ONE Championship
កីឡាជាតិ
ជាតិ
គ្រូ​ប្រដាល់​សិង្ហ​បុរី «JJ» ទាយ​ថា​គុន​ខ្មែរ និង​គុន​មួយ​ថៃ នឹង​ល្បី​លើ​ឆាក​អន្តរជាតិ​
13, Nov 2018 , 11:00 am        
រូបភាព
ដោយ: ថ្មីៗ
Nicholas Lee ហៅ​«JJ» កីឡាករ​ប្រដាល់​របស់​សិង្ហ​បុរី​ដែលមាន​ប្រវត្តិ​ឡើង​សង្វៀន ONE Championship គ្រប់​ប្រទេស​ទូទាំង​តំបន់​អាស៊ី អះអាងថា​កម្ពុជា​នឹងមាន​ជើងឯក​ពិភពលោក​ដំបូង​គេ​បង្អស់​នៅ​ឆ្នាំ​២០១៩​។ កីឡាករ​ដែល JJ ជឿជាក់​នឹង​ក្លាយជា​ជើង​ខ្លាំង​នោះ​គឺ​កីឡាករ រិ​ន សារ​ត្ន័​។​

 
Nicholas Lee សព្វថ្ងៃ​រូបគេ​មាន​ក្លិប​ហ្វឹកហាត់​ដ៏​ល្បី​ឈ្នោះ​មួយ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ មាន​ឈ្មោះថា Yorky MMA​។ ហើយ​ឥឡូវនេះ រូបគេ​ក៏​ចង់​ដាក់​កំលាំង និង​ពេលវេលា​បន្ថែមទៀត​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។ 
 
​គ្រូបង្វឹក​វ័យក្មេង​វ័យ ២៣​ឆ្នាំ​រូបនេះ កំពុង​ចាប់ដៃ​ជាមួយ​មិត្តភក្តិ​ជិតស្និទ្ធ​របស់ខ្លួន គឺ​គ្រូ​ប្រដាល់​លោក​ហ៊ុន ចាន់​រាជ ដែលជា​ម្ចាស់​ក្លិប Cambodian Top Team​។​
 
 
JJ បង្ហើប​ថា​៖ «​យើង​ទាំងពីរ​ដូច​បងប្អូន​បង្កើត​អញ្ចឹង ខ្ញុំ​បាន​ជួប​ចាន់​រាជ​ជាច្រើន​ឆ្នាំមុន​។ គាត់​មើល​ខ្ញុំ​តស៊ូ​ពី​បាត​ដៃទទេ រហូត​បាន​ជោគជ័យ​។ ខ្ញុំ​វិញ​ក៏​មើល​គាត់​ពី​ពេល​គាត់​គ្មានអ្វី​សោះ រហូត​បាន​ជោគជ័យ​ដូចគ្នា​។ ឥឡូវ​គាត់​មាន​ក្លិប​កីឡា​ល្បីឈ្មោះ​ជាងគេ​នៅ​កម្ពុជា ហើយ​ខ្ញុំ​វិញ​មាន​ក្លិប​កីឡា​មួយ​ដែល​ល្បីល្បាញ​នៅ​បាងកក 
​ដូច្នេះ​យើង​ក៏បាន​ចាប់ផ្តើម​ធ្វើការ​ជាមួយគ្នា​តែម្តងទៅ​»​។​
 
​អំឡុងពេល​គ្រូ​ក្មេង​រូបនេះ​បាន​ស្នាក់នៅ​រាជធានី​ភ្នំពេញ​កាលពី​កន្លងទៅ រូបគេ​មានឱកាស​បង្វឹក​កីឡាករ​ខ្មែរ​ដែលមាន​ទេពកោសល្យ​ខ្លាំងៗ​ជាច្រើន​នាក់ ហើយ​ក៏បាន​សង្កេតឃើញ​ពី​ការ​វិវឌ្ឍន៍​ខ្លាំង​ខាង​វិស័យ​ក្បាច់គុន​របស់​កម្ពុជា​ដែរ​។ 
 
​ចាប់តាំងពី​សហព័ន្ធ​សិល្បៈ​យុទ្ធ​គុន​ចម្រុះ​បាន​សម្ពោធ​ថ្មី​មក និង​មាន​កីឡាករ​ឆ្នើមៗ​ជាច្រើន​បាន​ចូល​ប្រកួត​ក្នុង​ស្ថាប័ន​ក្បាច់គុន​ធំជាងគេ​នៅ​អាស៊ី ONE Championship JJ បានចាប់ផ្តើម​ឃើញ​មាន​ចលនា​ជាច្រើន​កំពុង​ផុស​ឡើង​។ 
 
 
Nicholas Lee មាន​អារម្មណ៍​ថា​ជោគវាសនា​របស់​កម្ពុជា ក៏ដូចជា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ នឹងត្រូវ​បានទទួល​ស្គាល់​កេរ្តិ៍ឈ្មោះ​សាក​សម​នឹង​អ្វីដែល​ត្រូវ​ទទួលបាន​។​
 
Lee ពន្យល់ថា​៖ «​កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ចាប់ផ្តើម​ចូលចិត្ត​រៀន​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា និង​ប្រទេស​ក្នុង​អាស៊ី​ដទៃទៀត ខ្ញុំ​មាន​អារម្មណ៍​ថា ពិភពលោក​មិន​ផ្តល់​ជំនឿ​ច្រើន​មកលើ​តំបន់​អាស៊ីអាគ្នេយ៍​ទេ​។ ខ្ញុំ​ចាត់ទុកថា វា​ជាការ​ប្រមាថ​មួយ​។ យើង​មានគុន​ខ្មែរ និង​គុន​មួយ​ថៃ​។​»
 
​លោក​បន្ថែមថា​៖ «​ប្រទេស​កម្ពុជា​ធ្លាប់មាន​ប្រវត្តិ​ជូ​ចត់​ដោយសារ​សង្គ្រាម ដូច្នេះ​អ្វីដែល​យើង​ព្យាយាម​ធ្វើ​នាពេលនេះ​គឺ ព្យាយាម​កសាង​ប្រវត្តិសាស្ត្រ​ឡើងវិញ កែលម្អរ ចាប់ផ្តើម​ជីវិត​ថ្មី និង​ធ្វើយ៉ាងណា​ឲ្យ​អនាគត​កាន់តែ​ប្រសើរឡើង ដូច​គេ​និយាយថា មនុស្ស​ម្នាក់​កាន់តែ​ធ្លាប់​លំបាក អនាគត​ទៅ​កាន់តែ​ជោគជ័យ​»​។​
 
Lee មិន​ត្រឹម​គិតថា​កម្ពុជា​នឹង​រីកចម្រើន​ថែមទៀត​ប៉ុណ្ណោះ​ទេ គាត់​ក៏បាន​ទស្ស​សន៍​ទាយ​ថា​កម្ពុជា នឹងមាន​ជើងឯក​ពិភពលោក​ដំបូង​គេ​បង្អស់​ក្នុង​ឆ្នាំ​២០១៩ ខាងមុខនេះ​។ 
 
​ម្ចាស់​ក្លិប​នៅ​ប៉ាង​កក​ម្នាក់នេះ​បាន​ហ្វឹកហាត់​យ៉ាង​ជិតស្និទ្ធ​ជាមួយ​តារា​ប្រដាល់ រិ​ន សារ​ត្ន័ ហើយ​ជឿជាក់ថា កីឡាករ​កម្ពុ​ជាមាន​ទេពកោសល្យ និង​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ឡើង​ប្រកួត​កម្រិត​សកល​បាន​។​
 
Lee និយាយ​ទាំង​មាន​ទំនុកចិត្ត​ថា​៖ «​កម្ពុជា​នឹងមាន​ជើងឯក​ពិភពលោក​ជា​លើកដំបូង​។ អ្នកខ្លះ​គេ​ថា​ទៅ​មិន​រួច  តែ​ខ្ញុំ​វិញ​មិន​ខ្វល់​ទេ ខ្ញុំ​ជឿជាក់ថា​អាច​។ ជាពិសេស​ខ្ញុំ​ជឿ​លើ រិ​ន សារ​ត្ន័​។ គាត់​រៀន​ឆាប់​ចេះ​ណាស់ គាត់​ពូកែ​សម្រប​ខ្លួន​បានល្អ ហើយ​គាត់​មិនចេះ​ក្អេងក្អាង គាត់​ដូច​កុំព្យូទ័រ​មួយ​អញ្ចឹង​! គាត់​នឹង​ក្លាយជា​ជើងឯក​ពិភពលោក​»៕
 
​អត្ថបទ​៖ Matias Andres 
 

 

© រក្សាសិទ្ធិដោយ thmeythmey.com