អន្តរជាតិ
កូរ៉េខាងជើង លាក់បាំង​ទីតាំង​ដែល​អាច​បាញ់​មី​ស៊ី​ល​ដល់​អាមេរិក​
13, Nov 2018 , 1:38 pm        
រូបភាព
រូបភាព Reuters
រូបភាព Reuters
​ទោះជា​បាន​ប្ដេជ្ញាចិត្ត​រំសាយ​នុយក្លេអ៊ែរ​ក្ដី កូរ៉េខាងជើង​នៅតែ​ដំណើរការ​មូលដ្ឋាន​បាញ់​មី​ស៊ី​ល​ចំនួន​១៣​កន្លែង​ផ្សេងគ្នា ដែល​ក្រុង​ព្យុងយ៉ាង​មិនបាន​ប្រកាស​ពីមុនមក​។ នេះ​បើតាម​របាយការណ៍​រប​ស់​ស្ថាប័ន​ស្រាវជ្រាវ​មួយ​របស់​អាមេរិក​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា​។ ទីតាំង​សម្ងាត់​ទាំងនោះ មាន​ស្តុក​មី​ស៊ី​ល​គ្រប់​ប្រភេទ​រាប់ទាំង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ធុន Hwasong ដែល​អាច​បាញ់​ដល់​ទឹកដី​អាមេរិក​ផង​។ លទ្ធផល​ក្នុង​របាយការណ៍​នេះ ហាក់​ផ្ទុយ​ពី​ការប្ដេជ្ញាចិត្ត​របស់​មេដឹកនាំ​កូរ៉េខាងជើង និង​ធ្វើ​ឲ្យ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាក់មុខ​ដែរ​។​

 
​កូរ៉េខាងជើង​កំពុង​បន្ត​អនុវត្ត​កម្មវិធី​មី​ស៊ី​ល​បាលី​ស្ទិ​ក​របស់ខ្លួន​ជាសម្ងាត់ ខណៈ​កំពុង​ចរចា​ជាមួយ​អាមេរិក​លើ​ការរំសាយ​នុយក្លេអ៊ែរ​។ ក្នុង​របាយការណ៍​រប​ស់​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​អន្តជាតិ និង​យុទ្ធសាស្ត្រ (CSIS) ក្រុង​ព្យុងយ៉ាង​បាន​លាក់បាំង​ពី​ដំណើរការ​របស់​មូលដ្ឋាន​មី​ស៊ី​ល​យ៉ាងហោចណាស់​១៣​កន្លែង​ក្នុងចំណោម​ទីតាំង​ចំនួន​២០ ដែល​ភាគច្រើន​នៅ​ស្ថិតនៅ​តំបន់ភ្នំ​ដាច់ស្រយាល​របស់​ប្រទេស​នេះ​។ 
 
​បើតាម​របាយការណ៍​ចេញផ្សាយ​ថ្ងៃទី​១២ ខែវិច្ឆិកា មូលដ្ឋាន​ទាំងនោះ​ជា​បណ្ដាញ​មួយ​ដែល​ក្រុង​ព្យុងយ៉ាង​ព្យាយាម​រក្សា​យ៉ាង​គត់មត់​ដែលមាន​សមត្ថភាព​បាញ់​មី​ស៊ី​ល​ដែលរ​ត់ដល់​ទឹកដី​អាមេរិក ទោះជា​រង​ការវាយប្រហារ​ផ្លូវអាកាស​ពី​សំណាក់​កម្លាំងយោធា​អាមេរិក និង​កូរ៉េខាងត្បូង​ក្ដី​។ របាយការណ៍​នេះ នឹងធ្វើ​ឲ្យ​ការចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង​កាន់តែ​ស្មុគស្មាញ​ថែមទៀត ខណៈ​មិនមាន​លទ្ធផល​ជា​ដុំកំភួន​អ្វី​ផង​នោះ​។​


រូបភាពមូលដ្ឋាន Sakkanmil ពីលើអាកាស
 
​យោងតាម​រូបភាព​ថត​ដោយ​ផ្កាយរណប CSIS បាន​បញ្ចេញ​ព័ត៌មាន​លម្អិត​មួយចំនួន​ទាក់ទង​មូលដ្ឋាន Sakkanmol ។ មូលដ្ឋាន​នេះ​មាន​ចម្ងាយ​១៣៥​គីឡូម៉ែត្រ​ពី​រដ្ឋធានី​សេ​អ៊ូ​ល មាន​ផ្លូវ​ចូល​ទីតាំង​មី​ស៊ី​ល​ក្រោម​ដី​ចំនួន​៧​ច្រក និង​កន្លែង​បាញ់​មី​ស៊ី​ល​ដែល​ត្រូវបាន​លាក់បាំង​ជិត​។ ស្ថាប័ន​ស្រាវជ្រាវ​នេះ​អះអាងថា គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០១៨ មូលដ្ឋាន​នេះ​នៅតែមាន​សកម្មភាព និង​ត្រូវបាន​ថែទាំ​យ៉ាង​ល្អ​តាម​ស្តង់ដា​កូរ៉េខាងជើង​។​
 
​កូរ៉េខាងជើង​ចែក​មូលដ្ឋាន​បាញ់​មី​ស៊ី​ល​ជា​បី​តំបន់​
 
​ក្នុង​របាយការណ៍​ដាច់ដោយឡែក​មួយទៀត CSIS រកឃើញថា យោធា​កូរ៉េខាងជើង​កំពុង​ធ្វើ​ប្រតិបត្តិការ​ទីតាំង​មី​ស៊ី​ល​ចន្លោះ​ពី​១៥ ទៅ​២០ ។ លទ្ធផល​នេះ​បានមកពី​ការស្រាវជ្រាវ​ស៊ីជម្រៅ រួមបញ្ចូល​ទាំង​ការសម្ភាស​ជាមួយ​អ្នក​ភៀសខ្លួន មន្ត្រី​រដ្ឋាភិបាល ការពារជាតិ និង​ចារកម្ម​នៅ​ជុំវិញ​ពិភពលោក​។ អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ កូរ៉េខាងជើង​បាន​ចែក​មូលដ្ឋាន​មី​ស៊ី​ល​របស់ខ្លួន​ជា​៣​តំបន់​ដាច់ពីគ្នា ដោយ​ទីតាំង​ជិត​បំផុត​ស្ថិតនៅ​មូលដ្ឋាន Sakkanmol ឬ​ហៅថា​តំបន់​កល​យុទ្ធ​។​
 
​តំបន់​មួយទៀត​ស្ថិត​ចន្លោះ​៥០​ទៅ​៩០​គីឡូម៉ែត្រ​ពី​តំបន់​គ្មាន​យោធា​ដែល​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ​ជា​ពីរ​ក្រោយ​ចប់​សង្គ្រាម​ឆ្នាំ​១៩៥៣ ។ មូលដ្ឋាន​ក្នុង​តំបន់​មាន​សមត្ថភាព​វាយប្រហារ​គោលដៅ​ពីរភាគបី​នៃ​តំបន់​ភាគ​ខាងជើង​របស់​កូរ៉េខាងត្បូង តែ​ក៏​ស្ថិតក្នុង​តំបន់​មាន​សុវត្ថិភាព​ពី​ការវាយប្រហារ​កាំភ្លើងត្បាល់​របស់​កូរ៉េខាងត្បូង និង​អាមេរិក​ដែរ​។ មូលដ្ឋាន​ឆ្ងាយ​ជាងគេ​ស្ថិតនៅ​ចម្ងាយ​ច្រើនជាង​១៥០​គីឡូម៉ែត្រ​ពី​ព្រំដែន ហើយ​ដែលមាន​ផ្ទុក​មី​ស៊ី​ល​ធុន Hwasong បាញ់​ដល់​ទ្វីបអាមេរិក​តែម្ដង​។​
 
​របាយការណ៍​ដដែល​ប​ន្ត​ថា ទីតាំង​ទាំងនេះ ដែល​អាច​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​គ្រប់​ចម្ងាយ​មិន​ថា​ខ្លី មធ្យម ឬ​វែង​នោះ សុទ្ធតែ​ត្រូវ​ប្រកាស ពិនិត្យឡើងវិញ និង​កម្ទេច​ទាំងអស់​ក្រោម​កិច្ចព្រមព្រៀង​ណាមួយ​ក្នុង​ការរំសាយ​នុយក្លេអ៊ែរ​។ 

​លោក គីម កំពុង​បោក​លោក ត្រាំ ?
 
​ជាមួយនឹង​របាយការណ៍​ខាងលើនេះ តើ​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន កំពុង​បោកប្រាស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ឬ​? កន្លងមក លោក ត្រាំ តែង​អួតអាង​ពី​ដំណើរការ​ទៅមុខ​ក្នុង​ការបង្ខំ​ឲ្យ​កូរ៉េខាងជើង​បញ្ឈប់​ការគំរាមកំហែង​ផ្នែក​យោធា​ដាក់​អាមេរិក​។ ភាព​ស្ងៀមស្ងាត់​របស់​កូរ៉េខាងជើង​ក្នុងការ​សាកល្បង​នុយក្លេអ៊ែរ ឬ​ការបាញ់​មី​ស៊ី​ល ព្រមទាំង​ការបំផ្លាញ​ទីតាំង​បាញ់​មី​ស៊ី​ល​មួយចំនួន ធ្វើ​ឲ្យ​លោក ត្រាំ ញញឹម​បិទមាត់​មិន​ជិត​ឡើយ​។​
 
​យ៉ាងណាមិញ ក្នុង​របាយការណ៍​រប​ស់ CSIS ការបិទ​មូលដ្ឋាន​បាញ់​ផ្កាយរណប Sohae នៅក្បែរ​ព្រំដែន​ចិន ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​នោះ បាន​ជួយ​កូរ៉េខាងជើង​លាក់បាំង​សកម្មភាព​នៅ​មូលដ្ឋាន Sakkanmol និង​មូលដ្ឋាន​លាក់កំបាំង​ផ្សេងទៀត​។ ការរក្សា​ការសម្ងាត់​ពី​មូលដ្ឋាន​បាញ់​មី​ស៊ី​ល ត្រូវធ្វើឡើង​ជាច្រើន​ដំណាក់កាល​ដើម្បី​ធានាថា វា​អាច​រួច​ពី​ការវាយប្រហារ​ទុក​មុន​សត្រូវ និង​អំឡុងពេល​ធ្វើសង្គ្រាម​ដែរ​។​
 
​វា​ក៏បង្ក​ការសង្ស័យ​ដែរ​ថា កូរ៉េខាងជើង​នឹង​បញ្ចេញ​រាល់​កម្មវិធី​នុយក្លេអ៊ែរ ឬ​មី​ស៊ី​ល​របស់ខ្លួន ហើយ​អនុវត្តតាម​ពាក្យសម្ដី​ក្នុង​ការជជែក​ដោយស្មោះ​ត្រង់​ជាមួយ​អាមេរិក ខណៈដែល​លោក ត្រាំ កំពុង​អួត​ក្ដែ​ងៗ​ពី​ទំនាក់ទំនង​ល្អ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​នោះ​។ បើ​កូរ៉េខាងជើង​ប្រើល្បិច​មែន​នោះ លោក ត្រាំ ទំនងជា​បាក់មុខ​ខ្លាំង​មិន​ខាន ព្រោះ​ទោះជា​មិន​បាញ់​មី​ស៊ី​ល​មែន តែ​កូរ៉េខាងជើង​សម្ងំ​ផលិត​មី​ស៊ី​ល​កាន់តែច្រើន​ទៅវិញ​៕

Tag:
 ​កូរ៉េខាងជើង​
  អាមេរិក​
  CSIS
© រក្សាសិទ្ធិដោយ thmeythmey.com