អន្តរជាតិ
លោក ពូ​ទីន ថា ជា​រឿង​វិជ្ជមាន​ដែល​អឺរ៉ុប​ចង់បាន​ទាហាន​ខ្លួនឯង
12, Nov 2018 , 9:19 pm        
រូបភាព
ប្រធានាធិបតីបារាំង, អធិការបតីអាល្លឺម៉ង់ និងប្រធានាធិបតីរុស្ស៊ីក្នុងពិធីខួបទី១០០ ថ្ងៃបញ្ចប់សង្រ្គាមលោកលើកទី១ នៅទីក្រុងប៉ារីស (រូបភាព AFP)
ប្រធានាធិបតីបារាំង, អធិការបតីអាល្លឺម៉ង់ និងប្រធានាធិបតីរុស្ស៊ីក្នុងពិធីខួបទី១០០ ថ្ងៃបញ្ចប់សង្រ្គាមលោកលើកទី១ នៅទីក្រុងប៉ារីស (រូបភាព AFP)
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បានបង្ហាញ​ជំហរ​គាំទ្រ​អឺរ៉ុប​ដែល​ចង់​មាន​យោធា​ផ្ទាល់ខ្លួន ហើយ​ឈប់​ពឹង​ផ្អែកលើ​អាមេរិក​ទៀត​។ ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ជា​អ្នក​លើកឡើង​ពី​គម្រោង​របស់​អឺរ៉ុប​ក្នុងការ​ពង្រឹង​ឯករាជ្យ​លើ​វិស័យ​ការពារជាតិ​របស់​តំបន់​មួយ​នេះ ប៉ុន្តែ​បំណង​នេះ​ត្រូវបាន​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ រិះគន់​ខ្លាំង​ទៅវិញ​។ ពី​ទឹកដី​បារាំង លោក ពូ​ទីន យល់ឃើញថា គម្រោង​របស់​អឺរ៉ុប​ជា​រឿង​វិជ្ជមាន​សម្រាប់​ពិភពលោក​។​

 
​បំណង​របស់​អឺរ៉ុប​ដែល​ចង់បាន​យោធា​ផ្ទាល់ខ្លួន បាន​ក្លាយជា​រឿងចម្រូងចម្រាស់​ថ្មី​ក្នុង​ទំនាក់ទំនង​អឺរ៉ុប និង​អាមេរិក​។ ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ដែលជា​អ្នក​ផ្ដួចផ្ដើម​គំនិត​នេះ ចង់ឃើញ​អឺរ៉ុប​មាន​ឯករាជ្យ​ផ្នែក​យោធា និង​មិន​ចង់​ពឹង​អាស្រ័យ​លើ​កម្លាំង​ទ័ព​របស់​អាមេរិក​ទៀតឡើយ​។ សម្រាប់​មេដឹកនាំ​បារាំង​រូបនេះ កម្លាំង​ទ័ព​ថ្មី​នឹង​ជួយ​អឺរ៉ុប​ការពារ​ខ្លួន​ពី​ការគំរាមកំហែង​នានា​ពី​រុស្ស៊ី ចិន និង​សូម្បី​អាមេរិក​ផង​។​
 
​ខណៈ​លោក ត្រាំ មិន​ពេញ​ចិត្តនឹង​ការលើកឡើង​របស់លោក ម៉ា​ក្រុង នោះ ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ហាក់​គ្មាន​ការព្រួយបារម្ភ​អ្វី​ឡើយ​។ ខណៈ​អឺរ៉ុប​ចាត់ទុក​រុស្ស៊ី​ជាការ​គំរាមកំហែង លោក ពូ​ទីន យល់ឃើញថា បំណង​របស់​អឺរ៉ុប​មិនមែនជា​រឿង​មិន​សម​ហេតុផល​ឡើយ ហើយ​វា​ក៏​ជា​រឿង​វិជ្ជមាន​សម្រាប់​ពិភពលោក​ពហុ​ប៉ូល​ដែរ​។ 
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន RT ប្រធានាធិបតី​រុស្ស៊ី​បញ្ជាក់​ដូច្នេះ​ថា អឺរ៉ុប​ជា​មហាអំណាច​សហភាព​សេដ្ឋកិច្ច​មួយ ហើយ​វា​ជា​រឿង​ធម្មជាតិ​ដែល​អឺរ៉ុប​ចង់​ឯករាជ្យ និង​អធិបតេយ្យ​ក្នុង​វិស័យ​សន្តិសុខ និង​ការពារជាតិ​។ លោក ពូ​ទីន ដែល​ស្ថិតក្នុង​ទឹកដី​បារាំង​ដើម្បី​ចូលរួម​ពិធី​ខួប​ទី​១០០ ថ្ងៃ​បញ្ចប់​សង្គ្រាមលោកលើកទី​១ ចាត់ទុក​បំណង​របស់​អឺរ៉ុប​ដែល​ចង់​បង្កើត​កម្លាំងយោធា​ផ្ទាល់ខ្លួន​ជា​ដំណើរការ​វិជ្ជមាន​សម្រាប់​ពិភពលោក ។​
 
​មហិច្ឆតា​របស់​បារាំង​ដែល​លែង​ចង់​ពឹង​ផ្អែកលើ​សម្ព័ន្ធមិត្ត​នៅ​ម្ខាង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក រង​ប្រតិកម្ម​ខ្លាំង​ពី​ក្រុង​វ៉ាស៊ីនតោន​។ មុន​ធ្វើដំណើរ​ទៅដល់​បារាំង​នៅ​ចុង​សប្ដាហ៍​មុន លោក ត្រាំ បាន​ហៅ​សម្ដី​របស់លោក ម៉ា​ក្រុង ជាការ​មាក់ងាយ​អាមេរិក​យ៉ាងធ្ងន់ធ្ងរ​។ ជំនួស​ឲ្យ​ការបង្កើត​ទ័ព​ផ្ទាល់ខ្លួន លោក ត្រាំ ចង់​ឲ្យ​អឺរ៉ុប​បង្កើន​ការចំណាយ​សម្រាប់​សម្ព័ន្ធ​យោធា​ណា​តូ​វិញ ព្រោះ​អាមេរិក​រែកពុន​ម្នាក់ឯង​ច្រើនណាស់​នាពេល​កន្លងមក​។​
 
​ទោះ​បាន​ឆ្លើយឆ្លង​គ្នា​មួយ​ប្រាវ​ក្ដី មេដឹកនាំ​បារាំង និង​អាមេរិក​បាន​ព្យាយាម​លុបបំបាត់​ភាព​ខ្វែងគំនិត​គ្នា​នេះ ពេល​ជួបគ្នា​ទល់មុខ​នៅ​ប៉ារីស​។ ទាំង​លោក ម៉ា​ក្រុង ទាំង​លោក ត្រាំ បាន​យល់ស្រប​លើ​គំនិត​ដែល​អឺរ៉ុប​កាន់តែ​រឹងមាំ និង​ចាត់ទុក​ការ​ទាស់គំនិត​គ្នា​លើ​ការបង្កើត​កងទ័ព​នេះ ជាការ​យល់ច្រឡំ​ប៉ុណ្ណោះ​។ យ៉ាងណាមិញ ភាគី​ទាំងពីរ​នៅតែ​មិនត្រូវ​គ្នា​លើ​ការចំណាយ​សម្រាប់​ណា​តូ ខណៈ​លោក ម៉ា​ក្រុង នៅតែ​ចិញ្ចឹមចិត្ត​ចង់បាន​កងទ័ព​របស់​អឺរ៉ុប​ដដែល​៕ 
 

Tag:
 បារាំង​
  រុស្ស៊ី​
  អាមេរិក​
  វ្ល៉ា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com