អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
ផែនការ​គោល​នៃ​បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន​នឹងត្រូវ​អនុម័ត​ជា​ផ្លូវការ​នៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៣
12, Nov 2018 , 11:08 am        
រូបភាព
​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៣ ចាប់ផ្តើម​ឡើង​នៅ​ថ្ងៃ​ចន្ទ​ទី ១២ ខែវិច្ឆិកា​នេះ​នៅ​ប្រទេស​សិង្ហ​បុរី​ដែលជា​ប្រធាន​អាស៊ាន​ឆ្នាំនេះ​។ ក្នុង​កិច្ចប្រជុំ​កំពូល​នេះដែរ មេដឹកនាំ​អាស៊ាន​ទាំង​ដប់​នឹង​អនុម័ត​យក​ផែនការ​គោល​ស្តីពី​បណ្តាញ​ទីក្រុង​ឆ្លាត​របស់​អាស៊ាន (ASEAN Smart Cities Network Framework) ជា​ផ្លូវការ​ដែរ​។​

 
​មេដឹកនាំ​អាស៊ាន​ទាំង​ដប់​នឹង​អនុម័ត​យក ផែនការ​គោល​ស្តីពី​បណ្តាញ​ទីក្រុង​ឆ្លាត​របស់​អាស៊ាន (ASCN) ជា​ផ្លូវការ​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​សប្តាហ៍​នេះ ។ តាមពិតទៅ គំនិត​ផ្តួចផ្តើម​ទីក្រុង​ឆ្លាត​របស់​សិង្ហ​បុរី​ដែលជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំនេះ ត្រូវបាន​ប្រកាស​ជា​សាធារណៈ​តាំងពី​ខែមេសា​មកម្ល៉េះ​។​
 
​ផែនការ​គោល​ស្តីពី​ទីក្រុង​ឆ្លាត​អាស៊ាន​នេះ​ត្រូវបាន​រៀបចំឡើង​ដោយមាន​ការសហការ​គ្នា​រវាង​ទីក្រុង​ជា​សមាជិក​ទាំងអស់ ហើយ​វា​មាន​គោលដៅ​កំណត់​និយមន័យ​នៃ​ទីក្រុង​ឆ្លាត និង​ដាក់​ផែនការ​សកម្មភាព​ជាក់លាក់​សម្រាប់​ការអភិវឌ្ឍ​ទីក្រុង​របស់​អាស៊ាន​ចន្លោះ​ពី​ឆ្នាំ ២០១៨ ដល់​ឆ្នាំ ២០២៥​។ លើសពីនេះទៅទៀត​នោះ ផែនការ​គោល​នេះ​ក៏​កំណត់​ចង្អុល​ពី​លទ្ធភាព​ក្នុងការ​សហការ​ជាមួយ​ប្រទេស​ខាងក្រៅ​ជា​ដៃគូ​អាស៊ាន​ថែមទៀត​ដើម្បី​អភិវឌ្ឍ​ទីក្រុង​ឆ្លាត​របស់ខ្លួន​នេះដែរ​។ 
 
​តាមពិតទៅ ក្នុង​ជំហាន​ដំបូង ទីក្រុង​ចំនួន ២៦ ត្រូវបាន​គេ​ដាក់​ក្នុង​គម្រោង​បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន​នេះ​។ ក្នុងចំណោម​ទីក្រុង​ទាំងនោះ ទីក្រុង​បី​របស់​កម្ពុ​ជាមាន​សៀមរាប បាត់ដំបង​និង​រាជធានី​ភ្នំពេញ​ក៏ ស្ថិតក្នុង​គម្រោង​ទីក្រុង​ឆ្លាត​នេះដែរ​។   
  
​សម្រាប់​អាស៊ាន នគរូបនីយកម្ម​ឬ​ការអភិវឌ្ឍ​ទីក្រុង​ជា​បញ្ហា​ធំ​។ បើ​គ្មាន​ការយកចិត្តទុកដាក់​ក្នុងនោះ​មានការ​កកស្ទះ​ចរចា​ចរណ៍​, បំពុល​ខ្យល់​, ភាពក្រីក្រ គម្លាត​សង្គម ការបែងចែក​គ្នា​រវាង​ប្រជាជន​ទីក្រុង​និង​ជនបទ រួមទាំង​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព​របស់​ប្រជាជន​ផង​។ ដូច្នេះហើយ​ការ​ងាក​ទៅរក​ដំណោះស្រាយ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​តាម​ការបង្កើត​បណ្តា​ទីក្រុង​ឆ្លាត​នេះ នឹង​អាចជួយ​ដោះស្រាយ​បញ្ហា​ប្រឈមមុខ​។  
 
​បណ្តាញ​ទីក្រុង​ឆ្លាត​ដែល​ស្នើឡើង​ដោយ​សិង្ហ​បុរី​នេះ មាន​គោលដៅ​ជំរុញការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ដើម្បី​សម្រួល និង​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​អាស៊ាន​ទាំង ៦០០​លាន​នាក់​។ វា​នឹង​ជំរុញ​ការ សហការគ្នា​ដើម្បី​អភិវឌ្ឍ​ផែនការ​សកម្មភាព​សម្រាប់​ទីក្រុង​ឆ្លាត​, ចែករម្លែក​បទពិសោធ​ន៍ ក្នុងការ​អភិវឌ្ឍ​ទីក្រុង​របស់ខ្លួន និង​ប្រមែរ​ប្រមូល​ហរិញ្ញវត្ថុ​ពី​ដៃគូ​ខាងក្រៅ​របស់​អាស៊ាន​ដូចជា​ស្ថាប័នហិរញ្ញវត្ថុ​ឬ​ប្រទេស​ជា​ដៃគូ​អភិវឌ្ឍ​ដើម្បី​គាំទ្រ​ការអភិវឌ្ឍ​នៃ​ទីក្រុង​ឆ្លាត​ផងដែរ​។​
 
​សូមបញ្ជាក់ថា ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣២ កាលពី​ខែមេសា នាយករដ្ឋមន្ត្រី​សិង្ហ​បុរី និង​ជា​ប្រធាន​អាស៊ាន លី សៀន​ឡុង បានបញ្ជាក់​ក្នុង​សុន្ទរកថា​បើក​កិច្ចប្រជុំ​ថា  ក្រៅពី​បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន សិង្ហ​បុរី​ក៏​ស្នើ​ឲ្យ​មានការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​សន្តិសុខ​អ៊ីនធឺណិត (ASEAN Cyber Security Cooperation)​ផងដែរ​៕ 
 

Tag:
 ​អាស៊ាន​
  ASCN
  សិង្ហ​បុរី​
© រក្សាសិទ្ធិដោយ thmeythmey.com