អន្តរជាតិ
លោកស្រី មឺ​ហ្គែ​ល ចេញមុខ​គាំទ្រ​សំណើ​លោក ម៉ា​ក្រុង ក្នុងការ​បង្កើត​«​កងទ័ព​អឺរ៉ុប​»
14, Nov 2018 , 12:03 pm        
រូបភាព
ប្រធានាធិបតីអាមេរិក, អធិការបតីអាល្លឺម៉ង់ និងប្រធានាធិបតីបារាំង (រូបភាព AFP)
ប្រធានាធិបតីអាមេរិក, អធិការបតីអាល្លឺម៉ង់ និងប្រធានាធិបតីបារាំង (រូបភាព AFP)
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា បាន​បន្ត​និយាយ​វាយប្រហារ​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ជុំវិញ​មហិច្ឆតា​បង្កើត​កងទ័ព​ប្រចាំ​អឺរ៉ុប​។ លោក ត្រាំ ដែល​មិន​ពេញចិត្ត​នឹង​គំនិត​នេះ បាន​រំឭក​បារាំង​ពី​បរាជ័យ​ក្នុងសម័យ​សង្គ្រាមលោក​ទាំ​ង​ពីរលើក រហូត​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អាល្លឺម៉ង់​ទៅទៀត​។ បំណង​បង្កើត​យោធា​អឺរ៉ុប​ផ្ទាល់ ក៏​ត្រូវបាន​អធិការបតី​អាល្លឺម៉ង់ អែន​ជេ​ឡា មឺ​ហ្គែ​ល គាំទ្រ​ជា​សាធារណៈ​ដែរ និង​ចង់​ធ្វើ​ឲ្យ​ដូច​ណា​តូ​ទៅទៀត​។​

 
​មិន​ប៉ុន្មាន​ថ្ងៃក្រោយ​ចាកចេញ​ពី​បារាំង ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​និយាយ​រិះគន់​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង យ៉ាងខ្លាំង​។ ទំនង​មិនទាន់​អស់​កំហឹង​នឹង​ការប្រកាស​បង្កើត​ទ័ព​អឺរ៉ុប​ពី​សំណាក់​មេដឹកនាំ​បារាំង​ដែល​ទទួលបាន​ការគាំទ្រ​ពី​អាល្លឺម៉ង់​ហើយ​នោះ លោក ត្រាំ បាន​ប្រើ​បណ្ដាញ​សង្គម Twitter វាយប្រហារ​លោក ម៉ា​ក្រុង ជា​ចំហ និង​បាន​ឌឺដង​ពី​ការធ្លាក់​ប្រជាប្រិយភាព​របស់លោក ម៉ា​ក្រុង ផង​។​
 
​ទំនាក់ទំនង​រវាង​លោក ត្រាំ និង​លោក ម៉ា​ក្រុង ធ្លាប់តែ​ល្អូក​ល្អឺ​ន​ខ្លាំង​នាពេល​កន្លងមក ប៉ុន្តែ​បន្តិច​ម្ដងៗ ទំនាក់ទំនង​នេះ​បែរជា​ឈានទៅរក​ភាពជូរចត់​ទៅវិញ​។ លោក ត្រាំ បាន​វាយប្រហារ​លោក ម៉ា​ក្រុង ម្ដង​ហើយ​មុនពេល​ធ្វើដំណើរ​ទៅកាន់​ក្រុងប៉ារីស​ដើម្បី​ចូលរួម​ខួប​ទី​១០០ នៃ​ការបញ្ចប់​សង្គ្រាមលោកលើកទី​ពីរ​។ ប៉ុន្តែ​ពេល​ជួបគ្នា​នៅ​ចុង​សប្ដាហ៍​មុន មេដឹកនាំ​ទាំងពីរ​ហាក់​សម្រួល​គ្នា​វិញ និង​ចាត់ទុក​ការខ្វែងគំនិត​គ្នា​ជា​រឿង​យល់ច្រឡំ​ប៉ុណ្ណោះ​។​
 
«​លោក ម៉ា​ក្រុង ចង់​បង្កើត​កងទ័ព​ដើម្បី​ការពារ​អឺរ៉ុប​ប្រឆាំង​អាមេរិក រុស្ស៊ី និង​ចិន​។ តែ​តាមពិត​អាល្លឺម៉ង់​ឯណោះ​ទេ​ដែលមាន​អំណាច​ក្នុង​សង្គ្រាមលោកលើកទី​១ និង​ទី​២​។ តើ​វា​អាច​កើតឡើង​ចំពោះ​បារាំង​តាម​ណា​? ពួកគេ​បានចាប់ផ្ដើម​រៀន​ភាសា​អាល្លឺម៉ង់​នៅ​ប៉ារីស​មុន​អាមេរិក​ចូល​ជួយ​។ បង់លុយ​ឲ្យ​ណា​តូ​ឬ​អត់​!» នេះ​ជា​អត្ថន័យ​ក្នុង Twitter របស់លោក ត្រាំ ដែល​ចង់​សំដៅ​ដល់​បរាជ័យ​របស់​បារាំង​ក្នុង​សង្គ្រាម ហើយ​អាល្លឺម៉ង់​ក៏​កាន់កាប់​ទឹកដី​មួយ​ភាគ​ធំ​ផង​។​
 
​លោក ត្រាំ ថា ម៉ា​ក្រុង យក​បញ្ហា​កងទ័ព​អឺរ៉ុប​ដើម្បី​ស្ដារ​ប្រជាប្រិយភាព​ខ្លួនឯង​
 
​ជា​រឿង​ភ្ញាក់ផ្អើល​ដែល​មេ​ដឹក​នា​ប្រទេសមួយ​វាយប្រហារ​ជា​សាធារណៈ​លើ​មេដឹកនាំ​ប្រទេស​មួយទៀត ហើយ​ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​ទៅទៀត​។ លោក ត្រាំ បាន​ភ្ជាប់​ករណី​កងទ័ព​ប្រចាំ​អឺរ៉ុប​នេះ​ទៅនឹង​បញ្ហា​ក្នុងស្រុក​របស់​បារាំង ការធ្លាក់ចុះ​ប្រជាប្រិយភាព​របស់លោក ម៉ា​ក្រុង ហើយ​ថែមទាំង​រិះគន់​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​បារាំង​ផង ជាពិសេស​ការលក់​ស្រា​តែម្ដង​។ លោក ត្រាំ ចោទ​បារាំង​ថា យក់ពន្ធ​នាំចូល​ស្រា​ពី​អាមេរិក​ខ្ពស់ ខណៈ​ស្រា​បារាំង​លក់​នៅ​អាមេរិក​ដោយ​ស្រួល​។​
 
​មេដឹកនាំ​អាមេរិក​រូបនេះ​អះអាងថា ប្រជាប្រិយភាព​របស់លោក ម៉ា​ក្រុង ធ្លាក់​ដល់​កម្រិត​ទាប​បំ់ផុត​ត្រឹមតែ​២៦​ភាគរយ ហើយ​អត្រា​អត់​ការងារ​ធ្វើ​វិញ​មាន​ដល់​ទៅ​១០​ភាគរយ​ឯណោះ​។ ដោយសារ​បែបនេះ លោក ត្រាំ ក៏​វាយតម្លៃថា លោក ម៉ា​ក្រុង ចង់​បង្វែរ​ស្ថានការណ៍​ទៅ​ប្រធានបទ​ផ្សេង​ក្នុងន័យ​ស្ដារ​មុខមាត់​របស់ខ្លួន​។ យ៉ាងណាមិញ លោក​ក៏បាន​សរសើរ​បារាំង​ដែរ​ថា ជា​ប្រទេស​មាន​ជាតិនិយម​ខ្លាំងជាងគេ​បំផុត និង​មាន​ប្រជាជន​ប្រកបដោយ​មោទកភាព​។​
 
​ពាក្យរិះគន់​របស់លោក ត្រាំ លើ​លោក ម៉ា​ក្រុង ក៏​រង​ប្រតិកម្ម​ខ្លាំង​ដែរ ខណៈ​ពាក្យ​នេះ​កើតចេញ​ថ្ងៃ​ពេលដែល​បារាំង​កំពុង​រំឭក​ខួប​ទី​៣ នៃ​ការវាយប្រហារ​ភេរវកម្ម​ក្នុង​ទីក្រុង​ប៉ារីស​កាលពី​ឆ្នាំ​២០១៥ ដែល​សម្លាប់​មនុស្ស​១៣០​នាក់​។ អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក John Kelly បាន​រំឭក​លោក ត្រាំ ពី​ការជួយ​របស់​បារាំង​ក្នុង​សង្គ្រាម​ឯករាជ្យ និង​ការស្លាប់​របស់​ទាហាន​បារាំង​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។ លោក Kelly បន្តថា លោក ត្រាំ ស្រឡាញ់​លោក គីម ជុង​អ៊ុន តែ​បែរជា​មាក់ងាយ​សម្ព័ន្ធ​មិត្តឯង​ទៅវិញ​។ 

​លោកស្រី មឺ​ហ្គែ​ល​៖ អឺរ៉ុប​ត្រូវការពារ​ខ្លួនឯង​ដោយ​ដៃ​ខ្លួន​ផ្ទាល់​
 
​បន្ទាប់ពី​លោក ត្រាំ ចាត់ទុក​គម្រោង​បង្កើត​កងទ័ព​អឺរ៉ុប​ជា​រឿង​មាក់ងាយ​អាមេរិក​នោះ អធិការបតី​អាល្លឺម៉ង់ អែន​ជែ​ឡា មឺ​ហ្គែ​ល បានប្រកាស​ច្បាស់ៗ​ថា អឺរ៉ុប​ត្រូវ​កងទ័ព​មួយ​ពិតប្រាកដ​។ ក្នុង​កិច្ចប្រជុំសភា​អឺរ៉ុប​ក្នុង​ទីក្រុង Strasbourg មេដឹកនាំ​អាល្លឺម៉ង់​រូបនេះ​ក៏​ស្នើ​បង្កើត​ក្រុមប្រឹក្សាសន្តិសុខ​អឺរ៉ុប ដែល​នឹង​ទទួលបន្ទុក​គោលនយោបាយ​សន្តិសុខ និង​ការការពារ​របស់​ទ្វីប​មួយ​នេះ​។ បើ​លេច​ជា​រូបរាង​មែន សម្ព័ន្ធ​យោធា​ណា​តូ​ដែល​ដឹកមុខ​ដោយ​អាមេរិក នឹង​វីវរ​មិន​ខាន​។​
 
​ចំពោះមុខ​សមាជិកសភា​អឺរ៉ុប​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា លោកស្រី មឺ​ហ្គែ​ល និយាយថា បើ​មើលទៅ​ការវិវត្ត​ក្នុង​រយៈពេល​កន្លងទៅ អ្វីដែល​សំខាន់ គឺ​ការគិតគូរ​ពី​ទស្សនៈវិស័យ​ដើម្បី​ថ្ងៃមួយ​ឈានដល់​ការបង្កើត​កងទ័ព​អឺរ៉ុប​ដ៏​ពិតប្រាកដ​។ ប៉ុន្តែ​កងទ័ព​របស់​អឺរ៉ុប មិនមែនជា​ការជំនួស​ឲ្យ​សម្ព័ន្ធ​យោធា​មាន​ស្រាប់​ឡើយ តែ​នឹង​ដើរ​ស្របគ្នា​កិច្ចសហប្រតិបត្តិការ​អន្ត​រអា​ត្ល​ង់​ទិ​ក​ក្នុង​ក្របខណ្ឌ​សម្ព័ន្ធ​យោធា​ណា​តូ​របស់​អាមេរិក​។​
 
​ជុំវិញ​គម្រោង​បង្កើត​យោធា​នេះដែរ ប្រធាន​គណៈកម្មការ​អឺរ៉ុប ហ្ស​ង់​-​ក្លូដ ចាំង​គើ ក៏បាន​ដាក់​លក្ខខណ្ឌ​ដែរ​ថា កងទ័ព​អឺរ៉ុប​នឹង​ត្រូវតែដើរ​ស្របគ្នា​ជាមួយ​ណា​តូ ហើយ​មិនជា​ការប្រឆាំង ឬ​គូប្រកួត​របស់​ណា​តូ​ឡើយ​។ ទោះជា​ណា​ក្ដី លោកស្រី មើ​ហ្គែ​ល ចង់ឃើញ​អឺរ៉ុប​មួយ​ដែលមាន​សមត្ថភាព​ខ្លាំង​ដោយ​ខ្លួនឯង​ដើម្បី​ការពារ​សុវត្ថិភាព​តំបន់​ទាំងមូល​៕   
 

Tag:
 ​អាមេរិក​
  អឺរ៉ុប​
  បារាំង​
  ដូ​ណា​ល់ ត្រាំ​
  អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com