ជាតិ
លោក ណៃ សុខ​ន្ត​រ៉ា​៖ ការបើក​អាជីវកម្ម​ក្រោយ​គេ ត្រូវមាន​អ្វីមួយ​នៅក្នុង​ដៃ​ខុសពី​គេ
12, Nov 2018 , 7:59 am        
រូបភាព
លោក ណៃ សុខន្តរ៉ា ម្ចាស់ហាង Zoo Cafe
លោក ណៃ សុខន្តរ៉ា ម្ចាស់ហាង Zoo Cafe
​ភ្នំពេញ​៖ ហាង​កាហ្វេ​បើក​ថ្មីៗ​ជាច្រើន វា​មិនមែនជា​រឿង​មួយ​ប្លែក សម្រាប់​អតិថិជន នាពេល​បច្ចុប្បន្ននេះ​ទេ​។ ដូច្នេះ​ការបើក​អាជីវកម្ម​ហាង​កាហ្វេ​ក្រោយ​គេ វា​ទាមទារ​ឲ្យ​មាន​ភាព​ច្នៃប្រឌិត​ប្លែក​ពី​គេ​ដែរ​។ នេះ​ជា​បទពិសោធន៍​មួយ​របស់លោក ណៃ សុខ​ន្ត​រ៉ា ម្ចាស់​ហាង​កាហ្វេ Zoo Café​។​

 
​កាហ្វេ​សួនសត្វ ឬ Zoo Café ទើបតែ​បើក​ដំណើរការ រយៈពេល​៤​ខែ​ប៉ុណ្ណោះ​។ ហើយ​វា​ជា​កន្លែង​ហាង​កាហ្វេ​មួយ​ប្លែក​ពី​ហាង​ដទៃ ត្រង់​ថា នៅ​ទីនោះ​មាន​ប្រភេទ​សត្វ​ចិញ្ចឹម​ជាច្រើន សម្រាប់​អ្នក​ពិសារ​កាហ្វេ បបោសអង្អែល​លេង ជាមួយ​សត្វ​ដែល​គួរ​ឲ្យ​ស្រលាញ់​ទាំងនោះ​។ ហាង​កាហ្វេ​មួយ​នេះ កើតចេញពី​គំនិត​ច្នៃប្រឌិត​របស់លោក ណៃ សុខ​ន្ត​រ៉ា ដែលជា​ចូលចិត្ត និង​ស្រលាញ់​សត្វ​។​


 
​មូលហេតុ​ដែល​លោក សុខ​ន្ត​រ៉ា សម្រេចចិត្ត​យក​សត្វ​មក​ដាក់​បង្ហាញ​នៅក្នុង​ហាង​នេះ ដោយសារ​លោក​ចង់​ឲ្យ​មនុស្ស​ទូទៅ​បាន​ស្គាល់​ប្រភេទ​សត្វ​ទាំងនោះ រួមផ្សំ​ជាមួយ​គំនិត​ចង់បាន​អ្វីដែល​ថ្មី និង​ប្លែក​ក្នុង​អាជីវកម្ម​កាហ្វេ​ផង​។ ប្រភេទ​សត្វ​ដែល​លោក សុខ​ន្ត​រ៉ា យកមក​បង្ហាញ​អតិថិជន​ខ្លួន​នេះ ភាគច្រើន​ជាស​ត្វ​ចិញ្ចឹម​នាំមក​ពី​បរទេស ដែល​វា​ជា​ដើមទុន​៥០​ភាគរយ សម្រាប់​ម្ចាស់​ហាង​កាហ្វេ​រូបនេះ ដែល​រំពឹងថា អាជីវកម្ម​ខ្លួន​ទទួលបាន​ជោគជ័យ​។​


 
​ម្ចាស់​ហាង​កាហ្វេ វ័យ​២៥​ឆ្នាំ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖ « មុន​បើក Zoo Café នេះ​ឡើង ខ្ញុំ​បាន​សិក្សា​ពី​ហាង​កាហ្វេ​មួយកន្លែង​នៅ​ប្រទេស​ថៃ ដែល​វា​មាន​លក្ខណៈ ដូច​ហាង​របស់ខ្ញុំ​បច្ចុប្បន្ន នេះ​ចឹ​ង​។ ខ្ញុំ​បាន​ស្វែងរក និង​បំពេញ​ចំណុច​ខ្វះខាត​របស់​ហាង​កាហ្វេ​នោះ យកមក​កែច្នៃ និង​អនុវត្ត​ដោយផ្ទាល់ សម្រាប់​ការដើរ​លើ​អាជីវកម្ម​នេះ​ក្រោយ​គេ​»​។  


 
​ក្រៅពី​រៀបចំ​ទីតាំង​ហាង​ស្អាត មាន​សោ​ភណ្ឌ​នោះ វា​ក៏​ទាមទា​ឲ្យ​លោក សុខ​ន្ត​រ៉ា រៀបចំ​បរិស្ថាន និង​អនាម័យ​ឲ្យ​បានល្អ​ដែរ​។ ចំណុច​ដែល លោក សុខ​ន្ត​រ៉ា បាន​បំពេញ​នោះ គឺ​ការរៀបចំ​ហាង​មិន​ឲ្យ​មាន​ក្លិន​អាក្រក់ ចេញពី​សត្វ​ដែល​បាន​តាំង​បង្ហាញ​ទាំងនោះ​(​ក្លិន​ទឹកនោម ឬ​ក្លិន​លាមក​សត្វ​ជាដើម​) និង​រៀបចំ​ទីកន្លែង​សត្វ ឲ្យ​បាន​ត្រឹមត្រូវ មិនមាន​ភាព​រត់​រប៉ាត់រប៉ាយ ឬ​រំខាន​ដល់​អតិថិជន​។ អ្វីដែល​ពិសេស​នោះ គឺ​ការចូល​មើល​សត្វ​ដោយ​សេរី ជាមួយ​តម្លៃ​កាហ្វេ​មិន​លើសពី​ហាង​កាហ្វេ​ល្បីៗ ក្នុងស្រុក​ឡើយ​។ លោក សុខ​ន្ត​រ៉ា បាន​បញ្ជាក់ថា ពលរដ្ឋ​អាច​ចូល​មើល​សត្វ​ទាំងនោះ គ្រប់ពេលវេលា ដោយ​មិនបាច់​ទិញ​កាហ្វេ​ក៏បាន​ដែរ​។ 


 
​លោក​និយាយ​ដូច្នេះ « មាន​កត្តា​ពីរ​យ៉ាង ដែល​ជំរុញ​ឲ្យ Zoo Café  ទទួលបាន​ភាពជោគជ័យ​។  កត្តា​ជំរុញ​ទី​១ គឺ​សត្វ ដោយសារតែ​ខ្ញុំ​ជា​មនុស្ស​ស្រលាញ់ និង​ចិញ្ចឹមសត្វ ហើយ​សត្វ​ភាគច្រើន​ដែល​ខ្ញុំ​មាន​នោះ មនុស្ស​ទូទៅ មិនសូវ​បាន​ស្គាល់ ឬ​ដឹង​ពីមុន​ឡើយ​។ កត្តា​ជំរុញ​ទី​២ គឺ​ខ្ញុំ​ចង់​បង្កើត​អ្វីដែល​គេ​មិន​ធ្លាប់មាន​ពីនេះ​។ ជាក់ស្តែង​សត្វ​ទាំងនេះ ខ្ញុំ​ជឿ​ង​ជា​ក់ថា ហាង​កាហ្វេ​ល្បីៗ ក្នុង និង​ក្រៅ​ស្រុក គឺ​មិនមាន​ឡើយ​។ ក្រៅពីនេះ ខ្ញុំ​បាន​សិក្សា និង​កែលម្អ​ទៅរក​ភាព​វិជ្ជា​មាន​បន្ថែម  ក្នុង​ប្រភេទ​អាជីវកម្ម ដែលមាន​លក្ខណៈ​ប្រកួតប្រជែង​គ្នា​ខ្លាំង​បែបនេះ​»​។ 


 
​សត្វ​ប្លែកៗ​ទាំងនោះ ភាគច្រើន​នាំចូល​ពី​ប្រទេស​ថៃ ដែល​រួមមាន សត្វ​ស្វា​តូច​Marmoset,  កញ្ជ្រោង Fennec, កណ្ដុរ​Jerboa, ជ្រូក​Guinea,  សត្វ​បង្គួ​យ និង​សត្វ​ស្អាតៗ​មួយចំនួនទៀត​។ នេះ​បើតាម​ការអះអាង​របស់ លោក ណៃ សុខ​ន្ត​រ៉ា​៕




 

Tag:
 សេដ្ឋកិច្ច​
  កាហ្វេ​
  អាជីវកម្ម​
  សត្វ​
  Zoo Café
  Starup
© រក្សាសិទ្ធិដោយ thmeythmey.com