កីឡាជាតិ
ជាតិ
លោក ថោង ខុន ដាក់សំណើ៣ចំណុចទៅភាគីកូរ៉េ ដើម្បីជួយអភិវឌ្ឍន៍កីឡាតេក្វាន់ដូនៅកម្ពុជា លោក ថោង ខុន (ស្តាំ)និងលោក Chungwon Choue ក្នុងជំនួបសវនាការកាលពីពេលកន្លងទៅ , រូបភាពពី AKP
× ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោក ថោង ខុន ស្នើឲ្យភាគីកូរ៉េបន្តជួយអភិវឌ្ឍន៍វិស័យកីឡាតេក្វាន់ដូ WTF នៅកម្ពុជា ដើម្បីត្រៀមព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ ពិសេសកីឡាអូឡាំពិកនៅទីក្រុងតូក្យូប្រទេសជប៉ុន។ ភាគីកូរ៉េបានបង្ហាញជំហរគាំទ្ រចំពោះសំណើនេះ និងប្តេជ្ញាជួយពង្រីកវិសាលភាព បើកីឡានេះត្រូវបានដាក់ក្នុងកម្មវិធីសិក្សានៅកម្ពុជា។
ដើម្បីជួយអភិវឌ្ឍន៍វិស័យកីឡាតេក្វាន់ដូ WTF នៅកម្ពុជាឲ្យកាន់តែរីកចម្រើន លោក ថោង ខុន ប្រធាន NOCC បានដាក់សំណើ៣ចំណុចទៅលោក Chungwon Choue ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ WTF ពិភពលោក ក្នុងន័យស្នើឲ្យបន្តជួយឧបត្ថម្ភ គាំទ្រដល់កម្ពុជា។ ការស្នើនេះ ធ្វើឡើងក្នុងជំនួបសវនាការរវាងលោក ថោង ខុន ជាមួយលោក Chungwon Choue នៅទីស្នាក់ការ NOCC កាលពីពេលកន្លងទៅថ្មីៗ។
សំណើទាំងនោះរួមមាន ទី១.ស្នើឲ្យមានកម្មវិធីហ្វឹកហាត់សម្រាប់អត្តពលិកកម្ពុជានៅប្រទេសកូរ៉េ ដើម្បីត្រៀមប្រជែងយកកៅអី Mollifies ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងតូក្យូប្រទេសជប៉ុន នាឆ្នាំ២០២០។ ទី២.ស្នើឲ្យស្ថាប័ននេះ ជួយឧបត្ថម្ភ គាំទ្រផ្នែកសម្ភារទំនើបៗ ដែលផ្គត់ផ្គង់ឲ្យការហ្វឹកហាត់របស់កីឡាករ កីឡាការិនីកម្ពុជា និងចុងក្រោយលោកស្នើឲ្យសហព័ន្ធកីឡាតេក្វាន់ដូ WTF ពិភពលោក និងកូរ៉េ បន្តកិច្ចសហការឲ្យកាន់តែល្អប្រសើរជាមួយកម្ពុជា។
ឆ្លើយតបនឹងសំណើខាងលើ លោក Chungwon Choue ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ WTF ពិភពលោកហាក់បង្ហាញការឯកភាព ចំពោះការជួយអភិវឌ្ឍន៍កីឡាតេក្វាន់ដូ WTF នៅកម្ពុជា។ លោកប្តេជ្ញាថា លោកនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក្នុងការជួយកម្ពុជា បើសិនអាចដាក់កីឡានេះ ចូលក្នុងកម្មវិធីសិក្សាកម្រិតបឋមសិក្សានៅកម្ពុជា។ ជាមួយគ្នានេះលោកបានសន្យាជួយផ្តល់សម្ភារហ្វឹកហាត់ បញ្ជូនកីឡាករ ឬគ្រូបង្វឹកទៅហ្វឹកហាត់នៅក្រៅប្រទេស និងបញ្ជូនគ្រូមកបង្វឹកនៅកម្ពុជាជាដើម។
នាពិធីជួបសំណេះសំណាលជាមួយលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃទី១០ ខែវិច្ឆិកា កន្លងទៅ ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ WTF ពិភពលោកខាងលើ បានស្នើក្រសួងអប់រំដាក់បញ្ចូលកីឡាតេក្វាន់ដូនេះ ក្នុងកម្មវិធីសិក្សារបស់ក្រសួងក្នុងកម្រិតបឋមសិក្សា។ តែយ៉ាងណាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូរូបនេះ មិនទាន់ឆ្លើយតបយ៉ាងណានោះទេ ជុំវិញបញ្ហានេះ។
ការស្នើសុំដាក់បញ្ចូលក្នុងកម្មវិធីសិក្សាកម្រិតបឋមសិក្សានេះ គឺដោយសារសាលាបឋមសិក្សាជាប្រភពធនធានថ្នាលដ៏សំខាន់ក្នុងការពិនិត្យមើលពីឧបនិស្ស័យក្មេងៗ ពិសេសដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់ពួកគេ។ បច្ចុប្បន្នមានគ្រឹះស្ថានឯកជនមួយចំនួនបានដាក់បញ្ចូលកីឡានេះក្នុងកម្មវិធីសិក្សារបស់ពួកគេរួចហើយ នៅឡើយតែក្របខណ្ឌរដ្ឋតែប៉ុណ្ណោះ៕
Tag:
តេក្វាន់ដូ WTF
ថោង ខុន
Chungwon Choue
© រក្សាសិទ្ធិដោយ thmeythmey.com