ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិនគួរ​ឲ្យ​ជឿ​សោះ​ថា ផ្លែ​ភ្ញៀវ ល្អប្រសើរ​យ៉ាងនេះ​ចំពោះ​សុខភាព
13, Nov 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ផ្លែ​ភ្ញៀវ គឹជា​ផ្លែឈើ​មួយ​ប្រភេទ​ដែលមាន​រសជាតិ​ជូរអែម ហើយ​អាច​ទទួលទាន​បាន​ទាំង​ឆៅ និង​ទាំង​សំបក​តែម្ដង​។ មនុស្ស​ភាគច្រើន​យក​ផ្លែ​ភ្ញៀវ​មក​ទទួលទាន​លេង ដោយ​មិនបាន​ចាប់អារម្មណ៍​ដឹងថា ផ្លែឈើ​នេះ​អាច​ផ្ដល់នូវ​អត្ថប្រយោជន៍​អស្ចារ្យ​ជាច្រើន​ចំពោះ​សុខភាព​របស់​ពួកគេ​ឡើយ​។



ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អត្ថប្រយោជន៍​មួយចំនួន​នៃ​ការទទួល​ទាន​ផ្លែ​ភ្ញៀវ​ចំពោះ​សុខភាព ប៉ុន្តែ​ទោះជា​យ៉ាងណា អ្នក​មិនគួរ​ទទួលទាន​វា​ច្រើនពេក​ឡើយ ក៏​ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ឈឺពោះ​រាគ ៖

១. ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​
 
​សារធាតុចិញ្ចឹម​ចាំបាច់​មួយ​ដែលមាន​ផ្ទុក​នៅក្នុង​ផ្លែ​ភ្ញៀវ គឺ​វីតាមីន C ដែល​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​មាន​ភាពប្រសើរឡើង​។ ការរក្សាបាន​នូវ​ប្រព័ន្ធ​ភាពស៊ាំ​រឹងមាំ គឺ​សំខាន់​ណាស់ ដើម្បី​ទប់ស្កាត់​បញ្ហា​ជំងឺ​ផ្សេងៗ​។ ហើយ​ប្រព័ន្ធ​ភាពស៊ាំ​រឹងមាំ ក៏​ជួយ​អ្នក​ឲ្យ​ជៀស​ឆ្ងាយ​ពី​មេរោគ​ឆ្លង​ដូចជា ជំងឺ​ផ្ដាសាយ ឬ​គ្រុនផ្ដាសាយ ជាដើម​ផងដែរ​។​
 
២. ជួយ​ឲ្យ​ស្បែក​រឹងមាំ​ស្រស់ស្អាត​
 
​វីតាមីន C គឺ​មិន​ត្រឹមតែ​សំខាន់ ដើម្បី​រក្សាបាន​នូវ​ប្រព័ន្ធ​ភាពស៊ាំ​រឹងមាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ចាំបាច់​សម្រាប់​សុខភាព​ស្បែក​ល្អ​រឹងមាំ​ស្រស់ស្អាត​ក្មេង​ជាង​វ័យ​ដែរ​។ នេះ​ក៏​ព្រោះតែ​វីតាមីន C ជួយ​ព្យាបាល​ជួសជុល​ស្បែក​ដែល​ខូចខាត ក៏ដូចជា​សំយោគ​កូ​ឡា​ជែ​ន​ដែល​ជួយ​ធ្វើ​ឲ្យ​ស្បែក​មិន​ងាយ​ចាស់ ឬ​ឆាប់​ជ្រីវជ្រួញ​ទៀតផង​។​

៣. ពង្រឹង​សុខភាព​អញ្ចាញធ្មេញ​
 
​លើសពីនេះទៅទៀត វីតាមីន C ដែលមាន​ផ្ទុក​ក្នុង​ផ្លែ​ភ្ញៀវ គឺ​សំខាន់​ណាស់​សម្រាប់​សុខភាព​អញ្ចាញធ្មេញ​រឹងមាំ​។​
 
៤. ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ខ្វះ​ជាតិ​ដែក​

​កង្វះ​ជាតិ​ដែក​ក្នុង​រាងកាយ ឬ​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម គឺជា​បញ្ហា​មួយ​ទាក់ទង​នឹង​ឈាម​។ កង្វះ​នៃ​គ្រាប់​ឈាមក្រហម​នឹង​បង្អាក់​ការផ្គត់ផ្គង់​អុកស៊ីសែន​គ្រប់គ្រាន់​ក្នុង​រាងកាយ ហើយ​បង្កបញ្ហា​សុខភាព​គួរ​ឲ្យ​ព្រួយបារម្ភ​។ ទោះជា​យ៉ាងណា ផ្លែ​ភ្ញៀវ គឺមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក ហើយ​នេះ​មានន័យថា អ្នក​គួរ​រួមបញ្ចូល​វា​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ដើម្បី​ជៀសផុត​ពី​បញ្ហា​ខ្វះ​ជាតិ​ដែក ឬ​កង្វះ​គ្រាប់​ឈាមក្រហម​ក្នុង​រាងកាយ​។​

៥. កាត់បន្ថយ​សម្ពាធ​ឈាម​ដែល​ឡើង​ខ្ពស់​
 
​នេះ គឺជា​មូលហេតុ​មួយទៀត​ដែល​បញ្ចាក់​ឲ្យ​ឃើញថា ផ្លែ​ភ្ញៀវ គឺ​ល្អ​សម្រាប់​សុខភាព​ឈាម​របស់​អ្នក ដោយ​វា​មាន​ផ្ទុក​នូវ​ជាតិ​ប៉ូ​តា​ស្យូ​ម​។ ផ្លែឈើ​នេះ គឺ​ល្អ​ដូច​ទៅនឹង​ផ្លែ​ចេក​ដែរ​ក្នុងការ​បង្ការ​ការឡើង​ខ្ពស់​នៃ​សម្ពាធ​ឈាម ក៏ដូចជា​កាត់បន្ថយ​ស​ម្ពា​ធ​ឈាម​ដែល​ឡើង​ខ្ពស់​។ ផ្លែ​ភ្ញៀវ ក៏​ជួយ​រក្សា​កម្រិត​ធម្មតា​នៃ​សម្ពាធ​ឈាម​ដែល​ជួយ​ឲ្យ​អ្នក​ជៀស​ផុតពី​បញ្ហា​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម និង​ជំងឺ​បេះដូង​ផងដែរ​។​

៦. ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង​
 
​សារធាតុ​រ៉ែ​ដ៏​សំខាន់​មួយទៀត​ដែលមាន​ផ្ទុក​ក្នុង​ផ្លែ​ភ្ញៀវ គឺ​កាល់ស្យូម​។ ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​បានដឹងហើយថា កាល់ស្យូម គឺជា​សារធាតុ​ចាំបាច់​ជួយ​ធ្វើ​ឲ្យ​ឆ្អឹង​មាន​សុខភាព​រឹងមាំ​។ ដូច្នេះ​ការទទួល​ទាន​ផ្លែ​ភ្ញៀវ​ជាប្រចាំ រួមផ្សំ​ជាមួយ​ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​ទៀត​នោះ នឹងធ្វើ​ឲ្យ​អ្នក​ជៀស​ឆ្ងាយ​ពី​ជំងឺ​ពុក​ឆ្អឹង​ប្រកបដោយ​ប្រសិទ្ធិភាព​។​

៧. សម្រួល​ដល់​ការរំលាយ​អាហារ​
 
​ការទទួល​ទាន​ផ្លែ​ភ្ញៀវ​ជាប្រចាំ ជួយ​សម្រួល​ដល់​ដំណើរការ​នៃ​ការរំលាយ​អាហារ ដោយសារ​ផ្លែ​​ឈើ​នេះ​មាន​ផ្ទុក​នូវ​ជាតិ​ស​សៃ​ខ្ពស់​ដែល​ជម្រុញ​ការផលិត​ទឹក​ក្រពះ​រំលាយ​អាហារ​។ លើសពីនេះទៅទៀត​ជាតិ​ស​សៃ ក៏​ជួយ​សម្រួល​ដល់​ចលនា​នៃ​ពោះវៀន​ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀន និង​ជំងឺ​ឬ​ស​ដូង​បាត​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com