ជាតិ
សេដ្ឋកិច្ច
ម៉ាឡេស៊ី នឹង​មក​វិនិយោគ​ឧស្សាហកម្ម​ឫស្សី​នៅ​កម្ពុជា​
12, Nov 2018 , 10:59 pm        
រូបភាព
រូបពីក្រសួងកសិកម្ម
រូបពីក្រសួងកសិកម្ម
​អង្គការ​មូលនិធិ​ច្នៃប្រឌិត​សកល និង​សហគ្រិន​របស់​ម៉ាឡេស៊ី នឹង​មក​វិនិយោគ​ដាំ​ដើម​ឫស្សី​នៅ​កម្ពុជា​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​ក្នុង​គេហទំព័រ​របស់​ក្រសួងកសិកម្ម នា​ថ្ងៃទី ១២  ខែវិច្ឆិកា ឆ្នាំ​២០១៨​។


 
​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MOU) ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុងការ​អភិវឌ្ឍ​ឧស្សាហកម្ម​ឫស្សី​នៅ​កម្ពុជា ជាមួយ​អង្គការ​មូលនិធិ​ច្នៃប្រឌិត​សកល និង​សហគ្រិនភាព​នៃ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ 
 
​ក្រសួងកសិកម្ម បាន​បង្ហាញថា នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​ក្រសួង​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ឆ្នាំ​២០១៩-២០២៣ ក្នុងការ​បើកទូលាយ និង​លើកទឹកចិត្ត​ដល់​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅប្រទេស ដើម្បី​ធ្វើការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​។ 
 
​លោក​រដ្ឋមន្ត្រី លើកឡើងថា​៖«​ការអភិវឌ្ឍ​សហគមន៍​ព្រៃឈើ​តាមរយៈ​ការធ្វើ​កសិកម្ម​ចម្រុះ ក្នុង​គោលបំណង​បង្កើន​ផលិតកម្ម​ផ្នែក​កសិកម្ម និង​ផលិតកម្ម​ឫស្សី​ដែលជា​មុខរបរ​មួយ​ថ្មី​អាចជួយ​បង្កើត​ការងារ​ជូន​ប្រជា​សហគមន៍​ព្រៃឈើ និង​ប្រជាពលរដ្ឋ ដែលមាន​ធនធាន​ឫស្សី​ដើម្បី​បង្កើន​ចំណូល​គ្រួសារ កាត់បន្ថយ​ការពឹង​អាស្រ័យ​ផល និង​អនុផល​ព្រៃឈើ ការ​បរបាញ់ និង​កាត់បន្ថយ​ចំណាកស្រុក​តាមរយៈ​ការបង្កើន ពង្រឹង និង​ពង្រីក​ផលិតកម្ម​កែច្នៃ​ឫស្សី​របស់​កម្ពុជា​ឲ្យ​មាន​ផលិតភាព និង​គុណភាព​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក និង​ធ្វើការ​នាំចេញ​»​។​
 
​គេហទំព័រ​របស់​ក្រសួងកសិកម្ម មិនបាន​បញ្ជាក់​ពី​ពេលវេលា​ច្បាស់លាស់​នៃ​គម្រោង និង​ផ្ទៃដី​នៃ​គម្រោង​វិនិយោគ​ដាំ​ឬ​ស្សី​នោះទេ​។  
​ក្រសួងកសិកម្ម មាន​ផែន​ការដាំដុះ​ឫស្សី នៅ​ខេត្ត​ចំនួន​៩ រួមមាន​ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី សៀមរាប ព្រះវិហារ ឧ​ត្ត​រ​មានជ័យ បាត់ដំបង និង​កោះកុង​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​វិទ្យុ​អាស៊ីសេរី​៕ 

Tag:
 កសិកម្ម​
  កម្ពុជា​
  មា​ឡេ​ស៊ី​
  ឧស្សាហកម្ម​ឫស្សី​
© រក្សាសិទ្ធិដោយ thmeythmey.com