អន្តរជាតិ
ប្រមុខ​ការទូត​សិង្ហ​បុរី ជឿថា អាស៊ាន​អាច​សម្រេចបាន​សមិទ្ធផល​ច្រើន បើ​រួមចិត្ត និង​រួម​បេះដូង​តែមួយ
13, Nov 2018 , 7:59 am        
រូបភាព
ដោយ:
​ប្រមុខ​ការទូត​សិង្ហ​បុរី លោក Vivian Balakrishnan បាន​អះអាងថា សិង្ហ​បុរី ក្នុងនាម​ជា​ប្រធាន​អាស៊ាន បានសម្រេច​សមិទ្ធផល​ផ្លែផ្កា​ច្រើន​លើសពី​អ្វី ដែល​បាន​រំពឹងទុក​។ តាម​ប្រមុខ​ការទូត​រូបនេះ ការណ៍ ដែល​ធ្វើ​ឲ្យ​សិង្ហ​បុរី អាច​ទទួលលទ្ធផល​លើស​រំពឹងទុក​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​ការរួម​ចិត្ត និង​បេះដូង​តែមួយ​របស់​បណ្តា​សមាជិក​អាស៊ាន​ផងដែរ​។​


 
​មុន​ការចាប់ផ្តើម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី​លោក Vivian Balakrishnan នៅ​ថ្ងៃ​១១ វិច្ឆិកា បាន​ថ្លែង​អរគុណ​ដល់​មន្ត្រី​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​សិង្ហ​បុរី ដែល​ធ្វើ​ឲ្យ​សិង្ហ​បុរី អាច​សម្រេចបាន​ជោគជ័យ​ក្នុងការ​ដឹកនាំ​អាស៊ាន លើសពី​ការរំពឹងទុក ក្នុងនាម​ជា​ប្រធាន​វិលជុំ​របស់​អាស៊ាន​។​
 
​តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍ Channel News Asia រដ្ឋមន្ត្រី​រូបនេះ​បាន​លើកឡើងថា នៅ​ដើមឆ្នាំ ដែលជា​ពេល​សិង្ហ​បុរី ចាប់ផ្តើម​អនុវត្ត​មុខងារ​ជា​ប្រធាន​វិលជុំ​អាស៊ាន ពិភពលោក​កំពុង​ប្រឈម​នឹង​សង្គ្រាម​ពាណិជ្ជកម្ម និង​មាន​ផលប៉ះពាល់​លើ​សណ្តាប់ធ្នាប់​ពិភពលោក ខណៈ​តំបន់​ទាំងមូល​ប្រឈម​នឹង​បដិវត្តន៍​ឌីជីថល​។ លោក​បន្ថែមថា អាស៊ាន​ក៏ត្រូវ​រក​មធ្យោបាយ​ដើម្បី​ធានា​ពី​ការផ្លាស់ប្តូរ​ការងារ និង​សេដ្ឋកិច្ច​នាពេល​អនាគត​ផងដែរ​។ 
 
​ទោះបី​ពិភពលោក និង​តំបន់ ស្ថិតនៅក្នុង​ស្ថានភាព​មិន​ល្អ​បែបនេះ​ក្តី លោក​អះអាងថា អាស៊ាន​នៅតែ​អាច​ជម្នះ​បាន​។ «​យើង បានសម្រេច​នូវ​កិច្ចការ​ផ្លែផ្កា​ជាច្រើន​ទាំងអស់គ្នា ដែល​នេះ បង្ហាញថា កាលណា​អាស៊ាន បន្ត​កសាង​ទំនុកចិត្ត​យុទ្ធសាស្ត្រ , ការកសាង​ទំនុកចិត្ត​រួម និង​បើក​ចិត្ត​ទូលាយ​ក្នុងការ​ទំនាក់ទំនង​គ្នា នោះ​អាស៊ាន​អាចធ្វើ​ការងារ​ជាច្រើន​បាន​ទាំងអស់គ្នា​»​។ នេះ​ជាស​ម្តី​របស់លោក​រដ្ឋមន្ត្រី​។ 
 
​ជា​សក្ខីកម្ម លោក​រដ្ឋមន្ត្រី បាន​លើកយក​សមិទ្ធផល​ធំ​មួយចំនួន ដែល​អាស៊ាន​សម្រេចបាន​ក្រោម​ការដឹកនាំ​របស់​ប្រធាន​សិង្ហ​បុ​រិ រួមមាន​ទាំង​ក្របខណ្ឌ នៃ​ការ​ចងក្រង​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ដែល​អាស៊ាន​រំពឹងថា បង្កើត​ឲ្យ​មាន​សម្រាប់​គ្រប់គ្រង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​រាប់​ទសវត្សរ៍ ក៏ដូចជា​ការធានា​ពី​ការបន្ត​ទៅមុខ​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំ​បំផុត​ប្រចាំ​តំបន់ RCEP​។​
 
​គួរ​ជម្រាប​ផងដែរ សិង្ហ​បុរី កំពុងតែ​រៀបចំ​កិច្ចប្រជុំ​កំពូល​លើក​ទី​៣៣ ដែល​ត្រូវ​ប្រព្រឹត្តឡើង​ចាប់ពី​ថ្ងៃ​១១ ដល់​ថ្ងៃ​១៥ វិច្ឆិកា មុនពេល ប្រគល់​ញញួរ​ប្រធាន​អាស៊ាន​ឲ្យ​ទៅ​ថៃ​។ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ដំណើរ​សមាហរណកម្ម ក៏ដូចជា​បញ្ហា​សិទ្ធិមនុស្ស នឹងត្រូវ​បាន​ជជែក​នៅក្នុង​ជំនួប​នេះ​ផងដែរ​៕ 

Tag:
 សិង្ហ​បុរី​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com