ជាតិ
សម្តេច ហ៊ុន សែន ដឹកនាំ​ប្រតិភូ​ទៅ​ចូល​រូ​ម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​សិង្ហ​បុរី​
13, Nov 2018 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ព្រឹក​ថ្ងៃ​អង្គារ ទី​១៣ ខែវិច្ឆិកា នេះ បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ប្រ​ទេ​សិង្ហ​បុរី រហូតដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា​។​

 
​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នេះ នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ «​ភាពរឹងមាំ និង នវានុវត្តន៍​របស់​អា​ស៊ាន​»​។ ក្រៅពី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ហើយ​នោះ សម្តេច ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ជាច្រើន​ផ្សេងទៀត​ដូចជា កិច្ចប្រជុំ​កំពូល​ក្រៅផ្លូវការ​អាស៊ាន​-​អូស្ត្រាលី អមដោយ​អាហារ​ពេលព្រឹក , កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​២១, កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ លើក​ទី​២០ , កិច្ចប្រជុំ​កំពូល​អាស៊ាន​-​រុស្ស៊ី លើក​ទី​៣ , កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន លើក​ទី​២១ , កិច្ចប្រជុំ​កំពូល​ក្រៅផ្លូវការ​អាស៊ាន​-​ឥណ្ឌា អមដោយ​អាហារ​ពេលព្រឹក , កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋអាមេរិក លើក​ទី​៦, កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​៣ លើក​ទី​២១ , កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា លើក​ទី​១៣ (​ពេញអង្គ​) , កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា (​ចង្អៀត​) អមដោយ​អាហារ​ថ្ងៃត្រង់ , និង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ នៃ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់ លើក​ទី​២​។​
 
​ជាមួយគ្នានេះ សម្តេច នឹង​អញ្ជើញ​ចូលរួម​ក្នុង​ប្រជុំ និង​កម្មវិធី​មួយចំនួនទៀត​ដូចជា កិច្ចប្រជុំ​ជាមួយ​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ ធុរកិច្ច​អាស៊ាន​, កម្មវិធី​អាហារ​ការងារ​ថ្ងៃត្រង់ រៀបចំ​ដោយ​លោក លី សៀន​ឡុង សម្រាប់​ថ្នាក់ដឹកនាំ​អាស៊ាន , ពិធី​លៀង​សាយភោជន៍ (Gala Dinner) រៀបចំ​ដោយ​ប្រធាន​កិច្ចប្រជុំ សម្រាប់​ថ្នាក់ដឹកនាំ​អាស៊ាន , និង​ជំនួប​ទ្វេភាគី ជាមួយ​ប្រមុខ​គណៈប្រតិភូ នៃ​ប្រទេស​មួយចំនួន​ផងដែរ​៕

Tag:
 អាស៊ាន
  សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com