ក្នុងសន្និសីទសារព័ត៌មានក្នុងព្រឹកថ្ងៃទី ៧ ខែ វិច្ឆិកានេះ លោក Julien Lussiez ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន Digi បានលើកឡើងថា ក្រុមហ៊ុនបានមើលឃើញនូវការលំបាករបស់ពលរដ្ឋកម្ពុជា ក្នុងការទទួលបាននៅបទពិសោធន៍ជីវិតថ្មីតាមបែបឌីជីថល ដូច្នេះទើប Digi ក៏បានដាក់ចេញនៅគម្រោង Family Plus នេះឡើង។ អតិថិជនគ្រាន់តែទិញនូវគម្រោងនេះ នឹងទទួលបានការប្រើប្រាស់អ៊ីនធើណិត និងការទស្សនាប៉ុស្តិ៍ និង កម្មវិធីទូរទស្សន៍ ភាពយន្តល្បីៗ ការអប់រំ និងកម្មវិធីកម្សាន្តនានា ក្នុងពិភពលោក។
លោកបាននិយាយថា៖« អតិថិជនអាចទស្សនាការផ្សាយផ្ទាល់កម្មវិធីទូរទស្សន៍ ឬបើសិនលោកអ្នកចង់មើលកម្មវិធី the voice Cambodia ក្នុងយប់នេះ ប៉ុន្តែអ្នកត្រូវទៅកម្មវិធីរបស់មិត្តអ្នក អ្នកនឹងខកខានមិនបានមើលកម្មវិធីហ្នឹងទេ។ ដូច្នេះបើអ្នកមានគម្រោង Family Plus អ្នកអាចមើលកម្មវិធីទូរទស្សន៍នេះឡើងវិញបាន អ្នកនឹងមិនខកខាននោះទេ»។
លោកបន្តថា គម្រោងនេះ គឺជាការផ្ដល់នៅសេវាកម្មទូរទស្សន៍បែបឆ្លាតវ័យ ដែលមានមុខងា និងជម្រើសជាច្រើន ខុសពីទូរទស្សន៍ដែលពលរដ្ឋកម្ពុជាកំពុងមានសព្វថ្ងៃ អតិថិជននឹងទទួលបាននូវបទពិសោធថ្មី រួមជាមួយការចំណាយតិច។ «អតិថិជនទិញតែមួយ ទទួលបានរហូតដល់ទៅ ២ គឺការប្រើប្រាស់អ៊ីនធឺណិត និងការទស្សនាកម្មវិធីទូរទស្សន៍»។ នេះជាការពន្យល់របស់លោក Julien Lussiez ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន Digi ។
Family Plus គឺជាគម្រោងរួមគ្នារវាង Digi និង SingMeng ដែលសុទ្ធសឹងតែជាក្រុមហ៊ុនមានជំនាញលើពហុប្រព័ន្ធផ្សព្វផ្សាយ និងឈានមុខគេនៅកម្ពុជា ដើម្បីនាំយកនូវបច្ចេកវិទ្យាថ្មីសម្រាប់ពលរដ្ឋកម្ពុជា។
លោកAndrey Sheen ប្រធានផ្នែកប្រតិបត្តិនៃក្រុមហ៊ុន SingMeng លើកឡើងថា ក្រុមហ៊ុន Digi និង SingMeng បានសម្រិតសម្រាំងគុណភាពអ៊ីនធើណិត ទាំងគុណភាពផលិតផល និងរូបភាពកម្រិត 4K របស់ខ្លួនទៅតាមការចង់បានរបស់អតិថិជន។ កម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្កាល់ ដូច្នេះពលរដ្ឋកម្ពុជាគួរតែទទួលបានជីវិតបែបរស់រវើក។
គម្រោង Family Plus មាន៣ជម្រើសសម្រាប់អតិថិជន ដោយក្នុងនោះអតិថិជនអាចជ្រើសរើសការចំណាយ ១៥.៩៩ ដុល្លារ ទទួលបានអ៊ីនធឺណិត ៩ មេកាបៃ ,១៩.៩៩ ដុល្លារ ទទួលបានអ៊ីនធឺណិត១២ មេកាបៃ, និង ២៩.៩៩ ដុល្លារ ទទួលបានអ៊ីនធឺណិត ១៥មេកាបៃក្នុងមួយខែ រួមទាំងការទទួលបានការតម្លើងដោយមិនគិតថ្លៃ។