ជាតិ
សង្គមជាតិ
ក្រុមប្រឹក្សា​អ្នកច្បាប់ មាន​សមាសភាព​ដឹកនាំ​៤៥​រូប និង​ទីប្រឹក្សា​១០​រូប​
13, Nov 2018 , 10:19 pm        
រូបភាព
លោក ប៊ិន ឈិន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុម​ប្រឹក្សាអ្នក​ច្បាប់កម្ពុជា
លោក ប៊ិន ឈិន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុម​ប្រឹក្សាអ្នក​ច្បាប់កម្ពុជា
ដោយ: ថ្មីៗ
​តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​នាយករដ្ឋមន្ត្រី ព្រះករុណា ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រឹត្យ​មួយ​នៅ​ថ្ងៃ​ទី១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដើម្បី​បញ្ចប់​សមាសភាព​ក្រុមប្រឹក្សា​អ្នកច្បាប់​ក្នុង​អាណត្តិ​មុន ហើយ​តែងតាំង​សមាសភាព​ថ្មី សម្រាប់​អាណត្តិ​ទី​៦​នេះ​។

 
​យោងតាម​ព្រះរាជក្រឹត្យ សមាសភាព​ថ្មី​នៃ​ក្រុមប្រឹក្សា​អ្នកច្បាប់ មាន​លោក ប៊ិន ឈិន ដែលជា​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ជា​ប្រធាន និង​អមដោយ​អនុប្រធាន​៧​រូប រួមមាន លោក គី តិច លោក ទួន ស៊ី​ផាន់ លោក សុក ផេង លោក អ៊ឹម ស៊ី​ថុល លោក ស៊ា ម៉ៅ លោក ហែម ក្រាញ់​តូ​នី និង លោក លី ច័ន្ទ​តុលា ហើយ​៣៦​រូប​ទៀត ជា​សមាជិក​។ 
 
​ក្នុងចំណោម អនុប្រធាន​ទាំង​៧​រូប មានតែ​លោក គី តិច​ទេ ដែលមាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី ឯ​៦​រូប​ទៀត មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​។ ចំណែក​សមាជិក​ទាំង​៣៧​រូប មាន​១​រូប គឺ លោក លីវ សុ​វណ្ណា មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ១៥​រូប មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ១៨​រូប មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ និង​២​រូប មាន​ឋានៈ​ស្មើ​អគ្គនាយក​។ 
 
​ជាការ​កត់សម្គាល់ លោក សួន វិសាល ដែលជា​ប្រធាន​គណៈមេធាវី​កម្ពុជា ក៏ត្រូវ​បានតែងតាំង​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​អ្នកច្បាប់​នេះដែរ​។​
​ក្រៅពី​សមាសភាព​ទាំង​៤៥​រូប​នៃ​ក្រុមប្រឹក្សា​អ្នកច្បាប់ ព្រះរាជក្រឹត្យ ក៏មាន​តែង​តែង​បណ្តុំ​មនុស្ស​មួយក្រុម​ទៀត​ដែរ ដែល​ហៅថា ទីប្រឹក្សា​នៃ​ក្រុមប្រឹក្សា​អ្នកច្បាប់​។ ទីប្រឹក្សា​នៃ​ក្រុមប្រឹក្សា​អ្នកច្បាប់ មាន​១0​រូប គឺ​លោក ហេង វង្សប៊ុនឆាត លោក សំ សុខ​ផល អ្នកស្រី លី វូ​ច​ឡេង លោក ឆេង សារឿន លោក ឡាំ ជា លោក ស៊ុយ ម៉ុង​លាង លោក ជីវ សុង​ហាក់ លោក ឈិ​ត បូ​រ៉ាវុធ លោក នាវ ស៊ី​ថុង និង លោក ប៊ុន ហ៊ុន​។  
 
​ជាទី​ប្រឹក្សា​នៃ​ក្រុមប្រឹក្សា​អ្នកច្បាប់ លោក ហេង វង្សប៊ុនឆាត មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី ហើយ​លោក សំ សុខ​ផល និង អ្នកស្រី លី វូ​ច​ឡេង មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី ឯ​ក្រៅពីនេះ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​។​
 
​ចំពោះ​លោក អ៊ឹម ស៊ី​ថុល ជា​អនុប្រធាន​ផង និង​ជា​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​អ្នកច្បាប់​នេះ​ផង​។ ចំណែក​លោក ប៉ិច ណាវី ជា​អគ្គលេខាធិការរង​។ មនុស្ស​ទាំងអស់​ក្នុង​ស្ថាប័ន​នេះ មាន​៥៦​រូប​៕ 
 
 

Tag:
 ក្រុមប្រឹក្សា​អ្នកច្បាប់​
© រក្សាសិទ្ធិដោយ thmeythmey.com