ជាតិ
សង្គមជាតិ
ខ្មែរ៤នាក់ រងរបួស ដោយសារការបំផ្ទុះគ្រាប់បែកនៅម៉ាលី ទីតាំងដែលរងការប្រហារនៅក្បែរទីស្នាក់ការ UN ក្នុងក្រុង Gao ប្រទេសម៉ាលី។ រូបថត AFP
× អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសថា ពលរដ្ឋខ្មែរ៤នាក់ ដែលបម្រើការងារជាមួយអង្គការសហប្រជាជាតិ បានរងរបួសក្នុងហេតុការណ៍នៃការបំផ្ទុះគ្រាប់បែកធ្វើអត្តឃាត ដែលបង្កដោយក្រុមភេរវករ នៅប្រទេសម៉ាលី កាលពីយប់ម៉ោង៧និង១២នាទី នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រូវនឹងពេលព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅកម្ពុជា។
តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលចេញនៅថ្ងៃទី១៤ ខែវិច្ឆិកានេះ លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា ក្នុងចំណោមពលរដ្ឋខ្មែរទាំង៤នាក់នោះ មានម្នាក់រងរបួសធ្ងន់ ហើយ៣នាក់ទៀត រងរបួសស្រាល។ អ្នកនាំពាក្យ បញ្ជាក់យ៉ាងដូច្នេះថា៖«រហូតមកដល់ពេលនេះ ពលរដ្ឋខ្មែរ ដែលរងរបួស ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យហើយ»។
បន្ថែមពីលើសេចក្តីប្រកាសព័ត៌មាន លោក ឈុំ សុជាត បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទយ៉ាងដូច្នេះថា៖«ខ្ញុំមិនច្បាស់ទេ តែតាមដឹង ពួកគាត់ទាំង៤នាក់ហ្នឹង ជាអ្នកបកប្រែ និងអ្នកខ្លះជាអ្នកបើកឡានឲ្យអង្គការសហប្រជាជាតិ»។
អ្នកនាំពាក្យ បន្តថា ចំពោះកងទ័ពមួកខៀវកម្ពុជា ដែលរក្សាសន្តិភាពនៅទីនោះ ពុំមានត្រូវរបួសឡើយ។ អ្នកនាំពាក្យ បានលើកឡើងពីហេតុការណ៍នោះថា មានក្រុមភេរវករ បានបើករថយន្តមួយ ចូលទៅបំផ្ទុះក្នុងទីតាំងស្នាក់នៅរបស់អង្គការសហប្រជាជាតិ នៅតំបន់ហ្កាវ ប្រទេសម៉ាលី។
ហេតុការណ៍នេះ បានបណ្តាលឲ្យភេរវករម្នាក់ បានស្លាប់នៅនឹងកន្លែង ហើយជនជាតិម៉ាលី២នាក់ ក៏បានស្លាប់ដែរ និង១០នាក់ទៀត បានរងរបួស ជាមួយពលរដ្ឋកម្ពុជាខាងលើ៕
Tag:
មាលី
ភេរវកម្ម
ទ័ពមួកខៀវកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com