អន្តរជាតិ
លោកស្រី ស៊ូជី សង្ឃឹមមីយ៉ាន់ម៉ាតាមទាន់សិង្ហបុរីនៅ២០ឆ្នាំទៀត ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី (រូបភាព AFP)
× មេដឹកនាំមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី នៅថ្ងៃទី១២ ខែវិច្ឆិកា បង្ហាញក្ដីសង្ឃឹមថា មីយ៉ាន់ម៉ានឹងតាមទាន់សិង្ហបុរីក្នុងរយៈពេល២០ឆ្នាំខាងមុខ។ លោកស្រី ស៊ូជី បានអំពាវនាវឲ្យអ្នកវិនិយោគបរទេសចូលទៅបោះទុនរកស៊ីនៅមីយ៉ាន់ម៉ាដើម្បីសម្រេចឲ្យបានគោលដៅអភិវឌ្ឍនេះ ខណៈរដ្ឋាភិបាលក្រុងណៃពិដោបានបង្កើតបរិយាកាសរកស៊ីដែលងាយស្រួលទាំងផ្នែកច្បាប់ និងការសម្របសម្រួលនានាសម្រាប់វិយោគិនទាំងអស់។
ពីទឹកដីសិង្ហបុរី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី បានគៀងគរក្រុមហ៊ុនបរទេសឲ្យទៅរកស៊ីនៅមីយ៉ានម៉ា ហើយក៏រំពឹងថា មីយ៉ាន់ម៉ាអាចឈានដល់កម្រិតអភិវឌ្ឍន៍ដូចសិង្ហបុរីនៅឆ្នាំ២០ទៀត។ ក្ដីរំពឹងរបស់លោកស្រី ស៊ូជី ធ្វើឡើងក្នុងវេទិកាធុរកិច្ចនៅថ្ងៃទី១២ ខែវិច្ឆិកា នៅសិង្ហបុរីជាទីដែលលោកស្រី និងមេដឹកនាំផ្សេងទៀតចូលរួមក្នុងជំនួបកំពូលអាស៊ានទី៣៣ និងជំនួបកំពូលផ្សេងទៀត។
ចំពោះមុខអ្នកជំនួញជាច្រើន លោកស្រី ស៊ូជី បានរំឭកសម្ដីរបស់អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី លី ក្វាន់យូ ពេលចាប់ផ្ដើមសិង្ហបុរីដែលទើបបានឯករាជ្យថា សិង្ហបុរីត្រូវការពេល២០ឆ្នាំទើបតាមទាន់មីយ៉ាន់ម៉ា។ ខុសពីលោក លី មេដឹកនាំមីយ៉ាន់ម៉ារូបនេះចង់ឃើញប្រទេសលោកស្រីដើរទាន់សិង្ហបុរីឲ្យបានមុនពេល២០ឆ្នាំ ហើយដើម្បីសម្រេចគោលដៅនេះ ក្រុមហ៊ុនបរទេសដើរតួនាទីសំខាន់ក្នុងការជួយរដ្ឋាភិបាលមីយ៉ាន់ម៉ា។ នេះបើតាមការផ្សាយរបស់កាសែត The Nation ។
ក្រោយឈ្នះឆ្នោតកាលពី២ឆ្នាំមុន រដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា បានដាក់ចេញគោលនយោបាយជាច្រើនដើម្បីកែទម្រង់សេដ្ឋកិច្ច និងបង្កើតបរិយាកាសល្អប្រសើរសម្រាប់អ្នករកស៊ី។ ភ្លាមៗក្រោយឈ្នះឆ្នោតភ្លូកទឹកភ្លូកដី រដ្ឋាភិបាលបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យបានអនុម័តច្បាប់វិនិយោគថ្មីមួយដែលលើកទឹកចិត្តការវិនិយោគដោយមានការទទួលខុសត្រូវ និងសម្រួលដំណើរការរកស៊ីឲ្យបានកាន់តែងាយស្រួលផង។
«យើងលើកទឹកចិត្តចំពោះការវិនិយោគដែលមានទទួលខុសត្រូវ និងមានការរកស៊ីល្អ មិនមែនតែរកស៊ីមួយមុខឡើយ តែក៏ចូលរួមបណ្ដុះបណ្ដាលប្រជាជនដែលមិនមានបទពិសោធគ្រប់គ្រាន់ក្នុងការរកស៊ី។» នេះជាការលើកឡើងរបស់លោកស្រី ស៊ូជី ដែលពន្យល់ថា រដ្ឋាភិបាលលោកស្រីព្រួយបារម្ភពីការធ្វើពាណិជ្ជកម្មដែលមានការទទួលខុសត្រូវ ព្រោះមីយ៉ាន់ម៉ាស្ថិតក្រោមការគ្រប់គ្រងរបស់របបផ្ដាច់ការច្រើនជាងកន្លះសតវត្សរ៍ទៅហើយ។
ជាមួយនឹងការទាក់ទាញអ្នកវិនិយោគនោះ លោកស្រី ស៊ូជី ដែលកំពុងរងការរិះគន់លើករណីជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ក៏ចង់បង្រួមកម្រិតអភិវ្ឍរវាងរដ្ឋ និងតំបន់ទាំង១៤របស់មីយ៉ាន់ម៉ាផង។ លោកស្រីរៀបរាប់ថា គេមិនអាចវិនិយោគតំបន់មួយដោយផ្អែកលើការគិតគូរពីអត្ថប្រយោជន៍ផ្នែកគ្រឿងបរិក្ខារអ្វីឡើយ តែក៏ត្រូវពិចារណាលើការវិនិយោគដើម្បីអនាគតប្រជាជន ធ្វើឲ្យពួកគេខិតជិតគ្នាដើម្បីសុខដុមរមនីយកម្មសេដ្ឋកិច្ច និងនយោបាយ៕
Tag:
មីយ៉ាន់ម៉ា
សិង្ហបុរី
អ៊ុងសាន ស៊ូជី
© រក្សាសិទ្ធិដោយ thmeythmey.com