អន្តរជាតិ
មហា​ធៀ គួរតែ​ទុក​មុខ​ឲ្យ​លោកស្រី ស៊ូ​ជី លើ​វិបត្តិ​ជនភៀសខ្លួន ក្នុង​វេទិកា​របស់​អាស៊ាន​
11, Nov 2018 , 10:19 pm        
រូបភាព
ដោយ:
​ចាប់ពី​ថ្ងៃ​១១ ដល់​ថ្ងៃ​១៥ វិច្ឆិកា​នេះ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន នឹងមាន​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​កំពូល​លើក​ទី​៣៣ ដែលមាន​សិង្ហ​បុរី ជា​ម្ចាស់ផ្ទះ និង​ប្រធាន​។ បញ្ហា​ជាច្រើន រាប់បញ្ចូល​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ និង​សិទ្ធិមនុស្ស នឹងត្រូវ​បាន​លើក​យកទៅ​ពិភាក្សា​។ វា ក៏​ជា​ឱកាស សម្រាប់​មេដឹកនាំ​ម៉ាឡេស៊ី​ថ្មី ដែល​ថ្មីៗ​នេះ បាន​យក​វេទិកា​ខាងក្រៅ​តំបន់ វាយប្រហារ​មេដឹកនាំ​មី​យ៉ាន់​ម៉ា​ខ្លាំង​លើ​រឿង​សិទ្ធិមនុស្ស​ជួបគ្នា​ដោយផ្ទាល់​ផងដែរ​។​



​នៅពេលដែល​រដ្ឋ​សមាជិក​អាស៊ាន​នីមួយៗ ធ្វើជា​ម្ចាស់ផ្ទះ និង​ជា​ប្រធាន នៃ​កិច្ចប្រជុំ​កំពូល​ម្តងៗ រឿង​ដែល​អ្នកតាមដាន​គោលនយោបាយ​ការបរទេស​ទន្ទឹងរង់ចាំ​បំផុត​នោះ​គឺ លទ្ធផល​ផ្កែ​ផ្លា​ក្រោម​ការដឹកនាំ​របស់​ប្រធាន អាច​សម្រេចបាន​ទំហំ​ប៉ុណ្ណោះ ហើយ​ប្រធាន​នីមួយៗ បាន​ធានា​ពី​តួនាទី​ស្នូល ដោយ​រាប់បញ្ចូល​ទាំង​ការមិន​លម្អៀង​ទៅរក​ភាគី​ណាមួយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​រួម បាន​ប៉ុណ្ណា​។​
 
​ក៏ប៉ុន្តែ​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៣៣​នេះ រឿង​ដែល អ្នកតាមដាន​ការអនុវត្ត​គោលនយោបាយ​បរទេស រង់ចាំ​មើល​ផង​នោះ​គឺ ការជួបគ្នា​ក្នុង​វេទិកា​តែមួយ​រវាង​មេដឹកនាំ​ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ា ដែល​ស្ថិតនៅក្រោម​ដំបូល​អាស៊ាន​ដូចគ្នា​នោះ​។ ការណ៍ ដែល​គេ តាមដាន​នោះ ក៏​ព្រោះតែ នៅ​វេទិកា​ក្រៅ​តំបន់ មេដឹកនាំ​ម៉ាឡេស៊ី​ថ្មី គឺ​លោកនាយក​រដ្ឋមន្ត្រី មហា​មេ​ដ មហា​ធៀ ហាក់​វាយប្រហារ​ពី​ភាព​ដឹកនាំ​របស់​មេដឹកនាំ​មី​យ៉ាន់​ម៉ា គឺ​លោកស្រី​ទីប្រឹក្សា​រដ្ឋ អ៊ុង​សាន ស៊ូ​ជី ខ្លាំងៗ​។​
 
​លោកនាយក​រដ្ឋមន្ត្រី មហា​ធៀ នៅពេល​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ ចុងខែ​កញ្ញា​កន្លងទៅ បាន​រិះគន់​ពី​ភាព​អសកម្ម​របស់លោក​ស្រី ស៊ូ​ជី ក្នុងការ​ស្វែងរក​ដំណោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​ជនជាតិភាគតិច​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា នៅ​ចំពោះមុខ​មេដឹកនាំ និង​តំណាង​ប្រទេស​សមាជិក​អង្គការសហប្រជាជាតិ​ទាំងអស់ ដោយ​មិនមាន​ការយល់​យោគ​មី​យ៉ាន់​ម៉ា ដែលជា​មិត្ត​អាស៊ាន​ដូចគ្នា​សោះឡើយ​។ 
 
« នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ជនជាតិ​ឥស្លាម​នៅក្នុង​រដ្ឋ​រ៉ា​ខាន ត្រូវបាន​សម្លាប់​។ ផ្ទះសម្បែង​របស់​ពួកគេ ត្រូវកម្ទេច ខណៈដែល​ប្រជាជន​១​លាន​នាក់ ត្រូវ​បង្ខំចិត្ត​ចាក​ចេញពី​ប្រទេស ទាំង​មួយចំនួន ត្រូវ​លិចលង់​ក្នុង​សមុទ្រ និង​ត្រូវ​រស់នៅ​ដោយ​គ្មាន​អាហារូបត្ថម្ភ​ត្រឹមត្រូវ​។ ក៏ប៉ុន្តែ​អាជ្ញាធរ​មី​យ៉ាន់​ម៉ា ដែល​រាប់បញ្ចូល​ទាំង​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​បដិសេធ​ពី​ការកើតឡើង​ទាំងនេះ​។​
 
​ខ្ញុំ គោរព គោលការណ៍​មិន​ជ្រែ​ត​ជ្រែក​បញ្ហា​ផ្ទៃក្នុង​របស់​ប្រទេស​ណាមួយ ក៏ប៉ុន្តែ តើ​ពិភពលោក បាន​មើលឃើញ​ពី​ការសម្លាប់​រង្គាល កំពុងតែ​កើតឡើង​ទេ ហើយ​គួរតែ​នៅ​ស្ងប់ស្ងាត់​បែបនេះ ? រដ្ឋ​មាន​ឯករាជ្យ ក៏ប៉ុន្តែ​តើ​នេះ មានន័យថា គេ ក៏មាន​សិទ្ធិ​សម្លាប់​ប្រជាជន​ខ្លួនឯង ពីព្រោះ​គេ មាន​ឯករាជ្យ​មែន​ទេ​?» នេះ គឺជា​សារ​ខ្លី តែ​ភ្ជាប់​ជាមួយនឹង​ការវាយប្រហារ​របស់លោក​នាយករដ្ឋមន្ត្រី​ទៅលើ​ករណី​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​របស់​មី​យ៉ាន់​ម៉ា​ពេល​ប្រជុំ​នៅ​អង្គ​សហប្រជាជាតិ​។​
 
​គួរ​ជម្រាប​ផងដែរ​ថា គិត​ចាប់ពី​វិបត្តិ​ជនភៀសខ្លួន​ផ្ទុះឡើង​ខ្លាំង​ទាំង​ក្នុង​ឆ្នាំ​២០១២ និង​ចុងក្រោយ​នៅ​ចុងឆ្នាំ​២០១៧ មក​អាស៊ាន ក៏​តែងតែ​លើក​មក​ជជែក​ដែរ ក៏ប៉ុន្តែ​ក្នុង​ច​រិ​ក​លក្ខណៈ​មិត្តភាព ជាជាង​ការ​ថ្កោលទោស ពោលគឺ​អាស៊ាន តែងតែ​ជៀសវាង​ជជែក​ដេញដោល​ស៊ីជម្រៅ និង​ប្រយ័ត្ន​បំផុត​ក្នុងការ​ប្រើប្រាស់​ពាក្យពេចន៍ ដើម្បី​កុំ​ឲ្យ​មាន​ភាព​ថ្នាំងថ្នាក់​រវាង​ក្រុមគ្រួសារ​អាស៊ាន ដែលមាន​សមាជិក​សរុប​បច្ចុប្បន្ន​ដប់​ប្រទេស​នោះ​។​
 
​នៅពេលដែល​ម៉ាឡេស៊ី ស្ថិតក្រោម​ការដឹកនាំរ​បស់​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ លោក មិន​ត្រឹមតែ​ថ្លែងការណ៍​វាយប្រហារ​លោកស្រី អ៊ុង​សាន ស៊ូ​ជី ប៉ុណ្ណោះ​នោះទេ តែ​ថែមទាំង​ដឹកនាំ បាតុកម្ម​ក្នុងប្រទេស​របស់ខ្លួន​ដោយផ្ទាល់ ដើម្បី​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បង្ហាញ​ពី​ការទទួលខុសត្រូវ​ទៅលើ​ជនរងគ្រោះ​ជនជាតិភាគតិច​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា​ផងដែរ​។ ក៏ប៉ុន្តែ​តាមរយៈ​វេទិកា​អាស៊ាន លោក ណា​ជីប មិន​ដាក់​សម្ពាធ ឬ​បំបាក់មុខ​លោកស្រី អ៊ុង​សាន ស៊ូ​ជី ធ្ងន់ធ្ងរ​ពេក​ឡើយ​៕ 
 

Tag:
 មី​យ៉ាន់​ម៉ា​
  ម៉ាឡេស៊ី​
  មហា​ធៀ មហាម៉ាត់​
© រក្សាសិទ្ធិដោយ thmeythmey.com