ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ក្រៅពី​មនុស្ស​ចាស់ យុវជន​បច្ចុប្បន្ន​ក៏​ចាប់អារម្មណ៍​ផ្នែក​ព្រះពុទ្ធសាសនា​អប់រំ​ផ្លូវចិត្ត​ដែរ​
11, Nov 2018 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុង​សិក្ខាសាលា​ស្ដីពី​ព្រះពុទ្ធសាសនា​ពិភាក្សា​ពី "​រឿង​ពិត​នៃ​ជីវិត​" ដែល​រៀបចំ​ដោយ​សាលា​បញ្ញា​សាស្ត្រ​កម្ពុជា កាលពីពេល​កន្លងទៅ បាន​ទាក់ទាញ​យុវវ័យ​ឱ្យចូល​រួម​គួរឱ្យកត់សម្គាល់​។ ទោះជា​កម្មវិធី​នេះ សម្បូរ​ទៅដោយ​ព្រះសង្ឃ និង​មនុស្ស​ចាស់​ក្ដី តែ​គេ​សង្កេតឃើញថា យុវវ័យ​ដែលមាន​ចំនួន​ច្រើន​គួរសម​នោះ បាន​យកចិត្តទុកដាក់​ស្ដាប់​វាគ្មិន ដែលជា​ព្រះសង្ឃ និង​គ្រហស្ថ​បកស្រាយ ពី​ទ្រឹស្ដី​ព្រះពុទ្ធសាសនា ដោយ​យកចិត្តទុកដាក់​។​


 
​ដើម្បី​ជ្រាប​ច្បាស់​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖



 
​ក្នុង​សិក្ខាសាលា​ស្ដីពី​”​រឿង​ពិត​នៃ​ជីវិត​” ដែល​រៀបចំឡើង​ដោយ​សាលា​បញ្ញា​សាស្ត្រ​កម្ពុជា មាន​អ្នក​ចូល​ទាំង​ព្រះសង្ឃ​និង​គ្រហស្ថ​។ ព្រះសង្ឃ​ត្រូវបាន​គេ​រៀបចំ​ឱ្យ​គង់នៅ​មួយ​ចំហៀង​នៃ​សាល ដែលមាន​ទំហំ​អាចដាក់​អ្នក​ចូលរួមបាន​ប្រមាណ​ជិត​មួយ​ពាន់​នាក់​។ ក្រៅពី​ព្រះសង្ឃ គ្រហស្ថ​ដែលមាន​ទាំង​មនុស្ស​ចាស់ យុវវ័យ និង​កុមារ​ផង​នោះ បាន​អង្គុយ​នៅលើ​កៅអី​ផង និង​នៅលើ​កម្រាល​តាមផ្លូវ​ដើរ​ផង​។ កៅអី​ដែលមាន​ស្រាប់​មិនអាច​ទទួល​មនុស្ស​អស់​ឡើយ ជាហេតុ​នាំឱ្យ​ត្រូវដាក់​កៅអី​បន្ថែម​នៅ​ខាងក្រោយ ព្រមទាំង​ត្រូវ​រៀបចំ​បន្ទប់​មួយ​ផ្សេងទៀត​សម្រាប់​អ្នកចូលរួម​ផងដែរ​។​
 
​កញ្ញា ហ៊ាង ឆា​វាន់ វ័យ​២៣​ឆ្នាំ​គឺជា​និស្សិត​រៀន​នៅក្នុង​សាលា​នេះ​ផ្ទាល់ បាន​និយាយថា ការរៀបចំ​ឱ្យមាន​សិក្ខាសាលា​ស្ដីពី​ព្រះពុទ្ធសាសនា​នេះ គឺ​ពិតជា​ល្អ​សម្រាប់​ឱ្យ​ជន​ប្រុស​ស្រី ជាពិសេស​សិស្ស​និស្សិត បាន​សិក្សា​ស្វែងយល់​ពី​ព្រះពុទ្ធសាសនា​ឱ្យ​កាន់តែច្បាស់​។ នារី​ដែល​មកពី​ខេត្តកំពង់ចាម​រូបនេះ បាន​ស្វែងយល់​ច្រើន​ពី​ព្រះពុទ្ធសាសនា តាំងពី​២​ឆ្នាំមុន​ម្ល៉េះ ពោល​តាំងពី​នាង​ឡើងមក​រៀន​នៅ​ភ្នំពេញ​ដំបូង​។ វិធីសាស្ត្រ​ដែល​អាចឱ្យ ឆា​វ៉ាន់ កាត់ចិត្ត​មិនសូវ​នឹក​ផ្ទះ​បាន គឺ​មានតែ​ព្រះធម៌​ដែលមាន​ក្នុង​ព្រះពុទ្ធសាសនា​។ ឆា​វ៉ាន់ បាន​ទិញ​សៀវភៅធម៌​មួយចំនួន​ទុក​មើល ពេលដែល​នាង​ពិបាកចិត្ត​។ 
 
​និស្សិត​រូបនេះ បញ្ជាក់ថា​ទ្រឹស្ដី​ក្នុង​ព្រះពុទ្ធសាសនា អាចជួយ​ឱ្យ​នាង​គ្រប់គ្រង​ចិត្តបាន​ច្រើន និង​បាន​យល់ច្បាស់​ថា​រាល់ពេល​មាន​បញ្ហា​ផ្លូវចិត្ត គឺ​មកពី​ខ្លួនឯង​ផ្ទាល់​ដែល​មិនបាន​បើក​ចិត្ត​ទូលាយ និង​មិនបាន​ស្វែងយល់​ពី​ឬ​គល់​នៃ​បញ្ហា​។​
 
​ទោះជា​បាន​ចូលក្នុង​សិក្ខាសាលា​រៀង​យឺត​បន្តិច​ក្ដី​តែ ឆា​វ៉ាន់ នៅតែ​ទទួលបាន​ចំណេះដឹង​ថ្មី​បន្ថែម ដែល​អាចឱ្យ​នាង​កាន់តែ​យល់ច្បាស់​ពី​អត្ថន័យ​ជីវិត​។ នារី​រូបនេះ​បាន​ផ្ដាំផ្ញើ​ទៅដល់​យុវវ័យ គួរតែ​ព្យាយាម​ស្ដាប់​ព្រះធម៌​ឱ្យបាន​ច្រើន ដើម្បីឱ្យ​ចិត្ត​រឹងមាំ ដែល​អាច​ជោគជ័យ​ក្នុង​ការងារ​។ កញ្ញា ឆា​វ៉ាន់ បញ្ជាក់​៖«​ពេល​ខ្ញុំ​ឡើងមក​ភ្នំពេញ​ខ្ញុំ​នឹក​ម៉ាក់​ប៉ា​ខ្ញុំ​ណាស់​។ សៀវភៅ​ដែល​ខ្ញុំ​អាន​ដំបូង​គឺ​សៀវភៅ​ពាក្យពេចន៍​ម៉ែឪ និង​កូន​មាសឪពុក​។ ពេល​ខ្ញុំ​មក​ដំបូង​ខ្ញុំ​ឧស្សា​យំ​ណាស់ ដល់​ខ្ញុំ​បាន​អាន​សៀវភៅ​ហ្នឹង​ទៅធ្វើ​ឱ្យ​ខ្ញុំ​យល់​ច្រើន នឹង​អប់រំ​ខ្លួនឯងបាន​ច្រើន​»​។



​ចំណែក​និស្សិត បេ​ត សីហា មកពី​សាលា​វេ​ស្ទើ​ន ក៏​បានមក​ចូលរួម​ក្នុង​សិក្ខាសាលា​នេះដែរ​។ ស្ថិតក្នុង​វ័យ​២០​ឆ្នាំ បុរស​រូបនេះ បាន​យល់​ច្រើន​ពី​ពិធី​កម្ម​ផ្សេងៗ ដែល​គេ​តែងតែ​យល់ច្រឡំ​ថា​ជា​ពិធី​ក្នុង​សាសនាព្រះពុទ្ធ​។ មក​ចូលរួម​ក្នុង​កម្មវិធី​នេះ តាមរយៈ​បង​ដែលជា​ព្រះសង្ឃ បុរស​រូបនេះ បាន​យល់ដឹង​ច្រើន​ពី​ការគ្រប់គ្រង​ចិត្ត​ខឹង​របស់ខ្លួន តាមរយៈ​ការសិក្សា​ពី​ព្រះធម៌ រកហេតុ​និង​ផល​ដើម្បី​រំងាប់​កំហឹង​។ «​កាលពីមុន​ខ្ញុំ​យល់ថា ការធ្វើ​បាយសី ការធ្វើ​ពិធី​កម្ម​ផ្សេងៗ ជា​ពិធី​សាសនា​។ ប៉ុន្តែ​ខ្ញុំ​មក​ទីនេះ លោកគ្រូ សាន សុជា ថា​ពិធី​ទាំងនោះ​មិនមែន​តាមបែប​សាសនាព្រះពុទ្ធ​ទេ​។ ខ្ញុំ​ទទួលបាន​ច្រើន​ថ្ងៃ​ហ្នឹង ទាក់ទង​នឹង​ការអត់ឱន​ឱ្យ​គ្នា ការ​អធ្យាស្រ័យ​ដល់​គ្នា​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក បេ​ត សីហា​។



​ងាក​មក​កញ្ញា ម៉ូង យូ​ត មកពី​ខេត្តសៀមរាប​វិញ​ម្ដង​។ នៅ​រហូត​ចប់​កម្មវិធី​ជា​ស្ថាពរ ដល់​ម៉ោង​ជិត​៦​ល្ងាច ដែល​កម្មវិធី​ធ្វើ​លើស​រហូត​ជិត​មួយ​ម៉ោង​នោះ យូ​ត ពិតជា​ជាប់​ចិត្តនឹង​សិក្ខាសាលា​នេះ​។ នេះ​ជា​លើក​ទី​១​ហើយ សម្រាប់​នារី​វ័យក្មេង​រូបនេះ ដែល​បាន​ចូលរួម​សិក្ខាសាលា​ស្ដីពី​ព្រះពុទ្ធសាសនា​។ អ្វីដែល​និស្សិត មកពី​ខេត្តសៀមរាប​រូបនេះ​ទទួលបាន គឺ​ការគិត​ពិចារណា​មុន​ជឿ​លើ​អ្វីមួយ ការចេះ​ធ្វើឱ្យ​អារម្មណ៍​ស្ងប់ ការគិត​រឿង​វិជ្ជមាន​ឱ្យបាន​ច្រើន​ក្នុង​ជីវិត​។ 
 
​យូ​ត បាន​បញ្ជាក់ថា ព្រះធម៌​អាចឱ្យ​នាង​មានការ​គិតពិចារណា​បាន​ខ្ពស់ ទទួលបាន​ចំណេះដឹង​ថ្មី និង​ចំណេះធ្វើ​ផងដែរ​។ និស្សិត​វ័យក្មេង​រូបនេះ ស្នើឱ្យ​យុវវ័យ​សិក្សា​ស្វែងយល់​ពី​ព្រះពុទ្ធសាសនា​មក​អនុវត្តន៍​ក្នុង​ជីវិត ឱ្យបាន​ច្រើន ព្រោះ​សាសនា​នេះ​បានបង្ហាញ​ពី​បុណ្យ​បាប ការដើរ​ផ្លូវ​ល្អ និង​ការគិត​ពិចារណា​បាន​វែងឆ្ងាយ​។​
 
​កញ្ញា ម៉ូង យូ​ត បញ្ជាក់​៖«​អ្វីដែល​យើង​មិនដឹង អ្វីដែល​យើង​គិត​មិន​ដល់ ឆេវឆាវ​ច្រើន ប៉ុន្តែ​ពេលដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ពី​ព្រះពុទ្ធសាសនា ធ្វើឱ្យ​យើង​ដឹង​ច្រើន យល់​ច្រើន​។ ខ្ញុំ​គិតថា​យុវជន​គួរតែ​សិក្សា​ពី​ព្រះពុទ្ធសាសនា​ឱ្យបាន​ច្រើន ព្រោះ​គាត់​បាន​អប់រំ​យើង​ឱ្យ​ដើរ​ផ្លូវ​ល្អ អប់រំ​ឱ្យ​យើង​មាន​ក្ដីសង្ឃឹម​ក្នុង​ជីវិត​»​។



ជា​រដ្ឋបាល និង​ជា​អ្នករៀបចំ​ទូទៅ​មួយរូប​ក្នុង​សាលា​បញ្ញា​សាស្ត្រ​កម្ពុជា​លោក មួយ ពិ​សិទ្ធ បាន​និយាយថា នេះ​ជា​លើកទីមួយ​ហើយ​ដែល​សាលា​បញ្ញា​សាស្ត្រ​កម្ពុជា​រៀបចំ​សិក្សា​សាលា​ស្ដីពី​ព្រះពុទ្ធសាសនា​ធំ​បែបនេះ ដែលមាន​អ្នកចូលរួម​ប្រមាណ​ជាមួយ​ពាន់​នាក់​។ ដ្បិត​ទើបតែ​រៀបចំ​កម្មវិធី​ធំ​លើកទីមួយ​មែន តែ​លោក ពិ​សិទ្ធ ថា​សាលា​នេះ​មាន​កម្មវិធី​ព្រះពុទ្ធសាសនា សម្រាប់​សិស្ស​និស្សិត​ជាប្រចាំ ដើម្បីឱ្យ​ពួកគេ​មានចំណេះ​ផ្នែក​ព្រះពុទ្ធសាសនា ក្រៅពី​ជំនាញ​ផ្សេងៗ​។ លោក ពិ​សិទ្ធ ថា ដោយសារតែ​ក្នុង​សាល​សិក្ខាសាលា ដាក់​មនុស្ស​មិន​អស់ ទើបត្រូវ​ឱ្យ​អ្នកចូលរួម​មួយចំនួន​ទៅក្នុង​បន្ទប់​មួយ​ផ្សេងទៀត ដែល​អាច​មើល​តាម​កម្មវិធី​ផ្សាយ​ផ្ទាល់​។ 
 
«​កន្លែង​ចំហៀងៗ​នេះ​ក៏​ត្រូវបាន​បំពេញ​ដែរ ហើយ​នៅ​ខាងក្រោយ​ក៏​យើង​បានដាក់​បន្ថែម​ដែរ ហើយ​យើង​នៅមាន​បន្ទប់​ម​ឃៈ​មាណព​ក៏​យើង​ទុក​សម្រាប់​និស្សិត ព្រះសង្ឃ និង​លោកយាយ​លោតា មើល​ការផ្សាយ​ផ្ទាល់​ដែរ​។ នេះ​ជា​លើកទីមួយ​ធ្វើ​ធំ តែ​សាលា​បញ្ញា​សាស្ត្រ ក៏មាន​កម្មវិធីសិក្សា​ព្រះពុទ្ធសាសនា​សិក្សា​ជាប្រចាំ​ដែរ​»​។ លោក ពិ​សិទ្ធ បញ្ជាក់បន្ថែម​។


 
​ព្រះ​ភិក្ខុ សាន សុជា បាន​មាន​ថេរ​ដីកា​ថា មនុស្ស​មាន​បញ្ហា និង​មាន​ទុក​លំបាក​ច្រើន​។ បើ​ចង់រក​ផ្លូវ​ស្ងប់​ក្នុង​ចិត្ត គួរតែ​រក​ក្នុង​ព្រះពុទ្ធសាសនា​។ ទោះជា​ព្រះអង្គ​បាន​ទត​ឃើញថា​ព្រះពុទ្ធសាសនា ពិតជា​មា​គា​ជួយ​ឱ្យ​សត្វលោក​ទៅរក​សេចក្ដីសុខ​ដ៏​ពិត​ក៏ដោយចុះ តែ​ព្រះអង្គ​នៅតែ​លើកទឹកចិត្ត​ពុទ្ធ​បរិ​ស័​ទ្ធ ចូលខ្លួន​សិក្សា​ពី​ព្រះពុទ្ធសាសនា​ឱ្យ​យល់​ដោយ​ខ្លួនឯង ចៀស​ជាង​ការ​គ្រាន់តែ​ជឿ​ទៅតាម​គេ​ថា ឬ​ទៅ​តាមតែ​គម្ពី​។ 
 
​ព្រះ​ភិក្ខុ សាន សុជា បន្ថែម​៖«​មនុស្ស​យើង​មាន​បញ្ហា ក្នុង​ជីវិត​យើង​មាន​ទុក​មាន​លំបាក​ច្រើន ហើយ​មិន​សំខាន់​ត្រូវ​យល់​ពី​ពុទ្ធសាសនា​ទេ សំខាន់​បើ​គាត់​ចង់​ផុត​ទុក្ខ ក្នុង​ពុទ្ធសាសនា​មាន​។ មិន​សំខាន់​អ្នកណា​ថា​ពុទ្ធសាសនា​ល្អ​ទេ សំខាន់​យើង​សិក្សា​ឱ្យ​យល់​ខ្លួនឯង​»៕

Tag:
 ព្រះពុទ្ធសាសនា​
  យុវជន​
  សិក្ខាសាលា​
© រក្សាសិទ្ធិដោយ thmeythmey.com