រថយន្ត
សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ទីផ្សារ​រថយន្ត​មួយ​ទឹក​នៅ​ឥណ្ឌា​កើន​៥០​ភាគរយ​ក្នុង​១​ឆ្នាំ​
12, Nov 2018 , 7:19 pm        
រូបភាព
ដោយ: ធីតា
​រថយន្ត​ថ្មីៗ​ទំនើបៗ ហាក់ដូចជា​មិនសូវ​ទាក់ទាញ​អតិថិជន​នៅ​ឥណ្ឌា​នោះឡើយ​។ បើតាម​ការផ្សាយ​របស់​សារព័ត៌មាន India Times ពលរដ្ឋ​នៅ​តំបន់​អាស៊ី​ខាងត្បូង​មួយ​នេះ ចូលចិត្ត​ប្រើប្រាស់​រថយន្ត​មួយ​ទឹក​ច្រើនជាង ដោយមាន​កំណើន​រហូត​ដល់​ទៅ​៥០​ភាគរយ​ក្នុង​១​ឆ្នាំ​។​

 
​ទីផ្សារ​រថយន្ត​មួយ​ទឹក​នៅ​ឥណ្ឌា បាន​កំណើន​ក្នុង​រង្វង់​ពី​៤០ ទៅ​៥០​ភាគរយ​នៅ​ឆ្នាំ​២០១៨​នេះ ដោយ​ក្រុមហ៊ុន​ធំៗ ដូចជា Mahindra First Choice Wheels, OLX និង Truebil ជាដើម សុទ្ធតែ​បាន​អះអាងថា អតិថិជន​បែរជា​មើលរំលង​រថយន្ត​ចេញ​ថ្មី​ទំនើបៗ​ទៅវិញ​។​
 
​លោក Shubh Bansal សហ​ស្ថាបនិក​ក្រុមហ៊ុន​លក់​រថយន្ត​តាម​អន​ឡាញ Truebil បានបញ្ជាក់​ឲ្យ​ដឹងថា ចន្លោះ​ពី​ខែមករា ដល់​ខែកញ្ញា​កន្លងមក មាន​រថយន្ត​ថ្មី​រហូតដល់​២៨​ម៉ូ​ដែល ប៉ុន្តែ​តម្លៃ​រថយន្ត​ទាំងនោះ បាន​ធ្លាក់ចុះ បន្ទាប់ពី​ប្រើប្រាស់​រួច​។​
 
​លោក Ashutosh Pandey អគ្គនាយក​ក្រុមហ៊ុន Mahindra First Choice Wheels បានកត់សម្គាល់​ផងដែរ​ថា ទីផ្សារ​រថយន្ត​មួយ​ទឹក មាន​កំណើន​ឡើង​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ជាពិសេស​បើ​គិត​ចាប់តាំងពី​ទីផ្សារ​រថយន្ត​ដែល​ច្នៃប្រឌិត​ថ្មី ធ្លាក់ចុះ​។​
 
​លោក​បាន​បន្ថែមថា ទីផ្សារ​រថយន្ត​ថ្មី ក៏បាន​ធ្លាក់ចុះ​ដោយសារ​ការឡើង​ថ្លៃ​តម្លៃ​ប្រេងសាំង​ផងដែរ ដោយ​អ្នកប្រើប្រាស់​សម្រេច​ងាក​ទៅ​រថយន្ត​មួយ​ទឹក ដើម្បី​ទប់ទល់​ការចំណាយ​។​
 
»​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​នោះ រថយន្ត​មួយ​ទឹក​ភាគច្រើន ធ្លាប់មាន​ប្រវត្តិ​ប្រើប្រាស់​តិចជាង​២​ឆ្នាំ និង​រត់​បាន​ចម្ងាយ​ប្រមាណ​តែ​ពី​១៥ ០០០ ទៅ​២០ ០០០​គីឡូម៉ែត្រ ប៉ុណ្ណោះ​»​។ នេះ​ជាការ​អះអាង​របស់លោក Sunny Kataria អនុប្រធាន​ក្រុម OLX India៕
 
 

Tag:
 ឥណ្ឌា​
© រក្សាសិទ្ធិដោយ thmeythmey.com