អន្តរជាតិ
លោក ពូ​ទីន នឹង​បំពេញ​ទស្សនកិច្ច​ជា​លើកដំបូង​នៅ​សិង្ហ​បុរី
12, Nov 2018 , 6:18 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន នឹង​ចាប់ផ្តើម​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​សិង្ហ​បុរី​ជា​លើកដំបូង​នៅ​សប្តាហ៍​នេះ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​នឹង​ពិភាក្សា​ទ្វេភាគី​ជាមួយ​មេដឹកនាំ​សិង្ហ​បុរី និង​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន​-​រុស្ស៊ី និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី ១៣ ផងដែរ​។


 
​លោក ពូ​ទីន នឹង​អញ្ជើញ​មកដល់​សិង្ហ​បុរី​នៅ​ថ្ងៃ​អង្គារ​ទី ១៣ ខែវិច្ឆិកា ហើយ​លោក​នឹង​ជួប​ជាមួយ​មេដឹកនាំ​សិង្ហ​បុរី​លោកស្រី​ប្រធានាធិបតី Halimah Yacob និង​នាយករដ្ឋមន្ត្រី លី សៀន​ឡុង​ផងដែរ​។ 
 
​យោងតាម​សារព័ត៌មាន​សិង្ហ​បុរី Straits Times ប្រមុខរដ្ឋ​រុស្ស៊ី​រូបនេះ​នឹង​ចំណាយពេល​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក លី សៀន​ឡុង ដោយ​ផ្តោតលើ​ទំនាក់ទំនង​ទ្វេភាគី និង​ផ្លាស់ប្តូរ​យោ​ប​លើ​លើ​បញ្ហា​ប្រឈម​ពិភពលោក និង​តំបន់​ផងដែរ​។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​សិង្ហ​បុរី កិច្ចព្រមព្រៀងទ្វេភាគី​ជាច្រើន​នឹងត្រូវ​ចុះ​រួមគ្នា​ក្រោយ​កិច្ចពិភាក្សា​នេះ​ផងដែរ​។ 
 
​លោក ពូ​ទីន និង​លោកស្រី Halimah ក៏​នឹងចូលរួម​ក្នុង​កម្មវិធី​បើក​សម្ភោ​ធ​មជ្ឈមណ្ឌល​វប្បធម៌​រុស្ស៊ី​ជា​ផ្លូវការ​ដែរ​ក្នុងអំឡុង​ទស្សនកិច្ច​នេះ​។ 
 
​តាមពិតទៅ វា​ជា​ទស្សនកិច្ច​លើកដំបូង​របស់លោក ពូ​ទីន ហើយ​វា​ក៏​ជា​ទស្សនកិច្ច​លើកដំបូង​របស់​ប្រមុខរដ្ឋ​រុស្ស៊ី​មកកាន់​បុរី​រដ្ឋ​សិង្ហ​បុរី​នេះដែរ​រាប់​ចាប់​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់លោក  ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ​វ ក្នុង​ឆ្នាំ ២០០៩​។  ទស្សនកិច្ច​នេះ​ក៏​កើតឡើង​ចំ​ខួប ៥០​ឆ្នាំ​នៃ​ការបង្កើត​ចំណង​ការទូត​រវាង​រុស្ស៊ី និង​សិង្ហ​បុរី​ដែរ​។ 
 
​លោក ពូ​ទីន នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​រុស្ស៊ី​លើក​ទី​បី និង​កិច្ចប្រជុំ​អាស៊ី​បូព៌ា​លើក​ទី ១៣ ដែល​ត្រូវ​រៀបចំឡើង​នៅ​សិង្ហ​បុរី​នេះ​ផងដែរ​។ 
 
​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​រុស្ស៊ី​ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​ពុធ​នោះ មេដឹកនាំ​អាស៊ាន និង​រុស្ស៊ី នឹង​ពិភាក្សា​ពី​ការលើកស្ទួយ​ពាណិជ្ជកម្ម​, វិនិយោគ និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​មនុស្សធម៌​ជាដើម​។ ក្រៅពីនេះ មេដឹកនាំ​ទាំងនោះ​នឹង​ពិភាក្សា​ពី​លទ្ធភាព​ពង្រឹង​ទំនាក់ទំនង​រវាង​អាស៊ាន​ជាមួយ​អង្គការ​កិច្ចសហប្រតិបត្តិការ​សៀង​ហៃ និង​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី​ដែល​ដឹកនាំ​ដោយ​រុស្ស៊ី​ជាដើម​ផង​។​
 
​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ឯណោះ​វិញ  មេដឹកនាំ​ដែល​ចូលរួម​នឹង​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់ និង​ស្វែងរក​វិធានការ​ដោះស្រាយ​បញ្ហា​សន្តិសុខ​តំបន់​, ប្រឆាំង​ភេរវកម្ម និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី​ដែល​ផ្តោតលើ​វិស័យ​សុខាភិបាល បច្ចេកវិទ្យា និង​ការការពារ​បរិស្ថាន​ផងដែរ​៕

Tag:
 ​វ្ល៉ា​ឌី​មៀ ពូ​ទីន​
  សិង្ហ​បុរី​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com