ជាតិ
សង្គមជាតិ
ក្រសួងវប្បធម៌ ប្រាប់អ្នកនិពន្ធបទ «ឈឺណាស់» ដែលចម្លងពីថៃ ឲ្យគិតពីតម្លៃខ្លួន រូបភាពបទចម្រៀង
× ភ្នំពេញ៖ ក្រោយពីបទចម្រៀងដែលមានចំណងជើងថា «ឈឺណាស់» ដែលជាលំនាំដើមពីបទថៃ កំពុងមានការរិះគន់យ៉ាងចាស់ដៃ ពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក លោក ថៃ នរៈសត្យា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានណែនាំឲ្យអ្នកនិពន្ធ ត្រូវគិតពីតម្លៃ និងកិត្តិនាមរបស់ខ្លូនឯងជាមុនសិន មុននឹងនិពន្ធបទចម្រៀងនេះឡើង។
លោក ថៃ នរៈសត្យា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទយ៉ាងដូច្នេះថា៖«យើងមិនបន្ទោសអ្នកនិពន្ធទេ តែយើងមានតែណែនាំហើយណែនាំទៀត ដើម្បីឲ្យពួកគេភ្ញាក់រលឹកឡើងវិញថាអ្វីទៅជារបស់ខ្លួនឯង និងជារបស់គេ។ គួរតែគិតពីអ្វីដែលជាឯករាជភាព មោទកភាព និងតម្លៃនៃការតែងនិពន្ធបទចម្រៀងរបស់ខ្លួនឯងផង។ បើចម្លងគួរណាស់ចម្លងពីបទចម្រៀងដើមដែលជាមរតករបស់ខ្មែរជំនាន់មុន ហើយយកមកកែច្នៃឡើងវិញ ទើបជារឿងល្អ»។
អ្នកនាំពាក្យរូបនេះ ណែនាំឲ្យអ្នកនិពន្ធបទចម្រៀងខ្មែរ ត្រូវតែយល់ដឹងពីតម្លៃនៃការតែងនិពន្ធឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការរិះគន់ពីសាធារណជន ដែលធ្វើឲ្យការតែងនិពន្ធមានការធ្លាក់ចុះ ហើយអ្នកនិពន្ធក៏ត្រូវគិតពីសេចក្តីថ្លៃថ្នូររបស់ខ្លួនផងដែរ។ លោក បន្ថែមបែបនេះថា៖«ជាអ្នកនិពន្ធគួរណាស់គោរពអ្វីដែលជារបស់ខ្លួនឯងជាមុនសិន ទើបមានគេគោរព និងផ្តល់តម្លៃនូវស្នាដៃរបស់យើង»។
យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់ខាងលើ គ្រាន់តែប្រើពាក្យណែនាំប៉ុណ្ណោះ តែពុំបានលើកឡើងពីវិធានការចំពោះបទចម្រៀងនេះទេ។ បទចម្រៀង «ឈឺណាស់» ដែលនិពន្ធដោយលោក សុខលីម រក្សា និងច្រៀងដោយកញ្ញា គ្រីប លក្ខិណា ជាបទចម្រៀងមានលំនាំដើមពីបទថៃ ដែលមានចំណងជើងថា «ថ្ងូរហៅឈ្មោះបង» ដែលបង្ក្រប់អត្ថន័យបែបស្រៀវស្រើបនេះ ក៏មានការរិះគន់ពីប្រជាជនថៃផងដែរ៕
Tag:
ចម្រៀង
ថៃ នរៈសត្យា
© រក្សាសិទ្ធិដោយ thmeythmey.com