អន្តរជាតិ
វិបត្តិ​នយោបាយ​ស្រីលង្កា​៖​សភា​បដិសេធ​ការតែងតាំង​នាយករដ្ឋមន្ត្រី​ថ្មី​ដែល​ធ្លាប់ជា​មេដឹកនាំ​ផ្តាច់ការ​
14, Nov 2018 , 7:39 pm        
រូបភាព
​សមាជិកសភា​ស្រីលង្កា​បានសម្រេច​បោះឆ្នោត​បដិសេធ​រដ្ឋាភិបាល និង​នាយករដ្ឋមន្ត្រី​ថ្មី​លោក Mahinda Rajapaksa នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី ១៤ ខែវិច្ឆិកា​នេះ​។ ការសម្រេច​នេះ​បញ្ជាក់​ច្បាស់​ថា លោក Ranil Wickramasinghe នៅតែ​ជា​នាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ស្របច្បាប់​របស់​ស្រីលង្កា​ដដែល​។


 
​ស្ថានការណ៍​នយោបាយ​ស្រី​លង្កា​បាន​ឈានដល់​ដំណាក់កាល​ថ្មី​មួយទៀត ដោយ​សមាជិក​រដ្ឋសភា​ចាប់ផ្តើម​បដិសេធ​ផ្តល់​សេចក្តីទុកចិត្ត​ដល់​រដ្ឋាភិបាល និង​ប្រមុខ​រដ្ឋាភិបាល​ថ្មី​លោក Rajapaksa ដែល​ត្រូវបានតែងតាំង​ដោយ​ប្រធានាធិបតី Maithripala Sirisena​។  

អត្ថបទទាក់ទង

 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ការសម្រេច​របស់​សមា​ជិ​ក​សភា​នេះ​បានន័យថា លោក Wickramasinghe នៅតែ​ជា​នាយករដ្ឋមន្ត្រី​ស្របច្បាប់ ហើយ​លោក Rajapaksa ដែល​ត្រូវបានតែងតាំង​ថ្មី​ដោយ​ប្រធានាធិបតី​នោះ​មិន​ទទួលបាន​តំណែង​ស្របច្បាប់​ឡើយ​។​
 
​អ្នកជំនាញ​មើលឃើញថា ការបោះឆ្នោត​គាំទ្រ​នាយករដ្ឋមន្ត្រី​ដែល​ត្រូវ​បណ្តេញចេញ​នេះ​នឹង​បង្កើត​បញ្ហា​កាន់តែច្រើន​ដល់​ប្រ​ធានា​ធីប​តី​។ វា​អាច​នឹងមាន​ការដាក់​ស​ម្ពា​ធ​លើ​ប្រធានាធិបតី​កាន់​ខ្លាំង​ថែម មុន​ការបោះឆ្នោត​មកដល់​ឆ្នាំក្រោយ​ផង​។  
 
​ការបោះឆ្នោត​បដិសេធរ​ដ្ឋា​ភិ​បាល និង​នាយករដ្ឋមន្ត្រី​ថ្មី​ក្នុង​សភា​នេះ កើតឡើង​មួយថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​តុលាការ​កំពូលស្រី​លង្កា​ចេញ​សេចក្តីសម្រេច​ទាត់ចោល​បទបញ្ជា​របស់​លោក Sirisena ក្នុងការ​រំលាយ​សភា​ចោល និង​រៀបចំ​ការបោះឆ្នោត​មុន​អាណត្តិ​មួយ​នោះ​។ តុលាការ​សម្រេច ដោយ​ផ្អែកលើ​បណ្តឹង​របស់​សមាជិកសភា​ដែល​មិន​ពេញចិត្ត​នឹង​ឥរិយាបថ​របស់​នាយក​រដ្ឋមន្ត្រី​ដែល​ព្យាយាម​ពង្រឹង​អំណាច និង​បង្កើត​ឲ្យ​វិបត្តិ​នយោបាយ​កើតឡើង​កាន់តែ​ជ្រៅ​នោះ​។ 
 
​តាមពិតទៅ វិបត្តិ​នយោបាយ​ស្រីលង្កា​ផ្ទុះឡើង​កាលពី​ចុងខែ​តុលា​កន្លងទៅ បន្ទាប់ពី​ប្រធានាធិបតី​ស្រី Sirisena បណ្តេញ​នាយករដ្ឋមន្ត្រី Wickramasinghe ពី​តំណែង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ប្រធានាធិបតី​រូបនេះ​ក៏បាន​តែងតាំង​អតីត​បុរស​ខ្លាំង​ដែលមាន​ពាក់ព័ន្ធ​នឹង​ការបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​និង​ពុករលួយ​លោក Rajapaksa ឲ្យ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​ភ្លាម​ទៀត​។​
 
​ការសម្រេច​របស់លោក​បណ្តាល​ឲ្យ​មាន​វិបត្តិ​ធម្មនុញ្ញ ដ្បិតថា ប្រធានាធិបតី​មិនមាន​អំណាច​ដកតំណែង​នាយករដ្ឋមន្ត្រី​ឡើយ​។ ចាប់ពី​មានការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ឆ្នាំ ២០១៥​មក អំណាច​សម្រេច​គឺ​ស្ថិតនៅលើ​សភា​ឯណោះ​។ លោក Wickramasinghe បដិសេធ​ចាកចេញ​ពី​តំណែង​និង​តាំងខ្លួន​ជា​នាយករដ្ឋមន្ត្រី​ស្របច្បាប់​ដដែល​៕

Tag:
 ស្រីលង្កា​
  Mahinda Rajapaksa
  Ranil Wickramasinghe
© រក្សាសិទ្ធិដោយ thmeythmey.com