងៃនេះដដែល សម្តេច ហ៊ុន សែន បានផ្តល់បទសម្ភាសឲ្យសារព័ត៌មានហ្វ្រេសញូសាជាថ្មី ដោយបានពន្យល់ពីមូលហេតុ ដែលសម្រេចចិត្តភ្នាល់ជាមួយលោក សម រង្ស៊ីថា៖ ការដែលខ្ញុំសម្រេចភ្នាល់ជាមួយលោក សម រង្ស៊ី គឺគាត់បានរុញខ្ញុំឲ្យផ្ទប់ជញ្ជាំងដោយគ្មានជម្រើស។ បើមិនទទួលយក គេនឹងចោទថា ខ្ញុំ ជាជនកំសាកញីបំផុត មិនអង់អាចក្លាហាន។ លោក សម រង្ស៊ី ជាអ្នករៀបចំផែនការដ៏អាក្រក់មួយនេះ ដើម្បីសម្លាប់ជីវិតនយោបាយរបស់លោក កឹម សុខា ទោះបីដឹងយ៉ាងច្បាស់ថា ការយកជីវិតមនុស្ស មកភ្នាល់ជាល្បែងនេះជារឿងអគុណធម៌បំផុតក៏ដោយ។ […..] ករណីភ្នាល់នេះខ្ញុំមិនមែនជាអ្នកបបួលនោះទេ គឺលោក សម រង្ស៊ី ជាអ្នកបង្ខំខ្ញុំឲ្យទទួលយកការភ្នាល់ដោយចៀសមិនផុតជាដាច់ខាត។
លោក សម រង្ស៊ី និង សម្តេច ហ៊ុន សែន អាចនឹងឆ្លើយឆ្លងជាមួយគ្នាបន្តទៀត នៅក្នុងរឿងនេះ។ ប៉ុន្តែ អ្នកទាំងពីរ កំពុងតែរងការរិះគន់ដូចគ្នាពីមជ្ឍដ្ឋាននានា ជាពិសេសមន្ត្រីនិងអ្នកគាំទ្រនៃអតីតគណបក្សប្រឆាំង។
ពួកគេ សម្តែងការខកចិត្ត ដែលអ្នកទាំងពីរយកលោក កឹម សុខា ធ្វើជាល្បែងភ្នាល់យកឈ្នះ-ចាញ់គ្នាបែបនេះ។ ទន្ទឹមនឹងនេះ អ្នកខ្លះ បានបង្ហាញក្តីអាណិតចំពោះលោក កឹម សុខា។
បច្ចុប្បន្ន លោក កឹម សុខា កំពុងរស់នៅក្នុងផ្ទះ ដោយជាប់បម្រាមយ៉ាងតឹងរឹងពីចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។ ចៅក្រមស៊ើបសួរ មិនឲ្យលោក ចេញឆ្ងាយពីផ្ទះឡើយ ហើយការជួបជនបរទេស ដែលពាក់ព័ន្ធនឹងសំណុំរឿង ក៏មិនអនុញ្ញាត។ លើសពីនេះ លោក ក៏មិនអាចជួបមន្ត្រីនិងអ្នកនយោបាយនៃអតីតគណបក្សដែរ៕