ពីនេះ ពីនោះ
ក្រៅពីមច្ឆជាតិជាច្រើនរយប្រភេទ ទន្លេមេគង្គកម្ពុជា មានទូកង «កម្ពោជិកបុត្តាខេមរាតរី» បានបង្ហាញពីភាពអស្ចារ្យរបស់ខ្លួន ទៅកាន់ពិភពលោក ទូកង «កម្ពោជិកបុត្តាខេមរាតរី» រូបភាព៖ ឈុត ឈាណា
× ទន្លេមេគង្គ ជាទន្លេវែងមួយ ឆ្លងកាត់ប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលវែងជាងគេចំណាត់លេខ ១២នៅលើពិភពលោក និងមានចំណាត់ថ្នាក់ទី៧ នៅក្នុងតំបន់អាស៊ី។ ទន្លនេះ មានប្រវែងសរុប ៤៣៥០គីឡូម៉ែត្រ ដែលមានប្រភពពីតំបន់ខ្ពង់រាបទីបេ ហូរឆ្លងកាត់ ខេត្តយូណាន ប្រទេសចិន ភូមា ឡាវ ថៃ កម្ពុជា និងចុងក្រោយចូលទៅតំបន់ដីសណ្តទន្លេមេគង្គក្នុងប្រទេសវៀតណាម រួចហូរចាក់ទៅសមុទ្រចិនខាងត្បូង។ ទន្លេនេះ ជាជម្រករបស់មច្ឆជាតិជាង ៨០០ប្រភេទ។
នៅក្នុងប្រទេសកម្ពុជា ទន្លេមេគង្គ មានប្រវែងជាង ៥០០ គីឡូម៉ែត្រ ដែលជាជម្រករបស់ម្ឆជាតិ ប្រមាណជាង ៤០០ ប្រភេទ នេះបើយោងលើការស្រាវជ្រាវពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០១៣ របស់ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប។ ប្រជាជនកម្ពុជាភាគច្រើន ទទួលបានប្រភពប្រូតេអ៊ីនពីសាច់ត្រីទន្លេមេគង្គកម្ពុជា ជាពិសេសត្រីរៀល។ ទន្លេមេគង្គកម្ពុជា ក៏ជាទីជម្រករបស់ត្រីទឹកសាប ដែលមានទំហំដងខ្លួនធំបំផុតនៅក្នុងពិភពលោក មានទម្ងន់រហូតដល់រាប់គីឡូក្រាម និងជាប្រភេទត្រីជិតផុតពូជពីលើផែនដីយើងផងដែរនោះ ឧទាហរណ៍ដូចជា៖ ត្រីគល់រាំង ត្រីរាជ ត្រីបបែលយក្ស ត្រីពោព្រុយ។ល។
ទូកង «កម្ពោជិកបុត្តាខេមរាតរី» នៅក្នុងទន្លេមេគង្គ ក្បែរស្ពានអ្នកលឿង។ រូបភាព៖ ឈុត ឈាណា ។
មិនតែប៉ុណ្ណោះ ថ្មីៗនេះ មានព្រឹត្តិការណ៍ភ្ញាក់ផ្អើលដល់ពិភពលោកមួយទៀត នៅក្នុងទន្លេមេគង្គកម្ពុជា គឺទូកង ដែលវែងជាងគេលើពិភពលោក បានបំបែកកំណត់ត្រាឯតទគ្គកម្មទូកង វែងជាងគេលើពិភពលោក របស់ World Guinness Record កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតំបន់ទីប្រជុំជនអ្នកលឿងត្រើយខាងកើត «អតីតកំពង់សាឡាងអ្នកលឿង» ស្ថិតក្នុងឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង។ ទូកងនេះឈ្មោះ «កម្ពោជិកបុត្តាខេមរាតរី» ដែលមានន័យថា «កូនខ្មែរ រស់នៅក្នុងដែនដីកម្ពុជា» ត្រូវបានចូលរួមកសាងឡើងដោយប្រជាពលរដ្ឋខ្មែរប្រមាណចំនួន១៤,២៦៣ នាក់ «មួយម៉ឺន បួនពាន់ ពីររយ ហុកសិបបី» និងប្រើអស់រយៈពេល ១៩២ថ្ងៃ។ ទូកង «កម្ពោជិកបុត្តាខេមរាតរី» មានប្រវែង ៨៧,៣ ម៉ែត្រ មានទទឹង១,៩៤ម៉ែត្រ ជម្រៅ០,៨០ម៉ែត្រ ប្រើឈើគគីរអស់ចំនួន ៦ដើម ដែលមានចំណុះទូក ១៧៩នាក់។
ទូកង គឺជាមធ្យោបាយក្នុងការធ្វើសឹកសង្គ្រាមក្នុងសម័យបុរាណ ដើម្បីការពារបូរណភាពទឹកដី ជាពិសេស ព្រះបាទជ័យវរ្ម័យទី៧ ដែលជាព្រះរាជាដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្រខ្មែរ។
© រក្សាសិទ្ធិដោយ thmeythmey.com