ជាតិ
សេដ្ឋកិច្ច
ខេត្ត​ព្រះសីហនុ មាន​កាស៊ីណូ​ជិត​៦០​កន្លែង ហើយ​ស្ទើរ​ទាំងអស់​កាន់កាប់​ដោយ​ចិន​
11, Nov 2018 , 10:39 am        
រូបភាព
​ភ្នំពេញ​៖ ក្នុង​រយៈពេល​ជាង ២​ឆ្នាំ​ចុង​ក្រោយនេះ កាស៊ីណូ (Casino) កំពុងមាន​វត្តមាន​យ៉ាងច្រើន​ក្នុង​ទឹកដី​ខេត្ត​ព្រះសីហនុ​។  កាស៊ីណូ​ទាំងនោះ ស្ទើរ​ទាំងស្រុង​កាន់កាប់​ដោយ​ជនជាតិ​ចិន​។ នេះ​បើតាម​ការអះអាង​របស់​លោក ឱ សារឿន ប្រធានមន្ទីព័ត៌មានខេត្តព្រះសីហនុ។​



អត្ថបទទាក់ទង
 
​លោក ឱ សារឿន បាន​ប្រាប់​សារព័ត៌មាន ThmeyThmey ថា បច្ចុប្បន្ន ខេត្ត​ព្រះសីហនុ​មាន​កាស៊ីណូ​សរុប ៥៨​កន្លែង ដែល​បាន​ចុះបញ្ជី និង​មាន​អាជ្ញា​បណ្ណ​ពី​រដ្ឋាភិបាល​។ ចំនួន​នេះ​មិនទាន់​គិត​គម្រោង​កាស៊ីណូ​ថ្មីៗ​មួយចំនួនទៀត ដែល​កំពុងស្ថិត​ក្រោម​កា​រ​សាងសង់ និង​ស្នើសុំ​ចុះបញ្ជី​នោះទេ​។ 
 
​លោក ឱ សារឿន  អះអាងថា វត្តមាន​នៃ​កាស៊ីណូ​ទាំងនេះ មិនបាន​ប៉ះពាល់​អ្វី​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ឡើយ តែ​ផ្ទុយទៅវិញ មានតែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ល្អប្រសើរ តាមរយៈ​ការផ្គត់ផ្គង់​ចំណីអាហារ​ផ្សេងៗ និង​ការទទួលបាន​ប្រាក់ចំណូល​ពី​ភ្ញៀវ ដែល​បាន​ស្នាក់នៅ​ទីនោះ និង​ចំណូល​ពី​ប្រភព​ផ្សេងៗ​ទៀត​។  
 
​លោក​លើកឡើង​ដូច្នេះ​ថា​៖«​ច្បាប់​ដែល​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បង្កើត និង​ដំណើរការ​នៃ​កាស៊ីណូ​ទាំងនេះ គឺ​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូលរួម​លេង​ទេ​។ អ្នក​ដែល​ចូលរួម​លេង​បាន មានតែ​ជនជាតិ​បរទេស​ប៉ុណ្ណោះ​។ តាមច្បាប់​គឺ​មិន​ឲ្យ​ជនជាតិខ្មែរ​ចូល​លេង​ជាដាច់ខាត​។ ក្នុងករណី​ដែល​កាស៊ីណូ​ទាំងនោះ​គោរព​តាម​បទ​បញ្ញា​ត្តិ​ច្បាប់​ដែល​បានកំណត់​របស់​រដ្ឋាភិបាល ដូច្នេះ​វា​គ្មានអ្វី​ពាក់ព័ន្ធ​ទៅនឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទេ មានតែ​ប្រសើរឡើង​»​។​
 
​បើ​ទោះ​អាជ្ញាធរខេត្ត​ព្រះសីហនុ អះអាងថា​វត្តមាន​ការ​ស៊ី​ណូ​ទាំងនោះ ផ្ដល់​ផល​វិជ្ជមាន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នេះ​ក្ដី តែ​កន្លងមក​ការអភិវឌ្ឍ​ក្នុង​ខេត្ត​មួយ​នេះ​ទទួលរង​ការរិះគន់ ពិសេស​ការអនុញ្ញាត​ឲ្យ​មាន​ទីតាំង​ល្បែងស៊ីសង​ច្រើនឡើង ដែល​បាន​ប្ដូរ​មុខមាត់​តំបន់ឆ្នេរ​របស់​កម្ពុជា​មួយ​នេះ​។ 
 
​កាលពីដើមឆ្នាំ​២០១៨​នេះ លោក ហ៊ុន ម៉ា​ណែ​ត ដែល​បាន​ចូលរួម​សម្ពោធ​សណ្ឋាគារ​មួយ​នៅ​ខេត្ត​ព្រះសីហនុ បាន​បញ្ចេញ​ទស្សនៈ​ថា ការអភិវឌ្ឍ​ក្នុង​ខេត្ត​ព្រះសីហនុ ត្រូវតែ​រក្សា​តម្លៃ​អត្តសញ្ញាណ ដែលជា​តំបន់ឆ្នេរ​ដ៏​ស្រស់ស្អាត ដោយ​មិនអាច​ឲ្យ​ប្រែ​ក្លាយទៅជា​ម៉ា​កាវ កាលី  ឬ​ឡាំង​កា​វី​នោះទេ​។ មេបញ្ជាការ​កងទ័ពជើងគោក​រូបនេះ​បន្ថែមថា ការរក្សា​អត្តសញ្ញាណ​នឹង​ផ្ដល់​ផលប្រយោជន៍​រយៈពេល​វែង ដែល​មិន​ឲ្យ​ឆ្នេរ​កម្ពុ​ជាមាន​អនាគត​ដូច​ទីកន្លែង​មួយចំនួន​នៅលើ​សកលលោក ដែល​បាត់បង់​តម្លៃ​របស់ខ្លួន និង​ថមថយ​ភ្ញៀវទេសចរ​ឡើយ​៕

Tag:
 កាស៊ីណូ​
 ​ឱ សារឿន​
  ព្រះសីហនុ​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com