ជាតិ
លោក ហ៊ុន ម៉ា​នី​៖ ព្រឹត្តិការណ៍​៤០​គីឡូម៉ែត្រ ទៅកាន់​ប្រវត្តិសាស្ត្រ គឺជា​ការហ្វឹកហាត់​ភាពម៉ឺងម៉ាត់ របស់​យុវជន​សម័យថ្មី​
12, Nov 2018 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) នឹង​រៀបចំ​ព្រឹត្តិការណ៍ ៤០ គីឡូម៉ែត្រ ទៅកាន់​ប្រវត្តិសាស្ត្រ ដើម្បី​រម្លឹក​ដល់​វិ​រៈ​ភាព​យុវជន​ជំនាន​មុន ក្នុង​ការតស៊ូ​សង្គ្រោះ​ជាតិ ក៏ដូចជា​ការហ្វឹកហាត់ ភាពម៉ឺងម៉ាត់ របស់​យុវជន​សម័យថ្មី​។ ព្រឹត្តិការណ៍ ៤០ គីឡូម៉ែត្រ ទៅកាន់​ប្រវត្តិសាស្ត្រ នឹង​ប្រព្រឹត្តិ​ទៅ នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិតក្នុង​ស្រុក​ស្នួល ខេត្តក្រចេះ​។​

 
លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​)​បាន​លើកឡើងថា​ព្រឹត្តិការណ៍​មួយ​នេះ គឺជា​ការបង្រៀន​ដល់ យុវជន យុវតី​ឲ្យ​ចេះ​រួបរួមគ្នា​ក្នុង​គ្រា​លំបាក និង​គ្រា​សុខសាន្ត ដើម្បី​ស្វែងយល់​ពី​កម្រិត​សមត្ថភាព​របស់ខ្លួន នៃ​ការតស៊ូ​ដោយ​ភាព​អត់ធ្មត់ និង​សមត្ថភាព​ដោះស្រាយ​បញ្ហា​ជាក់ស្តែង ។ ជាពិសេស​ការស្វែងយល់​បន្ថែម​ពី​ប្រវត្តិសាស្ត្រ តាមរយៈ​ការធ្វើដំណើរ​ថ្មើរជើង​រួមគ្នា និង​ជាការ​រម្លឹក​ដល់​វិ​រៈ​ភាព​យុវជន​ជំនាន់​មុន​ក្នុង​ការតស៊ូ​សង្គ្រោះ​ជាតិ​។​
 
លោក ហ៊ុន សែន លើកឡើងថា​៖«​យុវជន​ម្នាក់ៗ ត្រូវ​ត្រៀម​ដោយ​ខ្លួនឯង សាកល្បង​ហាត់​ដើរ​ដោយ​ខ្លួនឯង ហើយ​ត្រូវ​ដឹងថា តើ​អ្វី​ត្រូវ​យកតាម​ខ្លះ និង​អ្វីដែល​មិនត្រូវ​យកតាម​ខ្លូន​នោះ មានតែ​ការសាកល្បង និង​ការអត់ធ្មត់ តស៊ូ​ខំប្រឹងប្រែង ហើយ​មានតែ​ការត្រៀម​ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់​មួយទៀត ដោយ​ខ្លួនឯង​ទេ ទើប​អាចធ្វើឱ្យ​យើង​ទទួលបាន​ជោគជ័យ ។​ហើយ​ចំពោះ​ក្រុមការងារ​បាន​ជួយ​ត្រឹមតែ​មូលដ្ឋាន​សាមញ្ញ​ប៉ុណ្ណោះ ក្រៅពីនោះ គឺ​ត្រូវតែ​យកចិត្តទុកដាក់​ដោយ​ខ្លួនឯង​»​។​
 
​បើតាម​លោក ហ៊ុន ម៉ា​នី យុវជន និង​អ្នក​ចុះឈ្មោះ​ចូលរួម​ក្នុង ព្រឹត្តិការណ៍ ៤០ គីឡូ ទៅកាន់​ប្រវត្តិសាស្ត្រ ត្រូវ​ត្រៀម​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​ដោយ​ខ្លួនឯង និង​ត្រូវគោរព​វិន័យ​ក្រុម​ក្នុងការ​សម្រេច​ទៅដល់​គោលដៅ​ទាំងអស់គ្នា​។ 


 
​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុមយុវជន ដើម្បី​ត្រៀម​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​៤០ គីឡូ​នា​ល្ងាច​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បន្ថែមថា​៖« នេះ​មិនមែន​ជាការ​លេងសើច​ស​ប្បាយ​នោះទេ ការដើរ​៤0​គីឡូម៉ែត្រ​នេះ មិនមែន​ត្រឹមតែ​យើង​ធ្វើតេស្ត​ខ្លួនឯង​នោះទេ តែ​ក៏​យើង​ចង់ដឹង​មួយទៀត​ដែរ​ថា នៅពេលដែល​ប្រទេសជាតិ​មាន​អាសន្ន តើ​យើង​អាច​លះបង់​អ្វីដែល​ខ្លួន​មាន រួបរួមគ្នា សាមគ្គី​គ្នា ដាក់​ផលប្រយោជន៍​ប្រទេសជាតិ​ជា​ចម្បង ហើយ​រួមគ្នា​ដើម្បី​សម្រេច​គោលដៅ​នេះ​បានដែរ​ឬទេ​? យើង​មិនចាំបាច់ ដល់​ប្រទេស​មាន​អាសន្ន ទើប​យើង​ភ្ញាក់រលឹក​ខ្លួនឯង​នោះទេ ដែល​នេះ​ជាកា​សាកល្បង​ខ្លួនឯង និង​ចង់ចាំ​នូវ​ស្មារតី​មួយ​នេះ ព្រោះ​យើង​មិនដឹងថា ពេលណា​ប្រទេស​មាន​សង្គ្រាម​នោះទេ កា​លះបង់​ដើម្បី​ប្រទេសជាតិ​គឺ​មានតែ​ការអត់ធ្មត់ តស៊ូ ពុះពារ​រួមគ្នា​ហើយ ដាក់​ផលប្រយោជន៍​ប្រទេស​ជា​ចម្បង ទើប​ជាកា​លះបង់​ដើម្បី​សង្គមជាតិ​»​។​
 
​កញ្ញា ផាន់ ឡៃហេង និស្សិត​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​ព្រឹត្តិការណ៍ ៤០ គីឡូ​នេះ​ល្អ​ណាស់ ហើយ​កញ្ញា​ក៏​ចង់​សាកល្បង​ដែរ ដើម្បី​ដឹង​ពី​សមត្ថភាព​ខ្លួន ក្នុង​ការដើ​រយៈ​ប្រវែង​ឆ្ងាយ រួមទាំង​ការបង្កើត​អនុស្សាវរីយ​មិត្តភាព​ជាមួយ​យុវជន ដែល​ចូលរួម​ជាច្រើន​ផ្សេងទៀត​។ ជាពិសេស​បានដឹង​ពី​ប្រវត្តិសាស្ត្រ​២​ធ្នូ​ផង​។ កញ្ញា ឡៃហេង សង្ឃឹមថា ខ្លួន​នឹង​អាចធ្វើ​បាន ខណៈ​រូបនាង​កំពុងតែ​ខំ​ហ្វឹកហាត់​ក្នុង​ការដើរ ជាមួយ​មិត្តភក្តិ​ស្ទើរ​រាល់ថ្ងៃ ។ 
 
​ព្រឹត្តិការណ៍ ៤០ គីឡូ ទៅកាន់​ប្រវត្តិសាស្ត្រ​នឹង​ប្រព្រឹត្ត នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិតក្នុង​ស្រុក​ស្នួល ខេត្តក្រចេះ​។ បើតាម​គម្រោង សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹង​ផ្ដល់ឱកាស​ឲ្យ​យុវជន​៥០០​នាក់​ចូលរួម​ក្នុង​កម្មវិធី​នេះ តាមរយៈ​ការ​ពិនិត្យមើល​សុខភាព និង​កាយសម្បទា​៕
 

Tag:
 ​ហ៊ុន ម៉ា​នី​
  ប្រវត្តិសាស្ត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com