ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មូលហេតុញឹកញាប់ ដែលធ្វើឲ្យក្រចកដៃអ្នកទៅជាពណ៌លឿង
× ប្រហែលជាអ្នកធ្លាប់អានអត្ថបទរបស់យើងខ្ញុំច្រើនដងហើយថា ពណ៌របស់ក្រចកដៃអាចបង្ហាញអំពីរឿងជាច្រើនអំពីអ្វីៗដែលកើតឡើងក្នុងរាងកាយ។ ពិតណាស់ វាមានរឿងដែលកើតឡើងខុសប្រក្រតីហើយបើសិនជាក្រចកអ្នកប្រែទៅជាលឿងដូច្នេះ។
ខាងក្រោមនេះគឺជាហេតុផលញឹកញាប់មួយចំនួនដែលអាចធ្វើឲ្យក្រចកដៃអ្នកប្រែទៅជាលឿងខុសធម្មតា៖
ការប្រើទឹកប៉ូលាក្រចកជាប់
វាគឺជារឿងសប្បាយដែរក្នុងការផ្លាស់ប្តូរពណ៌របស់ក្រចកជាទៀងទាត់ទៅតាមអ្វីដែលអ្នកចង់បាន។ ប៉ុន្តែវាមិនមែនជារឿងល្អទាំងអស់ឡើយដែលអ្នកត្រូវលាបថ្នាំក្រចកជាប់រហូតនោះ។ នេះដោយសារតែ សារធាតុគីមីរបស់ថ្នាំលាបក្រចកនោះ ជាពិសេសថ្នាំដែលមានពណ៌ចាស់ខ្លាំង អាចធ្វើឲ្យមានស្នាមឆ្នូតពណ៌លឿងនៅសល់ជាប់បាន។ ចូរកុំបារម្ភអីដោយសារតែការចេញជាលឿងក្រចកបែបនេះកើតឡើងដោយសារថ្នាំលាប ហើយក៏គ្មានអ្វីគ្រោះថ្នាក់ដែរ។
ការបង្ករោគដោយមេរោគផ្សិតនៅក្រចក
មេរោគផ្សិតរស់នៅធម្មតាលើរាងកាយយើង។ វាមិនត្រូវបានគេដឹងថាធ្វើឲ្យមានបញ្ហាអ្វីឡើយលុះត្រាតែវាមានការលូតលាស់ខ្លាំងមិនអាចគ្រប់គ្រងបាន។ មេរោគផ្សិតក៏ត្រូវបានគេរកឃើញនៅលើក្រចកដែរ ហើយការលូតលាស់ខ្លាំងក្លារបស់វាអាចបង្កជាជំងឺលើក្រចកថែមទៀត។ បើសិនជាអ្នកមានជំងឺនេះ ក្រចកងាយនឹងចេញជាពណ៌លឿង ដែលមានលក្ខណៈឆ្នូតៗ ឬអ៊ុចៗ។ ពេលខ្លះក្រចកទាំងមូលទៅជាលឿងតែម្តងក៏មានដែរ។ អាការៈផ្សេងៗទៀតមានដូចជា ក្រចកទៅជាក្រាស និងមានក្លិនស្អុយ។
កង្វះជីវជាតិ
គ្រូពេទ្យនិយាយថា ពណ៌របស់ក្រចកពេលខ្លះអាចបញ្ជាក់ថា មនុស្សម្នាក់នោះកំពុងតែកង្វះជីវជាតិ ឬជាតិរ៉ែ។ ឧទាហរណ៍ ក្រចកដែលមានពណ៌លឿងគឺច្រើនតែជាការកង្វះវីតាមីន B12 ឬកង្វះជាតិស័ង្គសី។ ដូច្នេះករណីនេះ ពេលខ្លះថ្នាំបំប៉នអាចជួយបាន ប៉ុន្តែអ្នកក៏ត្រូវតែមានតុល្យភាពលើការទទួលទានអាហារមានជីវជាតិដែរ។
មានជំងឺ
មានជំងឺពាក់ព័ន្ធមួយចំនួនដែលត្រូវបានគេដឹងថាធ្វើឲ្យក្រចកប្រែទៅជាពណ៌លឿង។ ជំងឺមួយក្នុងចំណោមនោះគឺជាជំងឺទឹកនោមផ្អែមតែម្តង។ ការពិតនោះគឺថា ជំងឺនេះអាចធ្វើឲ្យខ្សោយរបត់ឈាមរត់ទៅចុងដៃចុងជើង ដែលជាហេតុនាំឲ្យក្រចកកង្វះអុកស៊ីសែន និងជីវជាតិដែលវាត្រូវការដើម្បីមានសុខភាពល្អ។
អ្នកជំនាញនិយាយថា ការដែលក្រចកទៅជាពណ៌លឿងអាចដោយសារតែបញ្ហាណាមួយនៅលើក្រពេញទីរ៉ូអ៊ីតដែរ។ បញ្ហាសុខភាពជាច្រើនដែលទាក់ទងនឹងឈាម បេះដូង និងសួតក៏ត្រូវបានគេដឹងថា អាចធ្វើឲ្យក្រចកប្រែទៅជាលឿងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com