ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អា​ទី​សង់​អង្គរ ជួយ​តម្បាញ​ខ្មែរ​បុរាណ​ឱ្យ​រស់​ឡើងវិញ​
11, Nov 2018 , 4:03 pm        
រូបភាព
​សៀមរាប​៖ សិប្បកម្ម​តម្បាញ​ខ្មែរ​បុរាណ ដែល​ត្បាញ​ដោយ​ដៃ​មាន​មិន​ច្រើន​ទេ ហើយ​រឹតតែ​តិច​បំផុត​សម្រាប់​សហគ្រាស និង​ក្រុមហ៊ុន​ដែល​វិនិយោគ​សិប្បកម្ម​មួយ​នេះ​។ ក្រុមហ៊ុនចម្រុះ​សិប្បករ​អង្គរ ដែល​គេ​តែង​ហៅថា អា​ទី​សង់​អង្គរ (Artisans Angkor) មាន​វត្តមាន​ច្រើន​ឆ្នាំ​មកហើយ​នៅ​ខេត្តសៀមរាប​។ ក្រុមហ៊ុន​នេះ បាន​ជួយ​ស្ដ្រី​ខ្មែរ​រស់នៅ​ខេត្តសៀមរាប​ប្រមាណ ៨០០​នាក់​ឱ្យមាន​ចំណេះ​ជំនាញ​ផ្នែក​តម្បាញ ដែល​ពួកគេ​ភាគច្រើន​ជា​អ្នកស្រុក​ពួក ក្រីក្រ និង​រៀនសូត្រ​បាន​តិច​។ ជាមួយគ្នានេះដែរ អា​ទី​សង់​អង្គរ បាន​ដើរតួ​យ៉ាងសំខាន់​សម្រាប់​សិប្បកម្ម​តម្បាញ​ខ្មែរ ដ្បិតថា​ក្រុមហ៊ុន​នេះ​បាន​ជួយ​ការ​ត្បាញ​បែប​បុរាណ​របស់​ខ្មែរ គឺ​ការ​ត្បាញ​ដោយ​ដៃ​ឱ្យ​រស់​ឡើងវិញ​។

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖



 
​អស់​រយៈពេល​២៦​ឆ្នាំ​មកហើយ ដែល​អា​ទី​សង់​អង្គរ មាន​វត្តមាន និង​ជួយ​កកាយ​តម្បាញ​បុរាណ​ខ្មែរ​ឱ្យមាន​ជីវិត​ឡើងវិញ​។ តាមពិតទៅ ពេល​បង្កើត​នៅ​ឆ្នាំ ១៩៩២ ស្ថាប័ន​នេះ​មាន​ឈ្មោះថា សាលា​បណ្ដុះបណ្តាល​វិជ្ជាជីវៈ​ដែល​ស្ថិតក្រោម​សេនាធិការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ទទួលយក​ពលរ​ដ្ឋ​នៅ​ជនបទ​ក្នុងស្រុក​ពួក ខេត្តសៀមរាប ឱ្យមាន​ចំណេះ​ជំនាញ​ផ្នែក​សំណង់ សិល្បៈ និង​សិប្បកម្ម​។ ឆ្នាំ​១៩៩៨ ស្ថាប័ន​នេះ​ត្រូវបាន​ដូរ​ឈ្មោះ​ទៅជា រោង​សិប្បករ​អង្គរ និង​ឆ្នាំ​២០០៣ បង្កើតជា​ក្រុមហ៊ុន​សិប្បករ​អង្គរ ឬ​អា​ទី​សង់​អង្គរ ដែលជា​សហគ្រាស​ចម្រុះរ​ដ្ឋ រហូតមកដល់​បច្ចុប្បន្ន​នេះ​។​
 
​បច្ចុប្បន្ន​រោង​សិប្បកម្ម​របស់​អា​ទី​សង់​អង្គរ​មាន​ចំនួន​ពីរ​ទីតាំង គឺ​ទីមួយ​នៅ​ស្រុក​ពួក និង​ទី​តាំងទី​ពីរ នៅ​ក្រុង​សៀមរាប​។ នៅ​ស្រុក​ពួក រោង​សិប្ប​កម្មនេះ​មាន​ទំហំ​ធំ ដោយមាន​ទាំង​ទីតាំង​សម្រាប់​ដាំ​មន កន្លែង​ចិញ្ចឹម​ដង្កូវនាង តម្បាញ និង​គ្រប់​ចង្វាក់​ផលិតកម្ម​តម្បាញ​ដោយ​ដៃ​។ នៅ​ទីតាំង​នេះ ក៏បាន​រៀបចំ​ជាទី​តាំង​ទស្សនា​សម្រាប់​ភ្ញៀវទេសចរ​ផងដែរ​។​


 
​លោក ប៉ាវ អៀង​ឃ័ង នាយក​ផលិតកម្ម​សូត្រ នៃ​ក្រុមហ៊ុនចម្រុះ​សិប្បករ​អង្គរ ឬ​អា​ទី​សង់​អង្គរ បានឱ្យដឹងថា នៅក្នុង​ស្រុក​ពួក កន្លែង​លោក​មាន​ដី​សម្រាប់​ដាំ​ដើម​មន​ប្រហែល ៥​ហិកតា​។ តាមពិតទៅ ចំនួន​នេះ​មិនអាច​បំពេញតម្រូវការ​ចំពោះ​ចង្វាក់​ផលិតកម្ម​នៅទីនេះ​ឡើយ គឺ​បានតែ​ចំនួន​តួច​តែប៉ុណ្ណោះ​។ ចំនួន​ដើម​មន​ប្រមាណ ៥​ហិកតា អាច​ផលិត​សរសៃសូត្រ​បាន​ប្រមាណ ៣០០​ទៅ ៤០០​គីឡូក្រាម​ក្នុង​មួយឆ្នាំ នៅពេលដែល​ចង្វាក់​ផលិតកម្ម មាន​តម្រូវការ​រហូត ១០ ទៅ​១២​តោន​ឯណោះ​។ ជាការ​ចាំបាច់ អា​ទី​សង់​ត្រូវ​ទិញ​សូត្រ​បន្ថែម​ពី​ប្រទេស​ចិន និង​មួយចំនួន​តូច​ពី​វៀតណាម​។​


 
​ចំណែក​ការដាំ​មន​ដែលជា​អាហារ​ដ៏​សំខាន់​សម្រាប់​ដង្កូវនាង ក៏ត្រូវ​ការ​រើស​ពូជ​ឱ្យបាន​ត្រឹមត្រូវ​ដែរ បើ​មិន​ដូច្នោះ​ទេ ដង្កូវនាង​មិនអាច​ផលិត​សរសៃសូត្រ​បាន​ច្រើន​ទេ​។ មន​ដែល​អា​ទី​សង់​អង្គរ​ជ្រើសរើស​ជា​ចំណី​សម្រាប់​ដង្កូវនាង គឺជា​មន​មាន​ស្លឹក​ធំ ជា​ប្រភេទ​មន​ថ្មី​ដែល​គេ​ទើប​បង្កាត់​។​


 
ការវិវត្តន៍​ដង្កូវនាង​មាន​៥​ដំណាក់កាល​សំខាន់ៗ បន្ទាប់ពី​ពង​ហើយ​ផ្តើម​ញាស់​ជា​ដង្កូវ​។ ដំណាក់កាល​ទី​១ ដល់ទី​៤ ដង្កូវនាង​ស៊ី​ដេក​ចំនួន ៤​ថ្ងៃ និង​ដំណាក់កាល​ទី​៥ ចំណាយពេល​ពី​៧​ទៅ​៨​ថ្ងៃ និង​បន្ទាប់​ពីនេះ ដង្កូវនាង​ចាប់ផ្តើម​ធំ វា​ឈប់​ស៊ី​ស្លឹក​មន និង​ចាប់ផ្តើម​ផលិត​សរសៃសូត្រ​។ ក្នុង​មួយ​វដ្ដ​របស់​ដង្កូវនាង គឺ​វា​ប្រើពេល​ចំនួន ៤៧​ថ្ងៃ​។ ក្នុង​មេអំពៅ​មួយ អាច​ពង​បាន​ចំនួន ៣០០ ហើយ​ជា​មធ្យម​ដង្កូវនាង​ស៊ី​ស្លឹក​មន​ចំនួន ២៥​ក្រាម ក្នុង​មួយ​វដ្ដ​ជីវិត​របស់​វា​។​


 
​ឯ​ការចិញ្ចឹម​ដង្កូវ​ក្នុងស្រុក ក៏ដូចជា​ខាង​អា​ទី​សង់​បាននិងកំពុង​ធ្វើ​សព្វថ្ងៃ គឺជា​ដង្កូវ​ដែលមាន​លក្ខណៈពិសេស ហើយ​សំបុក​ដង្កូវនាង​ចេញមក​មាន​ពណ៌​លឿង ឬ​សូត្រ​មាស​តែម្ដង​។ លោក ប៉ាវ អៀង​ឃ័ង បានឱ្យដឹងថា ពូជ​ប្រភេទ​នេះ​នៅ​ប្រទេស​ក្បែរ​ខាងគេ​ក៏មានដែរ ឯ​កម្ពុជា​ពូជ​នេះ​មាននៅ​តាកែវ ភ្នំស្រុក និង​តាម​បណ្តោយ​ទន្លេមេគង្គ​។ យ៉ាងណា ក៏​ចិញ្ចឹម​ដង្កូវនាង​មិនមែនជា​រឿង​ងាយស្រួល​ឡើយ​។ វា​ជា​ប្រភេទ​សត្វ​ដែលមាន​ហានិភ័យ​ខ្ពស់ ងាយ​ស្លាប់ និង​ងាយ​ឆ្លង​រោគ​ផ្សេងៗ ដែល​អាចឱ្យ​វា​មិនអាច​ផលិត​សរសៃសូត្រ​បានល្អ​ប្រសិនបើ​មើលថែ​វា​មិនបាន​ត្រឹមត្រូវ​។ ដូច្នេះ​គេ​ត្រូវ​មើលថែ​វា​ឱ្យបាន​ដិតដល់ មិនឱ្យ​មាន​អ្វី​រំខាន​វា​ឡើយ​។ ដង្កូវនាង គឺជា​សត្វ​ដែល​ត្រូវការ​ជីវិត​រស់នៅ​បែប​ធម្មជាតិ​សុទ្ធសាធ​។​


 
លុះដល់​ដំណាក់កាល​ស្រាយ​សូត្រ ដង្កូវនាង​ប្រើពេល​ផលិត​សរសៃសូត្រ​រយៈពេល​២០​ថ្ងៃ តែ​គេ​មិនត្រូវ​រង់ចាំ​ដល់​២០​ថ្ងៃ​នោះទេ មិន​ដូច្នោះ វា​អាចធ្វើឱ្យ​សរសៃសូត្រ​ផុយ ដាច់​បាន​។ គេ​អាច​ស្រាយ​សរសៃ​បាន​នៅពេល​វា​កំពុង​ផលិត​រយៈពេល​៤ ឬ​៥​ថ្ងៃ អំឡុង​ពេលនោះ គឺ​សរសៃសូត្រ​ល្អ​។ តែ​មុន​ស្រាយ គេ​យក​វា​ទៅ​ចំហុយ​សិន ដើម្បី​រក្សា​គុណភាព និង​ហាល​វា​ទុកឱ្យ​ស្ងួត​ដើម្បី​រក្សា​គុណ​ភាណ​ទុក​បានយូរ​។ គេ​ក៏​អាច​យកមក​ស្រាយ​ភ្លាមៗ ដោយ​មិនបាច់​ចំហុយ​បាន​ផងដែរ​។ ការ​ស្រាយ​នេះ បែង​ចែកជា​២ គឺ​ការ​ស្រាយ​យក​សរសៃ​ធំ និង​សរសៃ​តូច​។ ក្នុង​សំបុកនាង​មួយ អាច​ផលិត​សរសៃសូត្រ​បាន​ប្រហែល ៣០០​ទៅ​៤០០​ម៉ែត្រ តែបើ​ការចិញ្ចឹម​បែប​បច្ចេកទេស​មាន​ចំណី​គ្រប់គ្រាន់ និង​ការថែរក្សា​បានល្អ អាចមាន​ប្រវែង​ដល់ ៧០០​ម៉ែត្រ​។ 


 
​បន្ទាប់ពី​ស្រាយ និង​ដើម្បី​ចង់បាន​សូត្រ​ស្វិត​ទុក​បានយូរ គេ​ត្រូវយក​សរសៃសូត្រ​ទៅ​វៃ បន្ទាប់មក​គេ​យក​សរសៃ​ទៅ​ច្រ​លុក​ពណ៌​។ ការ​ច្រ​លុក​ពណ៌​នេះ​ដើម្បី​បំពេញតម្រូវការ​អតិថិជន ដែល​ចង់បាន​ពណ៌​ប្លែកៗ តែ​អ្នកខ្លះ​ក៏​ស្រឡាញ់​សូត្រ​ដែលមាន​ពណ៌​ធម្មជាតិ​ផងដែរ​។ ក្រោយ​ច្រ​លុក​ពណ៌​រួច គេ​យក​វា​ទៅ​ស​ម្ងួ​ត ចាក់​ធ្មេញ ថ្ករ និង​ដំ​ឡើងលើ​កី ចង​កៀត​សម្រាប់​ត្បាញ​។​ល​។ តាម​ការបញ្ជាក់​របស់​លោក ប៉ាវ អៀង​ឃ័ង ដំណាក់កាល​ចង​កៀត ជា​ដំណាក់​កាលដែល​លំបាក​បំផុត​ក្នុង​ការផលិត​សូត្រ​ខ្មែរ ព្រោះ​វា​ត្រូវបាន​ប្រើពេល​យូរ ដើម្បី​ចង​ទៅតាម​ក្បាច់​ដែល​បាន​គូស​។​


 
​តាម​ការសិក្សា​របស់​អ្នកជំនាញ​សូត្រ លោក ប៉ាវ អៀង​ឃ័ង បានឱ្យដឹងថា សូត្រ​មាន​ប្រវត្តិ​ដំបូង​នៅ​ប្រទេស​ចិន ហើយ​ខ្មែរ​បាន​ស្គាល់​សូត្រ​ដំបូង​តាមរយៈ​អ្នកជំនួញ​ជនជាតិ​ចិន ក្នុងអំឡុង​ស​.​វ​ទី​៣​។ ហើយ​សម័យ​នោះ មានតែ​ព្រះមហាក្សត្រ មន្ត្រី​តែប៉ុណ្ណោះ​ដែល​ប្រើប្រាស់​សូត្រ ព្រោះ​វា​មានតម្លៃ​ថ្លៃ​។ តាម​ឯកសារ​ប្រវត្តិសាស្ដ្រ ខ្មែរ​អាច​ផលិត​សូត្រ​បាន​ដោយ​ខ្លួនឯង​នៅ​ស​.​វ​ទី​៧ ដោយមាន​ការដាំ​មន និង​ចិញ្ចឹម​ដង្កូវនាង​។ លោក ប៉ាវ អៀង​ឃ័ង ថា សូត្រ​របស់​ខ្មែរ​មានគុណ​ភាព និង​សោភ័ណភាព​ស្អាត​។ លក្ខណៈពិសេស​របស់​សូត្រ​ខ្មែរ​គឺ​ស្វិត និង​អាច​បោក​ទឹកបាន​។​


 
​មាន​សំណួរ​ជាច្រើន​បាន​ចោទសួរ​អា​ទី​សង់​អង្គរ ពី​មូល​ហេតុដែល​ក្រុមហ៊ុន​នេះ​បន្ត​អភិរក្ស​ការ​ត្បាញ​ដោយ​ដៃ​។​នាយក​ផលិតកម្ម​សូត្រ នៃ​ក្រុមហ៊ុនចម្រុះ​សិប្បករ​អង្គរ លោក ប៉ាវ អៀង​ឃ័ង បានឱ្យដឹងថា គោលបំណង​សំខាន់​របស់​អា​ទី​សង់​អង្គរ គឺ​ចង់​ជួយ​ស្ដ្រី​ដែលមាន​ចំណេះដឹង​តិចតួច​ឱ្យមាន​ការងារ​ធ្វើ​នៅក្បែរ​ផ្ទះ​ពួកគេ ងាយស្រួល​ឱ្យ​ពួកគេ​រស់នៅ​ជិត​គ្រួសារ​។ ការណ៍​នេះ បានធ្វើឱ្យ​អា​ទី​សង់​អង្គរ​សង់រោង​តម្បាញ​ចំនួន ១០ នៅតាម​បណ្ដា​ភូមិ​ក្នុងស្រុក​ពួក ដើម្បី​សម្រួល​ដល់​ស្ដ្រី​ឱ្យមាន​ការងារ​ធ្វើ​ក្បែរ ដោយ​មិនបាច់​ចំណាកស្រុក​។​


 
​ដើម្បី​ផ្សព្វផ្សាយ​តម្បាញ​សូត្រ​ដល់​បរទេស​បានដឹង អា​ទី​សង់​អង្គរ ក៏បាន​រៀបចំ​ឱ្យមាន​កន្លែង​ឱ្យ​ភ្ញៀវ​ចូល​ទស្សនា ដើម្បី​ស្វែងយល់​ពី​ចង្វាក់​ផលិតកម្ម​ក្នុង​រោង​តម្បាញ​ផងដែរ​។ ភ្ញៀវទេសចរ​អាច​ចូល​ទស្សនា​ដោយ​សេរី​នៅ​កន្លែង​ដាំ​មន កន្លែង​ចិញ្ចឹម​ដង្កូវនាង រោង​តម្បាញ​។​ល​។ ដោយមាន​ម​គ្គុ​ទេ្ទ​សក៍​ខាង​អា​ទី​សង់​នាំ​ផ្លូវ និង​ធ្វើ​បទ​បង្ហាញ​ដល់​ទេសចរ​គ្រប់​ជាតិ​សាសន៍​ដែល​អញ្ជើញ​ទៅដល់​ផងដែរ​។ តាម​តួលេខ ក្នុង​មួយថ្ងៃ​មាន​ទេសចរ​ប្រមាណ ១៤០០​នាក់ ដែល​ចូលទៅ​ទស្សនា​ក្នុង​រោង​សិប្បកម្ម​តម្បាញ​សូត្រ​របស់​អា​ទី​សង់​អង្គរ​ដែល​ស្ថិតនៅ​ស្រុក​ពួក​។​
 
​ទន្ទឹមនឹង​ជួយ​ពលរដ្ឋ​ក្រីក្រ​ឱ្យមាន​ការងារ​ធ្វើ​សមរម្យ​ហើយ​នោះ អា​ទី​សង់​អង្គរ​ក៏ត្រូវ​បាន​គេ​ចាត់ទុកថា បាន​ជួយ​តម្បាញ​បុរាណ​ខ្មែរ​ឱ្យ​រស់​ឡើងវិញ​ផងដែរ​។ លោក ប៉ាវ អៀង​ឃ័ង ចាត់ទុក​ការលើកឡើង​នេះ​ថា​ពិតជា​ត្រឹមត្រូវ ដ្បិត​អា​ទី​សង់​អង្គរ​បន្ត​ត្បាញ​សូត្រ​ដោយ​ដៃ ទោះ​បច្ចុប្បន្ន​មាន​ម៉ាស៊ីន​ជំនួស​ក៏ដោយ​។ លោក​បន្ដថា អា​ទី​សង់​អង្គរ​ចង់​បន្ដ​និរន្ដរភាព​នេះ និង​បាន​ជួយ​ទិញ​ផលិតផល​សូត្រ​ពី​អ្នកភូមិ​ដើម្បី​លើកស្ទួយ​ស្នាដៃ​របស់​ខ្មែរ​។ ទិសដៅ​របស់​អា​ទី​សង់​អង្គរ គឺ​រក្សា​សិប្បកម្ម​តម្បាញ​នេះ​ឱ្យនៅ​ស្ថិតស្ថេរ​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​៕
 

Tag:
 ​អា​ទី​សង់​អង្គរ​
  តម្បាញ​
  សូត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com