ជាតិ
អ្នករស់នៅ​ខេត្ត​បី​មាន​អាទិភាព​ទទួលបាន​អាហារ​រូបករណ៍​ផ្នែក​ផលិត​ភាពយន្ត​ឯកសារ​
12, Nov 2018 , 8:59 am        
រូបភាព
បុប្ផាណា
បុប្ផាណា
​ភ្នំពេញ​៖ ខេត្តបន្ទាយមានជ័យ ប​ណ្ឌ​ល​គី​រី និង​ខេត្ត​រតនគីរី ស្ថិតក្នុង​ខេត្ត​គោលដៅ​ដែល​បេក្ខជន​មកពី​ខេត្ត​ទាំងនោះ អាច​ទទួលបាន​អាហារ​រូបករណ៍ សិក្សា​វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​ផលិតភាព​យន្ត​ឯកសារ និង​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ ពី​សមាគម​ផលិត​ស្រាវជ្រាវ​តម្កល់​ឯកសារ​សោតទស្សន៍​(ARPAA)​។ សិក្ខាកាម​ជានា​រី និង​ជនជាតិដើម​ភាគតិច​ត្រូវ​បានផ្ដល់​សិទ្ធ​អាទិភាព​)​។​


 
​ដោយ​ទទួលបាន​ការឧបត្ថម្ភ​ពី​កម្មវិធី VOICE តាមរយៈ​អង្គការ​អុក​ស្វា​ម​(Oxfam in Cambodia) និង​ការឧបត្ថម្ភ​ពី​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា សមាគម​ផលិត​ស្រាវជ្រាវ​តម្កល់​ឯកសារ​សោតទស្សន៍​(ARPAA) បាន​បង្កើត​គម្រោង​មួយ​ដែលមាន​ឈ្មោះថា «​ការ​បន្លឺសំឡេង​របស់​ស្ត្រី​ជនជាតិដើម​ភាគតិច និង​ក្រុមមនុស្ស​ដែល​ត្រូវបាន​គេ​រើសអើង តាមរយៈ​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែលមាន​នវ​ភាព​» សម្រាប់​រយៈពេល​២៤​ខែ​។ វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​ផលិតភាព​យន្ត​ឯកសារ និង​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ ផ្ដល់ជូន​សិក្ខាកាម​ចំនួន​១២​រូប​។ 
 
​លក្ខខណ្ឌ​ដែល​អាច​ទទួលបាន​អាហារ​រូបករណ៍​នេះ ទាល់តែ​ជា​បេក្ខជន​ដែល​មកពី​ខេត្ត​គោលដៅ​បី មាន​ខេត្តបន្ទាយមានជ័យ មណ្ឌល​គី​រី និង​ខេត្ត​រតនគីរី ហើយ​បេក្ខជន​ជានា​រី និង​ជនជាតិដើម​ភាគតិច​ត្រូវ​បានផ្ដល់​សិទ្ធ​អាទិភាព​។ មាន​អាយុ​ពី​១៨​ឆ្នាំ​ដល់​៣០​ឆ្នាំ ជា​អ្នក​ដែលមាន​កម្រិតវប្បធម៌​ចាប់ពី​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) ឡើងទៅ​(​អ្នកមានចំណេះដឹង​ភាសា​អង់គ្លេស និង​កុំព្យូទ័រ ត្រូវបាន​ផ្ដល់​សិទ្ធិ​អាទិភាព​)​។ ជា​អ្នកមាន​ចំណង់​ចំណូលចិត្ត​ខ្ពស់​ផ្នែក​ភាពយន្ត​(​កុន​) និង​ចូលចិត្ត​ធ្វើការ​ជា​ក្រុម ព្រមទាំង​មាន​ពេល​គ្រប់គ្រាន់​ក្នុងការ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ទាំងអស់​។​
 
​បេក្ខជន​ដែល​បានជ្រើសរើស នឹង​ទទួលបាន​អាហារ​រូបករណ៍​សម្រាប់​ការសិក្សា អាហារ និង​ការ​ស្នាក់នៅ ក្នុងការ​សិក្សា​មួយ​ចប់​វគ្គ​។ ទទួលបាន​វិញ្ញ​ប​នប​ត្រ​បញ្ជាក់​ការសិក្សា និង​មានឱកាស​បង្ហាញ​ស្នាដៃ​របស់ខ្លួន​នៅក្នុង​មហោស្រព​ភាពយន្ត​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​។​
 
​សម្រាប់​អ្នកមាន​ចំណាប់អារម្មណ៍ សូម​បំពេញបែបបទ​ដាក់ពាក្យ​សុំចូល​រៀន​(Application form ) ផ្ញើ​ទៅកាន់ មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផា​ណា ផ្ទះ​លេខ​៦៤ ផ្លូវ​លេខ ២០០ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ឬ​ផ្ញើ​ទៅកាន់​អ៊ី​ម៉ែ​ល [email protected] និង [email protected] ។​
 
​កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យសុំ​ចូលរៀន ត្រឹម​ថ្ងៃទី​៣០​ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ចូលរៀន​ថ្ងៃទី​២ ខែមករា ឆ្នាំ ២០១៩​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ហៅ​ទៅកាន់​លេខ ០១០ ៧៧ ៥១ ៥១ និង ០៩៦ ៧៤ ៧៧ ៤១២ ៕

Tag:
 បុប្ផា​ណា​
  ភាពយន្ត​
  អាហារ​រូបករណ៍​
  សិល្បៈ​
© រក្សាសិទ្ធិដោយ thmeythmey.com