អន្តរជាតិ
មហា​ធៀ មិន​ជឿថា ដូ​ណា​ល់ ត្រាំ នឹង​ជាប់ឆ្នោត​ជាថ្មី​ឆ្នាំ ២០២០​ឡើយ​
13, Nov 2018 , 5:10 pm        
រូបភាព
ដោយ:
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ យល់ថា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នឹងមិន​ជាប់ឆ្នោត​ជាថ្មី​សម្រាប់​អាណត្តិ​ទី​ពីរ​ឡើយ ដែល​វា​ជា​រឿង​វិជ្ជមាន​សម្រាប់​ពាណិជ្ជកម្ម​ពិភពលោក​។ លោក​ទស្សន៍ទាយ​បែបនេះ​ដោយ​សម្អាង​លើ​លទ្ធផល​នៃ​ការបោះឆ្នោត​ពាក់កណ្តាល​អាណ​ត្តិ​ដើមខែ​វិច្ឆិកា​ដែល​បក្ស​សាធារណរដ្ឋ​បាត់បង់​សំឡេង​ភាគច្រើន​ក្នុង​រដ្ឋសភា​នោះ​។

 
​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍ CNBC ថ្ងៃ​ចន្ទ​ទី ១២ ខែវិច្ឆិកា​ក្នុងពេល​ស្ថិតនៅ​ប្រទេស​សិង្ហ​បុរី​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ លោក មហា​ធៀ បាន​គូសបញ្ជាក់ថា លោក​ត្រាំ នឹងមិន​ជាប់ឆ្នោត​សម្រាប់​អាណត្តិ​ទី​ពីរ​ឡើយ​។ 
 
​ត្រង់ចំណុច​នេះ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​វ័យ ៩៣​ឆ្នាំ​រូបនេះ​បាន​ពន្យល់ថា លោក​ហ៊ាន​និយាយ​បែបនេះ ដោយ​ផ្អែកលើ​លទ្ធផល​អវិជ្ជមាន​នៃ​ការបោះឆ្នោត​ពាក់កណ្តាល​អាណ​ត្តិ​រ​នៅ​អាមេរិក​នា​ថ្ងៃ ៦ ខែវិច្ឆិកា​កន្លងទៅ ដែល​គណបក្ស​សាធារណៈ​របស់លោក​ត្រាំ បាន​បាត់បង់​សំឡេង​ភាគច្រើន​ក្នុង​រដ្ឋសភា​។ លទ្ធ​ផ​អវិជ្ជមាន​នេះ​បង្ហាញ​ឲ្យ​ឃើញថា​ប្រជាជន​មិន​ពេញចិត្ត​ការដឹកនាំ​របស់​លោក ត្រាំ ដែរ ដ្បិតថា វា​ជា​ប្រជាមតិ​សម្រាប់​ការដឹកនាំ​របស់លោក​ក្នុងពេល​ជិត​ពីរ​ឆ្នាំ​មកនេះ​។ 
 
​ក្រៅពី​បង្ហាញ​ការ​ទស្សន៍ទាយ​ពី​អនាគត​នយោបាយ​លោក​ត្រាំ លោក មហា​ធៀ បានចាត់ទុក​ប្រធានាធិបតី​អាមេរិក​ទី ៤៥ រូបនេះ​ជាម​នុស្ស​ដែល​«​ពិបាក​ស្មាន​ទុក​មុន​»​។ លោក មហា​ធៀ និយាយ​បែបនេះ​៖«​យើង​មិន​ធ្លាប់​រំពឹងថា លោក​នឹង​ទៅ​ជួប​ផ្ទាល់​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​នោះឡើយ​។ ក្រោយមក លោក​បាន​ទៅ​ជួប​….​ហើយ​នៅពេល​ខ្លះ លោក​ថា លោក​មិន​ចង់​ជួប​វិញ​។ ជាមួយ​លោក​ត្រាំ យើង​មិនអាច​រំពឹងទុក​មុន​បានឡើយ​»​។​
 
​ពេល​សាកសួរ​រឿង​អវត្តមាន​របស់លោក ត្រាំ នៅ​ជំនួប​កំពូល​អាស៊ាន​ឆ្នាំនេះ នាយករដ្ឋមន្ត្រី​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា «​បិតា​នៃ​ម៉ាឡេស៊ី​យុគសម័យ​ទំនើប​» បាន​អះអាងថា លោក​ពុំ​ខ្វល់ខ្វាយ​នឹង​ការសម្រេច​មិន​ចូលរួម​ក្នុងជំនួប​កំពូល​អាស៊ាន​នៅ​សិង្ហ​បុរី របស់លោក ត្រាំ ឡើយ​។ លើសពីនេះ លោក​មហា​ធៀ ក៏បាន​ទម្លាក់កំហុស​លើ​លោក​ត្រាំ​ថា ជា​អ្នកបង្ក​ភាព​តានតឹង​កាន់តែខ្លាំង​ឡើងៗ​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉េកាំង ជុំវិញ​សង្គ្រាម​ពាណិជ្ជកម្ម​៕
 

Tag:
 ដូ​ណា​ល់ ត្រាំ​
  មហា​ធៀ មហាម៉ាត់​
  កិច្ចប្រជុំ​កំពូល​អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com