អន្តរជាតិ
ជំនួប APEC៖ ប៉ា​ពួ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ ដាក់ពង្រាយ​កងកម្លាំង​បរទេស​យ៉ាងច្រើន​ដើម្បី​ការពារ​សន្តិសុខ​
13, Nov 2018 , 8:59 am        
រូបភាព
ដោយ:
​ប៉ា​ពូ​អាស៊ី​នូ​វែ​ល ហ្គី​ណេ បានដាក់​ពង្រាយ​នាវាចម្បាំង​, យន្តហោះ​ចម្បាំង និង​កងទ័ព​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម មកពី​ចម្រុះ​ជាតិ​សាសន៍ ដើម្បី​ការពារ​មេដឹកនាំ​ពិភពលោក  ដែល​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​នា​រដ្ឋធានី​របស់ខ្លួន នា​ចុង​សប្តាហ៍​នេះ​។

 
​កងទ័ព​ប្រមាណ​៤០០០​នាក់ ដែល​ពាក់កណ្តាល​នៃ​កងទ័ព​ទាំងនោះ​គឺ​សុទ្ធតែជា​របស់​បរទេស នឹងត្រូវ​ធ្វើការ​ជាមួយ​ប៉ូលីស​របស់​ប៉ា​ពូ​អាស៊ី​នូ​វែ​ល ហ្គី​ណេ​រាប់រយ​នាក់ ដើម្បី​យាមល្បាត អំឡុង​វេទិកា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ប្រចាំ​តំបន់ អាស៊ី​-​ប៉ាស៊ីហ្វិក (APEC)​។ កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​នេះដែរ នឹងត្រូវ​ចាប់ផ្តើម​នា​ថ្ងៃទី​១៧ ខែវិច្ឆិកា​ខាងមុខ​។​
 
​ក្នុងចំណោម​មេដឹកនាំ​ពិភពលោក​កំពូលៗ​ទាំងនោះ គឺ​រួមមាន​ដូចជា ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង​, នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ និង​អនុ​ប្រធានាធិបតី​អាមេរិក Mike Pence ជាដើម ។ ជាមួយគ្នានេះ ប្រតិភូ​តំណាង​ជាង​១៥០០០​នាក់​ផ្សេងទៀត ក៏​រំពឹងថា​នឹងចូលរួម​កិច្ចប្រជុំ​កំពូល​នេះ​ផងដែរ​។ 
 
​ដើម្បី​ធានា​សុវត្ថិភាព​ប្រតិភូ​តំណាង​ទាំងនោះ រដ្ឋាភិបាល​ប៉ា​ពូ​អាស៊ី​នូ​វែ​ល ហ្គី​ណេ​បានស្នើ​សុំ​ជំនួយ​ផ្នែក​យោធា​ពី​អូស្ត្រាលី សហរដ្ឋអាមេរិក និង​នូ​វែ​ល​សេ​ឡង់​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP នាវា​យោធា​អូស្ត្រាលី​នូ​វែ​ល​ហ្សែ​ឡង់ និង​សហរដ្ឋអាមេរិក នឹង​ធ្វើការ​យាមល្បាត​នៅតាម​បណ្តោយ​ឆ្នេរ​នៃ​រដ្ឋធានី​របស់​ប៉ា​ពូ​អាស៊ី​នូ​វែ​ល ហ្គី​ណេ​។ លើសពីនេះ ប្រទេស​ទាំងបី​នេះ ក៏បានផ្តល់​កងកម្លាំង​ពិសេស​ជូន​ប្រទេស​នេះ​ថែម​ទៀតផង​។​
 
​ជាការ​បំពាន​ដែន​អធិបតេយ្យ​របស់​ប៉ា​ពូ​អាស៊ី​នូ​វែ​ល ហ្គី​ណេ​?
 
​កាសែត​ក្នុងស្រុក​របស់​ប៉ា​ពូ​អាស៊ី​នូ​វែ​ល ហ្គី​ណេ​មួយ​ឈ្មោះថា Post-Courier បាន​ចុះផ្សាយ​អត្ថបទ​ទំព័រមុខ​មួយ ដោយមាន​ចំណងជើង​ថា «​ការឈ្លានពាន​របស់ APEC»​។ ទោះបីជា​យ៉ាងនេះ​ក្តី អគ្គស្នងការ​នៃ​កងកម្លាំង​សន្តិសុខ​ជាតិ​ប៉ា​ពូ​អាស៊ី​នូ​វែ​ល ហ្គី​ណេ លោក Gari Baki បាន​ប្រាប់​ប្រជាជន កុំ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​កងទ័ព​បរទេស​ទាំងអស់នោះ​។ 
 
​ត្រង់នេះ លោក Gari បាន​អះអាង​យ៉ាង​ដូច្នេះ​៖ «​ខ្ញុំ​សូមបញ្ជាក់​ប្រាប់​ប្រជាជន​ឲ្យ​ច្បាស់​ថា ពួកគេ​មិនគួរ​ភ្ញាក់​ផ្ញើ​លពី​បញ្ហា​ទាំង​នេះឡើយ ដ្បិតថា កងកម្លាំង​អន្តរជាតិ​ទាំងនោះ គឺ​មកកាន់​ទីនេះ តាម​ការស្នើសុំ​របស់រ​ដ្ឋា​ភិ​បាល​យើង​ប៉ុណ្ណោះ​»​។​
 
​មុន​រៀបចំ​ជំនួប​កំពូល​នេះ រដ្ឋាភិបាល​ប៉ា​ពូ​អាស៊ី​នូ​វែ​ល ហ្គី​ណេ​បានអនុម័ត​ច្បាប់​ដើម្បី​អនុញ្ញាត​ឲ្យ​កងសន្តិសុខ​អន្តរជាតិ​ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ ប្រសិន​ចាំបាច់​ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​ណាមួយ អំឡុង​កិច្ចប្រជុំ​កំពូល​នេះ​។ ទាក់ទិន​នឹង​ការដាក់​ពង្រាយ​កងកម្លាំង​បរទេស​យ៉ាងច្រើន​សម្បើម​បែបនេះ អតីត​មេទ័ព​កំពូល​ប៉ា​ពូ​អាស៊ី​នូ​វែ​ល ហ្គី​ណេ លោក Jerry Singirok បានលើកឡើង​ពី​ក្តីកង្វល់​របស់លោក​ថា ចំណាត់ការ​ថ្មី​នេះ​នឹងមាន​ឥទ្ធិពល​អវិជ្ជមាន​ទៅលើ​អធិបតេយ្យ​ជាតិ​។​
 
​យ៉ាងណាមិញ សមាគម​ការពារជាតិ​អូស្ត្រាលី ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋធានី Canberra បាន​បកស្រាយ​ថា ប្រសិនបើ​ប្រទេស​កំពុង​អភិវឌ្ឍ​ដូចជា ប៉ា​ពូ​អាស៊ី​នូ​វែ​ល ហ្គី​ណេ ពុំ​ទទួលយក​ជំនួយ​ផ្នែក​សន្តិសុខ​ពី​បរទេស​នោះទេ ក៏​ពួកគេ​គ្មាន​សមត្ថភាព​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ដ៏​សំខាន់​ដូចជា កិច្ចប្រជុំ​កំពូល APEC ដូច្នេះ​ដែរ​។ 
 
​ជា​ឱកាស​សម្រាប់​ឲ្យ​ពិភពលោក​ស្គាល់​ប្រទេស​ក្រីក្រ​ក្នុង​តំបន់​អូ​សេ​អា​នីមួយ​នេះ​
 
​រដ្ឋាភិបាល​ប៉ា​ពូ​អាស៊ី​នូ​វែ​ល ហ្គី​ណេ បាន​សម្លឹង​ឃើញ​កិច្ចប្រជុំ​កំពូល​មួយ​នេះ ជា​ឱកាស​ដ៏​កម្រ​បំផុត​មួយ ដើម្បី​បង្ហាញ​ប្រទេស​ខ្លួន​ទៅកាន់​ពិភពលោក​ឲ្យ​បាន​ស្គាល់ និង​ព្យាយាម​ទាក់ទាញ​ការវិនិយោគ មកកាន់​ប្រជាជាតិ​ក្រ​ជាងគេ​បំផុត​ក្នុងចំណោម​សមាជិក APEC ទាំង​២១​ប្រទេស​នេះ​ផងដែរ​។​
 
​ជុំវិញ​រឿងនេះ រដ្ឋមន្ត្រី​ទទួលខុសត្រូវ​រៀបចំ​គម្រោង​កិច្ចប្រជុំ​កំពូល​នេះ លោក Justin Tkatchenko បាន​គូសបញ្ជាក់ថា​៖ «​យើង​ពុំ​ធ្លាប់មាន​មេដឹកនាំ​កំពូលៗ​ដូចនេះ​ធ្វើដំណើរ​មកកាន់​ប្រទេស​យើង​ឡើយ​។ ពិភពលោក​ទាំងមូល​កំ​ពូ​ល​សម្លឹងមើល​យើង​មិន​ដាក់​ភ្នែក​ឡើយ​»​។​
 
​គួរបញ្ជាក់​ផងដែរ​ថា ច្រើនជាង​មួយ​ភាគបី​នៃ​ប្រជាជន​ប៉ា​ពូ​អាស៊ី​នូ​វែ​ល ហ្គី​ណេ ប្រមាណ​៨,៥​លាន​នាក់ កំពុង​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ​៕
 

Tag:
 កិច្ចប្រជុំ​កំពូល APEC
  ប៉ា​ពូ​អាស៊ី​នូ​វែ​ល ហ្គី​ណេ
© រក្សាសិទ្ធិដោយ thmeythmey.com