កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo និយាយ​ការពារ Higuain ដែល​បាន​កាត​ក្រហម ព្រោះ​ស្រែក​ដាក់​អាជ្ញាកណ្តាល​
12, Nov 2018 , 1:37 pm        
រូបភាព
Gonzalo Higuain ទាត់​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​មិនបាន​សម្រេច ហើយ​ថែមទាំង​ត្រូវបាន​បណ្តេញ​ចេញពី​ទីលាន​ថែមទៀត​ក្នុងជំនួប​ទល់នឹង​ក្រុម​ចាស់ Juventus ដែល AC Milan បរាជ័យ​ក្នុងផ្ទះ​ដោយ​លទ្ធផល ២-០ នា​ការប្រកួត​ក្របខណ្ឌ​អ៊ីតាលី Serie A នៅ​រាត្រី​ថ្ងៃ ទី​១១ ខែវិច្ឆិកា​។ ការទទួល​បាន​កាត​ក្រហម​បែបនេះ Cristiano Ronaldo បាន​និយាយ​ការពារ Higuain ដោយ​រំពឹងថា​នឹងមិន​មានការ​ដាក់ពិន័យ​ច្រើនជាង​នេះ​។​



អត្ថបទទាក់ទង

 
​ខ្សែប្រយុទ្ធ Mario Mandzukic ជា​អ្នករក​គ្រាប់​បាល់​នាំមុខ​ឲ្យ​ក្រុម​ភ្ញៀវ Juventus តាំងពី​៨​នាទី​ដំបូង​ដើមតង់​ទីមួយ មុនពេល Higuain ទទួលបាន​ឱកាស​ស៊ុត​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​១១​ម៉ែត្រ តែ​មិនបាន​សម្រេច​។ Ronaldo បាន​បន្ថែម​១​គ្រាប់​ទៀត​នៅ​នាទី​៨១ ដើម្បី​ជួយ​ក្រុម​យកឈ្នះ AC Milan ២-០ មុន Higuain បាន​កាត​ក្រហម​បន្ទាប់ពី​មិន​ពេញ​ចិត្តនឹង​ការពិន័យ​កាត​លឿង​និង​ថែមទាំង​ស្រែក​ដាក់​អាជ្ញាកណ្តាល​ទាំង​កម្រោល​។​
 
​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន បាន​ផ្លាស់​ពី​ក្រុម​សេះបង្កង់ ទៅ​ចូលរួម​ជាមួយ​ក្រុម​ថ្មី AC Milan ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ទាំង​មិន​ពេញចិត្ត​កាលពីដើម​រដូវ​កាល​ថ្មី​នេះ បន្ទាប់ពី​មាន​វត្តមាន Cristiano Ronaldo ចូលមក​។ ជុំវិញ​ការផ្ទេ​នេះ Higuain បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត ដោយ​សារភាពថា ខ្លួន​ត្រូវបាន​គេ​បង្ខំ​ឲ្យ​ចាក​ចេញពី​ក្រុម​ម្ចាស់​ជើងឯក​អ៊ីតាលី Serie A ដើម្បី​ពួកគេ​មានឱកាស​នាំយក​ម្ចាស់​ពានរង្វាន់ Ballon d'Or ៥​សម័យ និង​ជា​អតីត​មិត្ត​រួម​ក្រុម​ចាស់ Real Madrid មក​រួម​ក្រុម​វិញ​។​


 
​ក្រុម​ជំនួប​រវាង AC Milan និង Juventus នៅ​ទឹកដី San Siro កាលពី​យប់មិញ អតីត​ខ្សែប្រយុទ្ធ Napoli វ័យ​៣០​ឆ្នាំ​រូបនេះ​បាន​បញ្ចេញ​កាយវិការ​មួរ​ម៉ៅ​ច្រើន​នៅពេល​ប៉ះទង្គិច​គ្នា​ម្តងៗ​។ អ្វីដែល​កត់សម្គាល់​នោះ​ក្រោយ​ទទួលបាន​កាត​ក្រហម Higuain បាន​ស្រែកដាក់លោក​អាជ្ញាកណ្តាល​ខ្លាំងៗ និង​ប្រើ​កាយវិការ​មិន​សមរ​ម្យ​ដោយ​ក្រវៀសដៃ Ronaldo ចេញ​ថែមទៀត​នៅពេល​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុ​ហ្គា​ល់​ព្យាយាម​ទៅ​សម្របសម្រួល​។​


 
​ទង្វើ​របស់ Higuain អាច​នឹងត្រូវ​ដាក់ពិន័យ​បន្ថែមទៀត ក្រៅពី​ការពិន័យ​កាត​ក្រហម​។ 
 
​យ៉ាងណាក៏ដោយ Ronaldo ដែលជា​អតីត​មិត្ត​រួម​ក្រុម​ជាមួយ Higuain នៅ​ទឹកដី​អេ​ស្ប៉ា​ញ​បាន​និយាយ​ការពារ​មិត្ត​រួម​ក្រុម​ចាស់​ថា មិនគួរ​មានការ​ដាក់ពិន័យ​ឲ្យ​ធ្ងន់ធ្ងរ​លើ​រូបគេ​ឡើយ​។​
«​ខ្ញុំ​បាន​ប្រាប់​គាត់ (Higuain) ឲ្យ​ស្ងប់ស្ងាត់​ហើយ​បន្ធូរបន្ថយ​អារម្មណ៍​អំឡុងពេល​ប៉ះគ្នា​លើ​ទីលាន ដើម្បី​កុំ​ឲ្យ​សកម្មភាព​នោះ​កាន់តែ​អាក្រក់​។ គាត់​មិនបាន​ធ្វើ​អ្វី​ច្រើន​ទេ គាត់​គ្រាន់តែ​ខឹង​ខ្លាំង​នៅពេល​ចាញ់​ការប្រកួត​នោះ​ប៉ុណ្ណោះ ហើយ​ខ្ញុំ​សង្ឃឹមថា​គាត់​នឹងមិន​ទទួល​ទណ្ឌកម្ម​ខ្លាំងពេក​ទេ​»​។ ខ្សែប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ​ប្រាប់ Sky Sport ដូច្នេះ​។​
 



Ronaldo រកបាន​៨​គ្រាប់​ហើយ​ឲ្យ Juventus សម្រាប់​ការប្រកួត​ក្នុង​លី​គ​រដូវ​កាល​នេះ ដោយ​តាម​ពីក្រោយ Krzysztof Piatek ខ្សែប្រយុទ្ធ​របស់ Genoa ដែល​រកបាន​៩​គ្រាប់​៕

Tag:
 បាល់ទាត់​
  Gonzalo Higuain
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com