ជាតិ
សេដ្ឋកិច្ច
រោងចក្រកែច្នៃដំឡូងមី នៅខេត្តក្រចេះ នឹងដំណើរការនៅដើមឆ្នាំក្រោយ
× ក្រចេះ៖ រោងចក្រកែច្នៃដំឡូងមីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្រុកឈ្នួល ខេត្តក្រចេះ នឹងត្រូវសាងសង់រួចរាល់ និងដាក់ឲ្យដំណើរការនៅដើមឆ្នាំក្រោយ។ នេះបើតាមការឲ្យដឹងរបស់លោក Tse Michael Nam នាយកក្រុមហ៊ុន Green Leader ដែលជាក្រុមហ៊ុនវិនិយោគគម្រោងមួយនេះ។
លោក Tse Michael Nam បានរាយការណ៍ជូនលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្ដីការក្រសួងនៅថ្ងៃទី៩ខែវិច្ឆិកាថា រោងចក្រកែច្នៃដំឡូងមីនេះ ត្រូវបានសាងសង់បាន ៧០ភាគរយ ហើយនឹងរួចរាល់ដំណាច់ឆ្នាំនេះ មុនដាក់ឲ្យប្រើប្រាស់នៅដើមឆ្នាំ២០១៩ ខាងមុខនេះ។
រោងចក្រច្នៃដំឡូងមី នេះត្រូវបានក្រុមហ៊ុន ហ្គ្រីន លីឌើរ វិនិយោទឹកប្រាក់ចំនួន ២០លានដុល្លារអាមេរិក ដែលចាប់ផ្ដើមសាងសង់កាលពីខែមេសា កន្លងទៅ។ ក្រុមហ៊ុនបានប្រកាសថា ក្រៅខេត្តក្រចេះ ក្រុមហ៊ុននឹងបង្កើតរោងចក្រច្នៃដំឡូងមីនេះនៅក្នុងខេត្តសក្ដានុពលមួយចំនួនទៀត ដើម្បីប្រមូលទិញដំឡូងមីពីកសិករ ធ្វើការកែច្នៃនាំចេញ។
កម្ពុជាបានផលិតដំណាំដំឡូងមីក្នុងមួយឆ្នាំជាង ១៤លានតោន ពីផ្ទៃដីដាំដុះជាង ៦០ម៉ឺនហិកតា។ ដំឡូងមីទាំងនោះភាគច្រើនត្រូវបាននាំចេញទៅប្រទេសវៀតណាម និងថៃ ក្នុងទម្រង់ជាវត្ថុធាតុដើម មុននឹងត្រូវកែច្នៃបន្តនៅប្រទេសទាំងនោះ។
លោក Tse Michael Nam ធ្លាប់អះអាងថា នៅពេលរោងចក្ររបស់ខ្លួនដំណើរការ នោះកសិករនឹងមានជម្រើសលក់ឲ្យក្រុមហ៊ុន ដែលនឹងបានចំណូលខ្ពស់ជាងមុន ព្រោះមិនបាច់ដឹកជញ្ជូនទៅឆ្ងាយ និងមានទីផ្សារកាន់តែទូលាយ៕
© រក្សាសិទ្ធិដោយ thmeythmey.com