ជាតិ
សង្គមជាតិ
រដ្ឋាភិបាល រ៉ាប់រងទាំងស្រុងលើ ការព្យាបាលជំងឺរបស់ព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន
× ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៣ ខែវិច្ឆិកានេះ ស្ថានភាពជំងឺរបស់ព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន សិល្បករចាប៉ីដងវែងដ៏ល្បីល្បាញ នៅតែមានលក្ខណដុនដាប។ លោក ប្រាជ្ញ ឆាត កូនប្រុសបង្កើតរបស់អ្នកប្រាជ្ញចាប៉ីរូបនេះ លើកឡើងថា រដ្ឋាភិបាល ជាអ្នកធានារ៉ាប់រងលើថ្លៃព្យាបាលនេះ។
លោក ថៃ នរៈសត្យា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងវប្បធម៌ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ក្រសួង មានកញ្ចប់ថវិកា សម្រាប់ព្យាបាលជំងឺលោក ប្រាជ្ញ ឈួន។ លោក បញ្ជាក់យ៉ាងដូច្នេះថា៖«ក្រៅពីកញ្ចប់សម្រាប់ព្យាបាលជំងឺ លោកតា ប្រាជ្ញ ឈួន ក៏នៅទទួលបានប្រាក់ខែដែរ គឺគាត់ អាចបើកប្រាក់ខែអស់មួយជីវិតតែម្តង»។
លោក ប្រាជ្ញ ឆាត កូនប្រុសបង្កើតរបស់លោក ប្រាជ្ញ ឈួន បានលើកឡើងថា ស្ថានភាពជំងឺរបស់ឪពុក មានសង្ឃឹម៥០ភាគរយ។ បន្ថែមពីលើមន្ត្រីជាន់ខ្ពស់របស់ក្រសួងវប្បធម៌ លោក ប្រាជ្ញ ឆាត បានបញ្ជាក់បែបនេះថា៖«រដ្ឋាភិបាល ជួយឧបត្ថម្ភទាំងស្រុងលើការព្យាបាលនេះ។ កាកបាទក្រហម ក្រសួងវប្បធម៌ និងសប្បុរជនផ្សេងទៀត ក៏បានជួយឧបត្ថម្ភដែរ»។
លោក ប្រាជ្ញ ឆាត បានបន្ថែមថា ព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន មានស្ថានភាពជំងឺរ៉ាំរ៉ៃ ដូចជាលើសឈាម តម្រង់នោម បេះដូង និងសួត ជាង១០ឆ្នាំហើយ។ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ស្ថានភាពជំងឺរបស់លោក ធ្វើទុក្ខខ្លាំង ដែលជំរុញឲ្យគ្រួសារ សម្រេចចិត្តបញ្ជូនលោក ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ មុននឹងបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត្រ កាលពីថ្ងៃទី៨ ខែវិច្ឆិកា។
បច្ចុប្បន្ន ព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន មានវ័យ៨២ឆ្នាំ ដែលមានលំនៅដ្ឋានអចិន្ត្រៃយ៍ នៅភូមិត្រពាំងកក់ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។ លោក បានចាប់អាជីពជាអ្នកចាប៉ី ជាង៧០ឆ្នាំមកហើយ៕
Tag:
ប្រាជ្ញ ឈួន
ប្រាជ្ញ ឆាត
© រក្សាសិទ្ធិដោយ thmeythmey.com