កីឡាជាតិ
ជាតិ
ជម្រុះ AFC U23៖ កម្ពុជា​ត្រូវ​ស្វាគមន៍​កូរ៉េខាងត្បូង អូស្ត្រាលី និង​ឆាយ​នី​ស​តៃប៉ិ ក្នុង​ពូ​ល H
11, Nov 2018 , 10:04 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុជា ក្លាយជា​ម្ចាស់ផ្ទះ​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល H សម្រាប់​ព្រឹត្តិការណ៍ AFC U23 Championship 2020 ដោយ​ត្រូវ​ស្វាគមន៍​កូរ៉េខាងត្បូង អូស្ត្រាលី និង​ឆាយ​នី​ស​តៃប៉ិ​។

 
​ប្រទេស​ចំនួន​៤៤​ដែលជា​សមាជិក​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) ចូលរួម​ប្រជែង​ដើម្បី​ទទួលបាន​កៅអី​ទៅកាន់​ព្រឹត្តិការណ៍ AFC U23 Championship 2020 ។ ក្រុម​ក្លាយជា​ម្ចាស់ផ្ទះ​សម្រាប់​ការប្រកួត​ពូ​ល H ជាមួយ កូរ៉េខាងត្បូង ជើងឯក​រង​ឆ្នាំ​២០១៦ អូស្ត្រាលី ដែល​ឈានដល់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ឆ្នាំ​២០១៣ និង ឆាយ​នី​ស​តៃប៉ិ ដោយ​ការប្រកួត​ប្រព្រឹត្ត​ចន្លោះ​ពីថ្ងៃ​ទី​២២ ដល់​ថ្ងៃទី​២៦ ខែ​មិនា ឆ្នាំ​២០១៩ ។​
 
​យោងតាម​លទ្ធផល​នៃ​ការចាប់​ឆ្នោត​ដែល​រៀបចំ​នៅ​ទីស្នាក់ការ AFC House កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា កាតា ធ្វើជា​ម្ចាស់ផ្ទះ​ពូ​ល A ដោយ​ត្រូវ​ស្វាគមន៍ អូ​ម៉​ង់ ណេ​ប៉ាល់ និង​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ពូ​ល B ប្រព្រឹត្តទៅ​នៅ បា​រ៉ែ​ន ដោយមាន​ភ្ញៀវ ប៉ា​ឡេ​ស្ទី​ន បង់​ក្លា​ដែ​ស និង​ស្រីលង្កា​។​
 
​អ៊ីរ៉ាក់ តួ​កមេ​នី​ស្ថាន និង​យ៉េ​មែន ត្រូវធ្វើ​ដំណើរ​ទៅ​ទឹកដី​អ៊ីរ៉ង់ សម្រាប់​ជំនួប​ពូ​ល C ខណៈ​ពូ​ល D មាន​ម្ចាស់ផ្ទះ​អារ៉ាប់​ប៊ី​សា​អូឌីត អេ​មី​រ៉ា​ត​អារ៉ាប់​រួម លី​បង់ និង​ម៉ា​ល់​ឌី​វ​។ គូ​វែ​ត ត្រូវ​ស្វាគមន៍​ហ្ស៊​កដា​នី ស៊ី​រី និង​គៀ​ហ្ស៊ី​ស​ស្ថាន ក្នុង​ពូ​ល E រីឯ​ពូ​ល F ជា​ជំនួប​រវាង​ម្ចាស់ផ្ទះ អ៊ូ​បេ​គី​ស្ថាន ជាមួយ​តា​ហ្ស៊ី​គី​ស្ថាន ឥណ្ឌា និង​ប៉ា​គី​ស្ថាន​។​
 
​នៅក្នុង​ពូ​ល G ម៉ុង​ហ្គោ​លី ត្រៀម​ទទួលភ្ញៀវ​កូរ៉េខាងជើង ហុងកុង និង​សិង្ហ​បុរី ស្របពេល​ដែល​មី​យ៉ាន់​ម៉ា ត្រូវ​ស្វាគមន៍​ជប៉ុន ទី​ម័​រ​ខាងកើត និង​ម៉ា​កាវ នៅក្នុង​ពូ​ល I ។ សម្រាប់​ពូ​ល J ម៉ាឡេស៊ី ស្វាគមន៍​ចិន ឡាវ និង​ហ្វីលីពីន​។ ដោយឡែក​ពូ​ល K វៀតណាម​ទទួល​ថៃ ឥណ្ឌូណេស៊ី និង​ព្រុយ​ណេ​។ 
 
​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ក្នុងជំនួប​ចុងក្រោយ​នៅ​ឆ្នាំ​២០២០ ថៃ ទទួលបាន​កៅអី​ដោយ​ស្វ័យប្រវត្តិ ដូច្នេះ​លទ្ធផល​នៃ​ការប្រកួត​វគ្គ​ជម្រុះ​នេះ នឹងមាន​ការប្រែប្រួល​លើ​ចំនួន​ក្រុម​ដែល​ត្រូវ​ឡើងទៅ​វគ្គ​បន្ត​។ ក្រុម​កំពូល​តារាង​នៃ​ពូ​ល​ទាំង​១១ នឹង​ឡើងទៅ​វគ្គ​បន្ត ជាមួយ​ក្រុម​លេខ​២​ចំនួន ៤ ឬ ៥​ក្រុម​បន្ថែមទៀត [​អាស្រ័យ​លើ​ទីតាំង​ចំណាត់ថ្នាក់​ក្នុង​ពូ​ល​របស់​ថៃ​] ។​
 
​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ឆ្នាំ​២០១៨ កម្ពុជា ក៏បាន​ធ្វើជា​ម្ចាស់ផ្ទះ​ផងដែរ ដោយបាន​បញ្ចប់​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​ពូ​ល ក្រោយ​ស្មើ​ចិន ០-០ ចាញ់​ជប៉ុន ២-០ និង​ឈ្នះ​ហ្វីលីពីន ១-០ ។ អ៊ូ​បេ​គី​ស្ថាន ជា​ម្ចាស់​ការពារ​តំណែង​ជើងឯក វៀតណាម​លេខ​២ កាតា​លេខ​៣ និង​កូរ៉េខាងត្បូង លេខ​៤៕
 

© រក្សាសិទ្ធិដោយ thmeythmey.com